មក​ស្គាល់​យុវតី​ខ្មែរ​វ័យ​ក្មេង​ទាំង​ ៤​រូប​សុទ្ធ​តែ​ជា​និស្សិត​ឆ្នើម​ចែក​រំលែក​បទពិសោធន៍​រៀង​ខ្លួន​

  • 2017-03-30 07:40:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ក្លាយ​ជា​បុគ្គល​ជោគជ័យ​ក្នុង​ជីវិត​ គឺ​ត្រូវ​ផ្ដើម​ចេញ​ពី​ខ្លួន​ឯង​ជាមុន​សិន ហើយ​ដើម្បី​ឈាន​​ទៅ​រក​ភាព​ជោគជ័យ​​ទាំង​នោះ​ក៏​ត្រូវ​ផ្ដើម​ចេញ​ពី​ការ​សិក្សា​ដែរ​។ ​ចំពោះ​ការ​សិក្សា​ដើម្បី​ក្លាយ​ជា​សិស្ស​ឆ្នើម និស្សិត​ឆ្នើម មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​។ ​ដោយ​ឡែក​យុវតី​វ័យ​ក្មេង​ ៤​រូប​ខាង​ក្រោម​នេះ​សុទ្ធ​តែ​ជា​និស្សិត​ឆ្នើម ហើយ​មួយ​ចំនួន​ធ្លាប់​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ទៀត​ផង​។ ​ខាង​ក្រោម​នេះ​ជា​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​យុវតី​ឆ្នើម​ទាំង​ ៤​រូប​៖​

១. ណារ៉ា សុខេមា

យុវតី​វ័យ​ក្មេង​ ណារ៉ា សុខេមា បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ ផ្នែក​អភិវឌ្ឍ​អន្តរជាតិ ​នៅ​សាកលវិទ្យាល័យ មេន​ឆេស្ទ័រ ​ដ៏​ល្បី​មួយ​ក្នុង​ប្រទេស​អង់គ្លេស​​ បច្ចុប្បន្ន​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ និង​មាន​ការងារ​ជា​ច្រើន​កន្លែង ធ្លាប់​បាន​ទៅ​ក្រៅ​ប្រទេស​រហូត​ ៤៦​ប្រទេស​ឯណោះ។ ភាគ​ច្រើន​​កញ្ញា​ទៅ​ប្រទេស​ទាំង​នោះ ​គឺ​តាម​រយៈ​អាហារូបករណ៍​ និង​កម្មវិធី​ផ្លាស់​ប្ដូរ​ការ​សិក្សា​រយៈពេល​ខ្លី មាន​ដូច​ជា អង់គ្លេស សហរដ្ឋអាមេរិក បារាំង ជា​ដើម។

ណារ៉ា សុខេមា ក៏​បាន​ចែក​រំលែក​បទពិសោធន៍​ ដើម្បី​បាន​អាហារូបករណ៍​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ​ដូចជា ឧស្សាហ៍​ដាក់​ពាក្យ​នៅ​ពេល​ដែល​គេ​ប្រកាស​ជ្រើសរើស​ម្ដងៗ​ដាក់​ហើយ​ដាក់​ទៀត​កុំ​ចុះ​ចាញ់​។ ​ក្រៅ​ពី​នោះ ត្រូវ​ពូកែ​ផ្នែក​ភាសា​អង់គ្លេស ជា​សិស្ស​ពូកែ​ក្នុង​សាលា ការ​ចូលរួម​ការងារ​ក្នុង​សង្គម ស្គាល់​ខ្លួន​ឯង​ឱ្យ​ច្បាស់ ភាព​ជា​អ្នក​ដឹក​នាំ ការ​បំពេញ​ Personal statement ពេល​សម្ភាស សុទ្ធ​តែ​ជា​ចំណុច​មិន​អាច​ខ្វះ​បាន​។

២.ឡាំ សុវណ្ណី

​ដោយ​ឡែក និស្សិត​ឆ្នើម​ ឡាំ សុវណ្ណី​ ដែល​ជិត​បញ្ចប់​ការ​សិក្សា​ជំនាញ​ ទំនាក់​ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា តែង​ជាប់​លំដាប់​ពិន្ទុ​ Aគ្រប់​ឆមាស​រយៈពេល​៤​ឆ្នាំ​នៅ​ក្នុង​ការ​សិក្សា​។ យុវតី​ឆ្នើម​រូប​នេះ​ក៏​ធ្លាប់​បាន​ចូលរួម​កម្មវិធី​ប្រជុំ​ធំៗ​នៅ​ក្រៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​​ផង​ដែរ​​ដូចជា ប្រទេស​ថៃ​ ម៉ាឡេស៊ី​ជា​ដើម​។

