កូន​ខ្មែរ​គួរ​ដឹង​! អត្ថន័យ​សំខាន់​ និង​សារប្រយោជន៍​​​នៃ​ល្បែង​ប្រជាប្រិយ​ខ្មែរ

  • 2017-04-03 06:10:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភាគ​ច្រើន​ល្បែង​ប្រជាប្រិយ​ខ្មែរ​ដែល​មាន​ដូចជា ​បោះ​អង្គញ់ ចោល​ឈូង លាក់​កន្សែង ទាញ​ព្រ័ត្រ ​ស្ដេច​ចង់ លោត​អន្ទាក់ ​រុញ​អង្រែ ជាដើម​​ត្រូវ​បាន​ប្រជាជន​ខ្មែរ​នាំ​គ្នា​លេង​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​។ តាម​ការ​ឱ្យ​ដឹង​ពី​​អ្នក​គ្រូ នង ច័ន្ទ​ថន ដែល​ជា​គ្រូ​ព្រឹទ្ធាចារ្យយល់ដឹងពីល្បែង​ប្រជាប្រិយ​ខ្មែរច្បាស់ និង​ជា​ទី​ប្រឹក្សា​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ បាន​ប្រាប់​ថា គ្រប់​ល្បែង​ប្រជាប្រិយ​ខ្មែរ​ គឺ​មាន​អត្ថន័យ​សំខាន់ និង​សារប្រយោជន៍​ដូច​ៗ​គ្នា។ ដូច្នេះ​តើ​ល្បែង​ប្រជាប្រិយ​ខ្មែរ មាន​អត្ថន័យ​ និង​សារប្រយោជន៍​ដូចម្ដេច​ខ្លះ​?

១. ​អត្ថន័យ​សំខាន់​នៃ​ល្បែង​ប្រជាប្រិយ​ខ្មែរ

ចំពោះ​​អត្ថន័យ​​ នៃ​ល្បែង​ប្រជាប្រិយ​ខ្មែរ​ ​អ្នក​គ្រូ នង ច័ន្ទ​ថន ​ប្រាប់​ថា មាន​តម្លៃ​ធំ​ណាស់ មិន​អាច​កាត់​ថ្លៃ​បាន​ទេ​។ ​ល្បែង​ប្រជាប្រិយ​ទាំង​អស់ មិន​ថា​ល្បែង​មួយ​ណា​ទេ គឺ​បាន​បង្កប់​នូវ​​អត្ថន័យ​សំខាន់​ដែល​បង្ហាញ​ពី​ការ​សាមគ្គីភាព​គ្នា ការ​តស៊ូ​ព្យាយាម​ក្នុង​ការ​បំពេញ​កិច្ចការ​ ជាក់​ស្ដែង​ដូចជា​ល្បែង​ទាញ​ព្រ័ត្រ​ជាដើម​។

គ្រប់​ល្បែង​ប្រជាប្រិយ​នីមួយៗ បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ខ្មែរ ​ដើម្បី​ស្រុក​ភូមិ​រស់​នៅ​បាន​សាន្តត្រាណ​ ​លុះត្រា​ប្រជាជន​ទាំង​អស់​ចេះ​ស្រឡាញ់​គ្នា ការ​ពារ​គ្នា​ជួយ​គ្នា​ទៅវិញ​ទៅ​មក​ដែល​មាន​បង្កប់​ក្នុង​សកម្មភាព​នៃ​ល្បែង​ប្រជាប្រិយ​ទាំង​នោះ​។ ជាក់​ស្ដែង​ល្បែង​ចាប់​កូន​ខ្លែង ប្រឡែង​កូន​មាន់ ​ដែល​បង្ហាញ​ពី​មេមាន់​ត្រូវ​ការពារ​កូន​មិន​ឱ្យ​មេ​ខ្លែង​ចាប់​បាន ​មិន​ខុស​អី​ពី​មនុស្ស​ត្រូវ​ចេះ​ការពារ​គ្នា ជួយ​គ្នា​ ទើប​ក្នុង​ស្រុក​ភូមិ​រស់​នៅ​បាន​សុខ​។

