ក្រមុំរុស្សីស្រស់​ស្អាត លង់ស្នេហ៍​កំលោះកម្មករអណ្ដូងរ៉ែចិន ទោះ​គ្មានទ្រព្យអ្វីទាំងអស់

  • 2017-04-02 07:25:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​គូស្នេហ៍​ឆ្លង​ដែន​មួយ​គូ ​បាន​ធ្វើ​ឲ្យ​មនុស្ស​មិន​តិច​ទេ​រំជួល​ចិត្ត​មិន​នឹក​ស្មាន​ ក្រោយ​ដឹង​ថា​ក្រមុំ​ជនជាតិ​រុស្ស៊ី​​ដ៏​ស្រស់​ស្អាត​ម្នាក់​ លង់​ស្នេហ៍​​កម្មករ​អណ្ដូង​រ៉ែ​ជនជាតិ​ចិន រហូត​ឈាន​ដល់​​រៀបការ។

នាង Sophia ​អាយុ ២២​ឆ្នាំ បាន​មក​បន្ត​ការ​សិក្សា និង​រស់​នៅ​​ទីក្រុង Heihe ប្រទេស​ចិន​ រយៈពេល​ជាង ៥​ឆ្នាំ​ ហើយ​អាច​និយាយ​ភាសា​ចិន​បាន​យ៉ាង​ល្អ។ Sophia ​បាន​ជាប់​ចិត្ត​ស្រលាញ់​វប្បធម៌​ចិន ដូច្នេះ​នាង​សម្រេច​បន្ត​ធ្វើការ​នៅ​ទីក្រុង Heihe ជាជាង​វិល​ត្រលប់​ទៅ​មាតុប្រទេស​វិញ​ ក្រោយ​បញ្ចប់​ការ​សិក្សា។

នាង​​បាន​ស្គាល់​លោក Chen Jingyang រហូត​ដល់​រៀប​ចំ​​ពិធី​រៀប​ការ​តូច​មួយ​ដោយ​អញ្ជើញ​តែ​មិត្តភ័ក្ដិ​ជិត​ស្និត​ និង​គ្រួសារ​ប៉ុណ្ណោះ​នៅ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ Heihe ខេត្ត Heilongjiang ប្រទេស​ចិន។

​និយាយ​ពី​ប្រវត្តិ​ស្នេហា​​វិញ លោក Chen ​ជា​កម្មករ​អណ្ដូង​រ៉ែ​បាន​ស្គាល់​នាង Sophia ​ក្នុង​ឆ្នាំ​ ២០១៦ តាម​រយៈ​មិត្តភ័ក្ដិ​ម្នាក់ រួច​បាន​ទាក់​ទង​នាង​តាម​បណ្ដាញ​សង្គម WeChat។ ​នៅ​ពេល​ណា​ដែល​លោក Chen រួច​ដៃ​ពី​ការងារ គាត់​តែង​តែ​​ចំណាយ​ពេលវេលា​​ទាំង​អស់​ផ្ញើ​សារ​ឆ្លើយ​ឆ្លង​ជាមួយ​នាង​ Sophia។

​ស្គាល់​ចិត្ត​គ្នា​បាន​យូរ​បន្តិច លោក​សម្រេច​​ចិត្ត​សុំ​ណាត់​ជួប​នាង​​ខាង​ក្រៅ​តែម្ដង និង​ចាប់​តាំង​ពី​ពេល​នោះ​មក​ អ្នក​ទាំង​ពីរ​មិន​អាច​បែក​​គ្នា​បាន​ទេ។ ណាត់​ជួប​បាន​តែ​មួយ​អាទិត្យ​នាង Sophia ​បាន​ទៅ​លេង​ដល់​កន្លែង​ធ្វើការ​នៅ​​អណ្ដូងរ៉ែ​របស់​លោក Chen។

ក្រោយ​មក​នាង​សម្រេច​បោះ​បង់​ការងារ​របស់​ខ្លួន​ទាំង​អស់ ដើម្បី​បង្កើន​ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ។ រយៈពេល ២​ខែ នាង​បាន​ទៅ​រួម​រស់​ជាមួយ​លោក Chen នៅ​កន្លែង​ស្នាក់​នៅ​សម្រាប់​កម្មករ​អណ្ដូង​រ៉ែ ដោយ​មាន​បង្គន់​ និង​កន្លែង​ងូតទឹក​ក្រៅ​បន្ទប់​ស្នាក់​នៅ ហើយ​មិន​សូវ​មាន​អនាម័យ​ទេ។

នាង​ថា​​ការ​រស់​នៅ​ទី​នេះ គឺ​ជា​ពេល​វេលា​ដ៏​លំបាក​បំផុត​ក្នុង​ជីវិត​របស់​នាង ប៉ុន្តែ​ជា​ពេល​វេលា​សប្បាយ​​បំផុត។ បន្ទាប់​ពី​ស្គាល់​គ្នា​បាន​កន្លះ​ឆ្នាំ លោក Chen ​បាន​សុំ​នាង Sophia រៀបការ​ រួច​ក៏​ទទួល​ចម្លើយ​យល់​ព្រម។

បច្ចុប្បន្ន​អ្នក​ទាំង​ពីរ​ពុំ​មាន​ឡាន ផ្ទះ ឬ​លុយកាក់​សន្សំ​ទុក​នោះ​ទេ ប៉ុន្តែ​នាង Sophia ថា​ ពួក​គេ​មាន​ទំនាក់ទំនង​ដ៏​មាន​តម្លៃ​ជាង​របស់​ទាំង​នេះ​ទៅ​ទៀត។ "ខ្ញុំ​ជឿជាក់​ថា​ស្នេហា​នេះ គឺ​ជា​រឿង​សំខាន់​បំផុត។ យើង​ត្រូវ​ប្រឹងប្រែង​ធ្វើការ ​យើង​នឹង​ទទួល​បាន​ឡាន និង​ផ្ទះ​តាម​ក្រោយ។" នាង​បញ្ជាក់។

ចំណែក​លោក Chen បាន​ឈប់​ធ្វើការ​ជា​កម្មករ​អណ្ដូង​រ៉ែ។ ក្នុង​ខែ​មេសា​នេះ ពួក​គេ​គ្រោង​ធ្វើ​ដំណើរ​ទៅ​ផ្ទះ Sophia ​ក្នុង​ប្រទេស​រុស្ស៊ី ដើម្បី​ធ្វើ​ពិធី​រៀប​ការ​ផ្លូវការ​តាម​ប្រពៃណី។ អនាគត​ពួកគេ​នឹង​បើក​ជំនួញ​​មួយ​នៅ​រុស្ស៊ី​ទៀត​ផង៕

ប្រភព៖ China Plus   ប្រែ​សម្រួល៖ ឡេង ភារុណ