​តំបន់​ទេសចរណ៍​ទាំង​៥ ​នៅ​ស្រុក​ខ្មែរ​ ​ដែល​គូ​ស្នេហ៍​​​​ចូល​ចិត្ត​ទៅ​ថត​រូប​ ​Pre-Wedding​ ​​ច្រើន​បំផុត​​​​​

  • 2017-03-28 06:27:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថត​រូប​មុន​អាពាហ៍ពិពាហ៍​ ឬ Pre-Wedding​ នាពេល​បច្ចុប្បន្ន​គឺ​ហាក់​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​​សម្រាប់​គូស្នេហ៍​គ្រប់​រូប​។​ យ៉ាង​ណាមិញ​ការ​ស្វែង​រក​កន្លែង​ល្អ​ៗ​សម្រាប់​ថត​ ក៏​ជា​អ្វី​ដែល​ត្រូវ​គិត​គូរ​ផង​ដែរ​ ដើម្បី​ទទួល​បាន​រូបថត​ដែល​​មាន​សោភ័ណ្ឌ​ភាព​ល្អ​។​ ​​បើ​តាម​ការ​អោយ​ដឹង​ពី​​​លោក​ ​សួង​ នាវា​ ​ដែល​ជា​អ្នក​ជំនាញ​ផ្នែក​​​ថតរូប​​ Pre-Wedding​ ​​មួយ​រូប​​​​​​ប្រចាំ​នៅ​ DNA Studio បាន​គូស​​​បញ្ជាក់​​​ថា​​​នៅ​ប្រទេស​កម្ពុជា​ ​មាន​​​គូ​ស្នេហ៍​​ជា​​ច្រើន​គូ​ដែល​​តែង​​តែ​ទាក់​ទង​លោក​​ជា​រឿយ​ៗ​ ​អោយ​​ចេញ​ទៅ​ថត​រូប ​​​​​Pre-Wedding ​​សម្រាប់​ពួក​គាត់​នៅ​តាម​តំបន់​ទេសចរណ៍​មួយ​ចំនួន​​​​ដែល​មាន​​ដូច​ជា​៖​​​​​

១​ ​ខេត្ត​សៀមរាប​​

​ជាទូទៅ​គូ​ស្នេហ៍​ភាគ​ច្រើន​តែង​តែ​​ជាប់​ចិត្ត​ជាមួយ​ សម្រស់​នៃ​ទឹក​ដី​បុរាណ​កាល​​ដ៏​ស្រស់​ស្អាត​នៅ​ទី​នោះ​។​ ​​ចំណែក​​កន្លែង​ដែល​ពេញ​និយម​ខ្លាំង​​​គឺ​បរិវេណ​​ប្រាសាទ​អង្គរ​ ​ប្រាសាទ​បាយ័ន​ ប្រាសាទ​តា​ព្រហ្ម​​​ ប្រាសាទ​បេង​មាលា​ និង Pub Street នៅ​កណ្ដាល​ក្នុង​សៀមរាប​​​ជា​ដើម​។​​​

២​ ក្រុង​ព្រះសីហនុ​

​​​រូប​ភាព​ដ៏​ស្រស់​​ស្អាត​នៃ​សមុទ្រ​ដ៏​ខៀវ​ស្រងាត់​​ ឆ្នេរ​សមុទ្រ​ពណ៌​ស​​ ​និង ពន្លឺ​ពណ៌​​មាស​​នៃ​ព្រះ​អាទិត្យ​លិច​ គឺ​ជា​ទេសភាព​មួយ​ដែល​គូស្នេហ៍​ភាគ​ច្រើន​ប្រាថ្នា​​ចង់​ថត​​រូប​។​ លើស​ពី​នេះ​ទៀត​ គេ​ក៏​អាច​ថត​រូប​​​នៅ​​​​​​​សណ្ឋាគារ​សុខា​ ​និង ​អាច​ជិះ​កាណូត​ទៅ​កាន់​កោះ​រុង​​ថែម​ទៀត​ផង​។​ ​

៣​ ​ភ្នំ​គិរីរម្យ​

តំបន់​ទេសចរណ៍​​​ភ្នំ​គិរីរម្យ​ ​ឬ​ ​ឧទ្យាន​ជាតិ​​ព្រះសុរាម្រិត​​កុសុមៈ​ គឺ​ជា​កន្លែង​ទេសចរណ៍​បែប​ធម្មជាតិ​មួយ​កន្លែង​​​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ ​ដែល​គូ​ស្នេហ៍​​មួយ​ចំនួន​ធំ​តម្រង់​ទៅ​​កាន់​​ទី​នោះ​ផង​ដែរ​។​ អ្វី​ដែល​​ស្រស់​ស្អាត​បំផុត​​នៅ​ទី​នោះ​ គឺ​​មាន​ទឹក​ជ្រោះ​ដ៏​ថ្លា​​ឆ្វេង​​ ព្រៃ​ស្រល់​ដ៏​ខៀវ​ខ្ចី​ និង ​បឹង​ធម្មជាតិ​ដ៏​ស្រស់​បំព្រង​។​

៤​ ​ភ្នំ​បូក​គោ​

​​​​​​​​​​ស្ថិត​ក្នុង​ខេត្ត​កំពត​ ​ឧទ្យាន​ជាតិ​​​​ព្រះមុនីវង្ស​ ឬ​ ​ដែល​មនុស្ស​ទូទៅ​ស្គាល់​ថា​ជា​ភ្នំ​បូក​គោ​​នោះ​​ ក៏​ជា​​កន្លែង​ពិសេស​​មួយ​ដែល​​គូ​សង្សារ​មិន​អាច​មើល​​រំលង​បាន​ផង​ដែរ​។​ ​ចំពោះ​កន្លែង​ដែល​គេ​និយម​ទៅ​ថត​វិញ​គឺ​មាន​ដូច​ជា​ ​អគារ​កាស៊ីណូ​​ចាស់​ ​វិហារ​គ្រឹះ​ចាស់​ ​តំបន់​វាល​ស្រែ​មួយ​រយ​ សណ្ឋាគារ​បូកគោ​ថ្មី​​​ ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​​ទៅ​ទៀត​នោះ​គឺ​រូប​ភាព​ចុះ​អ័ព្ទ​នៅ​លើ​កំពូល​ភ្នំ​បូក​គោ​ ដែល​ប្រៀប​បាន​នឹង​​​ឋាន​សួគ៌​​លោកិយ​។​​​

​៥​ ​ខេត្ត​មណ្ឌលគីរី​

​​ស្ថិត​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​កម្ពុជា​ ​ខេត្ត​មណ្ឌលគីរី​​​ពោរ​ពេញ​ទៅ​​ដោយ​​ទេសភាព​​ស្រស់​បំព្រង​ ដូច​ជា​ព្រៃ​​ឈើ​​ធំ​ៗ​ កូន​ភ្នំ​ស្អាត​ៗ​ ​ទឹក​ជ្រោះ​ប៊ូស្រា​ និង​​ វាល​ស្មៅ​ដ៏​ធំ​ល្វឹង​ល្វើយ​ជា​ដើម​។​ មិន​តែ​ប៉ុណ្ណោះ​ គូ​ស្នេហ៍​គ្រប់​រូប​​ក៏​អាច​​ផ្ដិត​យក​ទិដ្ឋភាព​ថ្ងៃ​លិច​នៅ​​លើ​ភ្នំ​​ផង​ដែរ​។​​​​​​

អត្ថបទ៖ ចន្ថា

អត្ថបទពេញនិយម