​កម្ពុជា​​​ទទួល​ជំនួយ និង កម្ចី​ការ​ប្រាក់​ទាប​ពី​ជប៉ុន​១៤០លានដុល្លារ​ ​ដើម្បី​អភិវឌ្ឍន៍​វិស័យ​សំខាន់​ៗ​​ចំនួន​៤​

  • 2017-03-30 10:22:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ ​រាជរដ្ឋាភិបាល​កម្ពុជា​​​​បាន​ចុះ​ហត្ថលេខា​ក្នុង​ការ​​ទទួល​ជំនួយ និង កម្ចី​ការ​ប្រាក់​ទាប​សរុប​ជាង​ ​១៤០​ លាន​ដុល្លារ​បន្ថែម​ពី​ជប៉ុន​​​ ​ដើម្បី​​យក​មក​អភិវឌ្ឍន៍​វិស័យ​សំខាន់​ៗ​​ចំនួន៤​​ រួម​មាន​ការពារ​ទឹក​ជំនន់​ ការ​សាង​សង់​ផ្លូវ ការ​​សង់​មន្ទីរពេទ្យ និង ​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ក្នុង​ប្រទេស​កម្ពុជា​។

ពិធី​នេះ​មាន​ការ​ចូល​រួម​ជា​អធិបតីភាព​ពី​សំណាក់​​​សម្ដេច​​​តេជោ​ ហ៊ុន សែន​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​មាន​ពិធី​ចុះហត្ថលេខា​ប្រគល់ និង ទទួល​នូវ​ថវិកា​ទាំងអស់​នេះ​ ដោយ​លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ និង ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ និង សហប្រតិបត្តិការ​អន្តរជាតិ​។​​​​

ថវិកា​ទាំង​នោះ​​រួម​មាន​៖​

១) ហិរញ្ញ​ប្រទាន​ឥត​សំណង​ ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន​ ៩៤៩,៩៧៣ ដុល្លារ​អាមេរិក​ សម្រាប់​អនុវត្ត​គម្រោង​«ធ្វើ​ឱ្យ​ប្រសើរ​​ឡើង​នូវ​ការ​ការពារ​ទឹក​ជំនន់​ក្នុង​រាជធានី​ភ្នំពេញ​ ដំណាក់​កាល​ទី​៤​»។

២) ហិរញ្ញ​ប្រទាន​ឥត​សំណង​ ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន​ ១២.៦៦លានដុល្លារ សម្រាប់​អនុវត្ត​គម្រោង​ «ធ្វើ​ឱ្យ​ប្រសើរ​ឡើង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង​»។

៣) ឥណទាន​សម្បទាន​ ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន​ ៩៨ លាន​ដុល្លារ​អាមេរិក​ សម្រាប់​អនុវត្ត​គម្រោង​ «ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ នូវ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥​ ភាគ​ខាង​ជើង​ (ក្រុង​បាត់​ដំបង-ក្រុង​សិរី​សោភ័ណ​) ជំហាន​ទី​២»។

៤) ហិរញ្ញប្បទាន​ឥត​សំណង​ ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន​ ២៨.៥ លាន​ដុល្លារ សម្រាប់​អនុវត្ត​គម្រោង «ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ក្នុង​ខេត្ត​កំពង់ធំ​»។

គម្រោងទាំង៤ខាងលើនេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ រំពឹង​ទុក​ថា​នឹង​ជួយ​កែ​លម្អ​ដល់​ការ​តភ្ជាប់​តំបន់​របស់​កម្ពុជា​ ហើយ​ក៏​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​ជីវភាព​និង​ ការ​ថែរក្សា​សុខភាព​របស់​ប្រជាជន​​ផង​ដែរ​៕

ប្រែសម្រួល៖​ ចន្ថា

ប្រភព៖ FB Page ផ្លូវការរបស់​ សម្តេច​​តេជោ ហ៊ុន សែន

អត្ថបទថ្មី