ប្រក់​ផ្នូរ​ត្រូវ​កំណត់​ម៉ោង​ច្បាស់លាស់ បើ​មិន​ដូច្នោះ​ដូនតា​មិន​ទទួល​ទេ​

  • 2017-03-28 01:25:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ទំនៀម​ទម្លាប់​របស់​ជនជាតិ​ចិន និង​អ្នក​ជាប់​សែស្រឡាយ​ចិន ​តែង​ប្រារព្ធ​ពិធី​សែន​ផ្នូរ ឬ​ឆេងម៉េង ជា​រៀងរាល់​ឆ្នាំ​ក្នុង​កំឡុង​ខែ​មេសា​ ហើយ​ក្នុង​ឆ្នាំ​នេះ​ឆេងម៉េង​នឹង​ត្រូវ​ធ្វើ​​ត្រឹម​​ថ្ងៃ​ទី ៤ ខែ​មេសា ដែល​ជា​ថ្ងៃ​​ចុង​ក្រោយ​។ ​តាម​​ប្រពៃណី​របស់​បងប្អូន​ដែល​ជាប់​សែ​ស្រឡាយ​ចិន ​តែង​ជួបជុំ​គ្រួសារ​ ដើម្បី​រៀបចំ​ពិធី​សែន​ផ្នូរ ដោយ​រៀបចំ​ជា​ម្ហូប​អាហារ បង្អែម​ចង្អាប នំនែក​ជា​ហូរហែ​​នៅ​ពី​មុខ​ផ្នូរ​របស់​ដូនតា​។ ​ចំពោះ​ពេល​វេលា​ក្នុង​ការ​ប្រក់​ផ្នូរ​ឱ្យ​ដូនតា មិន​មែន​ចេះ​តែ​ប្រក់​តាម​ការ​យល់​ឃើញ​នោះ​ទេ គឺ​មាន​ពេល​វេលា​ច្បាស់លាស់ ទើប​ដូនតា​អាច​ទទួល​យក​បាន​។

តាម​ការ​ឱ្យ​ដឹង​ពី​លោកតា ​កាំង សូយ ដែល​ជា​កូន​ចៅ​ចិន​ បាន​ដឹង​ពី​រឿង​នេះ​ច្បាស់​បាន ប្រាប់​ថា បន្ទាប់​ពី​កូន​ចៅ​អុជ​ធូប​បន់​ស្រន់ និង​រំឭក​ដឹង​គុណ​ដូន​តា​រួច​ហើយ​នោះ​ត្រូវ​ប្រញាប់​ប្រក់​ផ្នូរ​កុំ​ឱ្យ​លើស​ពី​ម៉ោង​ ១២​ថ្ងៃ​ត្រង់​ឱ្យ​សោះ​។ ​លោកតា​ប្រាប់​ថា វេលា​សែនព្រេន​ឱ្យ​ដូន​តា​ត្រូវ​​ធ្វើ​ព្រឹក​ឡើង​ចាប់​ពី​វេលា​ម៉ោង ៧​ព្រឹក​ទៅ ហើយ​ត្រឹម​ម៉ោង ៩ ឬ​ម៉ោង​១០ ព្រឹក​ជា​វេលា​ល្អ​បំផុត​ដើម្បី​ប្រក់​ផ្នូរ​។ ​លោកតា​ប្រាប់​ទៀត​ថា ​ត្រូវ​ប្រញាប់​​នាំ​កូន​ចៅ​​ប្រក់​ផ្នូរ​ឱ្យ​ដូនតា​កុំ​ឱ្យ​លើស​ពី​ម៉ោង ១២​ដាច់​ខាត ព្រោះ​ជា​ពេល​ដែល​ខ្មោច​ដូនតា​មិន​នៅ​នោះ​ទេ។ ដូច្នេះ​បើ​ពន្យារ​ពេល​ប្រក់​ផ្នូរ​រហូត​ដល់​ម៉ោង ១២​ថ្ងៃ​ត្រង់​ហើយ គឺ​ស្មើ​មិន​បាន​ធ្វើ​ពិធី​សែន​ផ្នូរ​ឱ្យ​ដូន​តា​ដូច្នោះ​ដែរ​។

លោក​តា​បាន​ឱ្យ​ដឹង​ទៀត​ថា ជា​ធម្មតា​អ្នក​ជាប់​សែស្រឡាយ​ចិន តែង​ពូន​​កូន​ផ្នូរ​មួយ​ទៀត​សម្រាប់​ម្ចាស់​ទឹក​ម្ចាស់​ដី​​នៅ​ពី​មុខ​ផ្នូរ​ដូនតា​។ ដូច្នេះ​ហើយ​កូន​ចៅ​ក៏​មិន​ត្រូវ​ភ្លេច​សែន​បាយ សែន​ទឹក​ឱ្យ​ម្ចាស់​ទឹក​​ម្ចាស់​ដី​ផង ដែល​គង់​ថែរក្សា​ឱ្យ​ដូនតា​នោះ​ឯង​។ ​ចំពោះ​ម្ចាស់​ទឹក​ម្ចាស់​ដី ក៏​ត្រូវ​ប្រក់​ផ្នូរ​ឱ្យ​ដូច​គ្នា និង​មិន​ឱ្យ​លើស​ពី​វេលា​ម៉ោង​ ១២​ថ្ងៃ​ត្រង់​ឡើយ​ បន្ទាប់​ពី​ប្រក់​ផ្នូរ​រួចរាល់ កូនចៅ​ទាំង​អស់​ត្រូវ​ជុំ​គ្នា ដើម្បី​ដុត​ក្រដាស​សែន​នៅ​ពី​មុខ​ផ្នូរ​ម្ចាស់​ទឹក​ម្ចាស់​ដី ដើម្បី​សុំ​សេចក្ដី​សុខ និង​ដើម្បី​​ឱ្យ​ដូនតា​អាច​ទទួល​បាន​សំណែន​ទាំង​អស់ ដែល​កូន​ចៅ​បាន​សែន​ព្រេន៕​

អត្ថបទ៖ វឌ្ឍនៈ