ដើម្បី​ក្លាយ​ជា​និស្សិត​ឆ្នើម សុវណ្ណី ​បាន​ប្រាប់​គន្លឹះ​មួយ​ចំនួន​ដូចជា ខិត​ខំ​អាន​ឱ្យ​បាន​ច្រើន ​ចូលរួម​រាល់​សកម្មភាព​របស់​ក្លឹប​ប្រចាំ​សាកលវិទ្យាល័យ​ ​ស្វែង​រក​នូវ​ទី​ប្រឹក្សា​អ្នក​ដែល​មាន​ចំណេះ​ដឹង​ជាង  ​រៀន​កត់​ចំណាំ​អ្វី​ដែល​ជា​ចំណុច​សំខាន់​របស់​មេរៀន ត្រូវ​រំលឹក​ឡើង​វិញ​នៅ​ផ្ទះ​ ​ព្យាយាម​យល់​កុំ​ព្យាយាម​ចាំ ជឿជាក់​លើ​សមត្ថភាព​ខ្លួន​ឯង។ល។

៣.ស៊ាន ម៉ូនីតា

​ចំពោះ​យុវតី​​វ័យ​ក្មេង​ ស៊ាន ម៉ូនីតា ​គឺ​ជា​អតីត​សិស្ស​នៅ​វិទ្យាល័យ​ សម្ដេច​​តេជោ ហ៊ុន​សែន​សួង កន្លង​ទៅ​ថ្មី​ៗ​នេះ​បាន​ប្រលង​​ប្រជែង​​ជា​មួយ​និស្សិត​​ជាង​១​ពាន់​នាក់​រហូត​ជាប់​អាហារូបករណ៍​​ក្រសួង​អប់​រំ ជប៉ុន( MEXT ឬ Monbukagakusho Scholarship )ទៅ​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​​​នៅ​ប្រទេស​ជប៉ុន ។  យុវតី​ឆ្នើម​រូប​នេះ​ក៏​បាន​ចែក​រំលែក​​ពី​គន្លឹះ​មួយ​ចំនួន ជា​បទ​ពិសោធ​របស់​​កញ្ញា​ផ្ទាល់​ទៅ​ដល់​អ្នក​ដែល​​មាន​ចំណាប់​អារម្មណ៍​​ចង់​ប្រលង​​យក​អាហារូបករណ៍​​ដូចជា​ ​​​​​ត្រូវ​រៀប​រៀប​ចំ​គោល​ដៅ​ឱ្យ​ជាក់​លាក់​ សរសេរ​សកម្មភាព​ដែល​ខ្លួន​ត្រូវ​ធ្វើ ​មាន​ទំនាក់​ទំនង​​​​ជាមួយ​សិស្ស​ច្បង​មុន​ៗ ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព ។

៤. កុយ រតនៈ​ម៉ូនិក

យុវតី​វ័យ​ក្មេង​មួយ​រូប​ទៀត​ គឺ​ យុវតី​ កុយ រតនៈ​ម៉ូនិក​ ធ្លាប់​ប្រឡង​យក​ពិន្ទុ​ IELTS ឫ International English Language Testing System ​ដែល​មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​បាន​ពិន្ទុ​ខ្ពស់​។ យុវតី​រូប​នេះ​ បាន​ទទួល​ពិន្ទុ​ពេញ​៩.០ លើ​ការ​ប្រឡង​ ផ្នែក​​ស្ដាប់ និង ពិន្ទុ​សរុប​ជា​មធ្យម ៧.៥ ផង​ដែរ​។​​​​ ​យុវតី​អាយុ​១៨​ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ថា​ ក្នុង​ការ​ប្រឡង IELTS គឺ​គេ​ចែក​ចេញ​ជា​៤មុខ​សំខាន់​​គឺ ការ​ស្ដាប់​ ការ​អាន ការ​សរសេរ និង​ ការ​និយាយ ដោយ​ផ្នែក​នីមួយ​ៗ​​មាន​ពិន្ទុ​ពេញ​ ៩.០​ដូច​គ្នា​។ ​ក្នុង​នោះ កញ្ញា​ធ្វើ​បាន​ល្អ​ជាង​គេ​លើ​ផ្នែក​​ស្ដាប់​(Listening)។

យុវតី​មក​ពី​ភ្នំពេញ​រូបនេះ​​បាន​ចែក​រំលែក​បទពិសោធន៍​មួយ​ចំនួន​ដូចជា ​ត្រូវ​មាន​មហិច្ឆតា ការ​ត្រៀម​ខ្លូន និង ហ្វឹកហាត់​​​ជា​​ប្រចាំ។ ​បន្ថែម​ពី​លើ​នេះ​ទៀត​ ត្រូវ​រៀន​ពី​វិញ្ញាសា​មុន​ៗ អាន​សំណួរ​អោយ​យល់​ជាមុន​ ការ​​លើក​ទឹក​ចិត្ត ការ​​តស៊ូ ប្រឹង​ប្រែង​  និង​សុខ​ភាព៕

អត្ថបទ៖ វឌ្ឍនៈ