បុរស​វ័យ​៤៤​ឆ្នាំ មហិច្ឆតា​ធំ​ រត់​ត្រឹក​ៗ​ពី​អាល្លឺម៉ង់ ឲ្យដល់​​ក្រុង​សៀង​ហៃ​ប្រទេស​ចិន

  • 2017-03-26 01:41:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជន​ជាតិ​អាល្លឺម៉ង់​​ម្នាក់​ ដែល​មក​ទល់​ពេល​នេះកំពុង​​​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ចិន ដោយ​ការ​រត់​ កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល នឹង​មហិច្ឆតា​របស់​លោក។​ នេះ​បើ​យោង​តាម​ សារព័ត៌មាន Shanghaiist។

បុរស​អាល្លឺម៉ង់​ខាង​លើ​​មាន​ឈ្មោះ​ថា Kai Markus Xiong បាន​គ្រោង​ទុក​ថា ការ​​រត់​​​ត្រឹក​ៗ​ពី​ទី​ក្រុង​ Hamburg ទៅ​កាន់​ក្រុង​សៀងហៃ​ ឆ្លង​កាត់​​៨​ប្រទេស នឹង​ចំណាយ​ពេល​អស់​​ប្រហែល​ ២៣៥​ថ្ងៃ​។ យ៉ាង​ណា​មិញ​ បើ​លោក​ធ្វើ​ដំណើរ​តាម​​យន្តហោះ​ ផ្ទាល់​ពី​អាល្លឺម៉ង់​ទៅ ចិន​គឺ​ប្រើ​ពេល​តែ​១២​ម៉ោង​ប៉ុណ្ណោះ​។

តាម​នាឡិកា​ស្ទង់​ ពេល​នេះ​ បុរស​វ័យ​៤៤​ឆ្នាំ​ រត់​បាន ១៤៩ ១៩៣​​ជំហាន​​រួច​មក​ហើយ ដោយ​ចេញ​ដំណើរ​តាំង​ពី​ថ្ងៃ ទី​១២ ខែ​មីនា​កន្លង​ទៅ​។ មក​ទល់​ពេល​នេះ លោក​កំពុង​ស្ថិត​​នៅ​ចំណុច​កណ្ដាល​នៃ​ប្រទេស​ប៉ូឡូញ។

ការ​ធ្វើ​ដំណើរ​ ១២០០០​គីឡូម៉ែត្រ​របស់​លោក នឹង​ត្រូវ​ឆ្លង​កាត់​ ប្រទេស​បេឡារូស រុស្ស៊ី កាហ្សាក់ស្ថាន អ៊ូបេគីស្ថាន និង​ប្រទេស​មួយ​ចំនួន​ទៀត​។ សម្រាប់​អ្នក​មាន​ចំណាប់​ចង់​តាម​ដាន ការ​ធ្វើ​ដំណើរ​របស់​លោក ក៏​អាច​ទស្សនា​ក្នុង​វេបសាយ runmysilkroad.com បាន​ផង​ដែរ​៕ ​​​​​​​​​

អត្ថបទ៖ មាន រតនា