​ម្យ៉ាង​វិញ​ទៀត​ គ្រប់​ល្បែង​ប្រជាប្រិយ​ខ្មែរ​ទាំង​អស់ សុទ្ធ​តែ​ត្រូវ​ប្រើ​កម្លាំង​​ដើម្បី​លេង​កម្សាន្ត​។ ​ដូច្នេះ​វា​ក៏​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា ខ្មែរ​ជា​ជន​ជាតិ​ដ៏​អង់​អាច​ រឹងមាំ ក្លាហាន តស៊ូ​ពុះពារ​គ្រប់​ឧបសគ្គ​ ដើម្បី​ទទួល​បាន​ជោគជ័យ​។ ដូច្នេះ​ហើយ​ល្បែង​ប្រជាប្រិយ​ខ្មែរ មាន​អត្ថន័យ និង​ខ្លឹមសារ​ដូចគ្នា​ទាំង​អស់ ដែល​ដូនតា​ខ្មែរ បាន​បន្សល់​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃ​។

តាម​ការ​រៀបរាប់​របស់​អ្នក​គ្រូ​ នង ច័ន្ទថន ​បាន​ប្រាប់​ទៀត​​ថា ​ល្បែង​ប្រជាប្រិយ​ខ្មែរ មិន​មាន​ប្រវត្តិ​មក​ពី​​ជន​ណា ឬ​សាស្ត្រាចារ្យ​​ណា​អ្នក​បង្កើត​នោះ​ទេ ​ពោល​គឺ​កើត​ចេញ​ពី​ប្រជាជន​សាមញ្ញ​នេះ​ឯង​ ជា​អ្នក​បង្កើត​ល្បែង​ទាំង​នោះ​ឡើង​មក​។

២. ​សារប្រយោជន៍​នៃ​ល្បែង​ប្រជាប្រិយ​ខ្មែរ

​ចំណែក​សារប្រយោជន៍​វិញ ​អ្នក​គ្រូ​ព្រឹទ្ធាចារ្យ​ នង ច័ន្ទ​ថន ប្រាប់​ថា ​ពេល​ដែល​ប្រជាជន​ប្រមូល​ភោគផល​រួចរាល់ ​នៅ​តាម​ស្រុក​ តាម​ភូមិ​នីមួយៗ​តែង​មូល​មតិ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​ ដើម្បី​ជា​ការ​កម្សាន្ត​សប្បាយ​ បន្ទាប់​ពី​ធ្វើ​ស្រែ​ចម្ការ​យ៉ាង​ហត់​នឿយ​រួច​មក​។ ​ដូច្នេះ​សារ​សំខាន់​​នៃ​ល្បែង​ប្រជាប្រិយ​ខ្មែរ​ត្រង់​ថា ​ប្រជាជន​លេង​កម្សាន្ត​សប្បាយ ​ដើម្បី​អបអរ​​ចំពោះ​​ទិន្នផល​កសិកម្ម​ដែល​បាន​មក​​ដូចជា​ បន្លែ​បង្ការ​ ស្រូវ​ស្រែ។ ​ជាក់​ស្ដែង​ល្បែង​​ក្នុង​ពិធី​បុណ្យ​ដារ​លាន​ជា​ដើម​​។

​អ្នក​គ្រូ ប្រាប់​ទៀត​ថា ចាស់ៗ​ពី​ដើម​ក្នុង​សង្គម​ខ្មែរ តែង​លេង​ល្បែង​ប្រជាប្រិយ​ណា​ដែល​ប្រើ​កម្លាំង ​ដូចជា​លាក់ ទាញ​ព្រ័ត្រ​ ​កន្សែង ​លោត​អន្ទាក់​ រុញ​អង្រែ​។ ​ចំណែក​ឯ​យុវជន​យុវនារី ​វិញ​ចូល​ចិត្ត​លេង​បោះ​អង្គញ់ ចោល​ឈូង ​ស្ដេច​ចង់​ ​ជា​ដើម​។ ​ដូចនេះ​មាន​ន័យ​ថា ល្បែង​ប្រជាប្រិយ​ខ្មែរ មិន​ត្រឹម​តែ​ផ្ដល់​នូវ​ភាព​សប្បាយ​រីករាយ​ប៉ុណ្ណោះ​ទេ ​តែ​ក៏​មាន​សារប្រយោជន៍​ចំពោះ​សុខភាព​ផង​ដែរ​៕

​​ ​ ​​​

អត្ថបទ៖ វឌ្ឍនៈ