​​ក្រុម​ជម្រើស​ជាតិ​ ​មាន​ពេល​៣​ឆ្នាំ​​ហាត់​នៅ​ពហុ​កីឡដ្ឋាន​ថ្មី​​ ត្រៀម​​ស៊ីហ្គេម​ឆ្នាំ​២០២៣

  • 2017-04-04 03:20:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹង​មាន​ពេលវេលា​​ចំនួន​៣​ឆ្នាំ ​ក្នុង​ការ​ហ្វឹកហាត់​នៅ​​ពហុ​កីឡដ្ឋាន​មរតក​តេជោ​សែន ​សម្រាប់​ការ​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

​បើ​តាម​ប្រសាសន៍​​ឯក​ឧត្ដម​ វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​​ក្នុង​ពិធី​សែន​ក្រុងពាលី​បើក​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​ខាង​លើ​ថា ​ពហុ​កីឡដ្ឋាន​ថ្មី​នេះ នឹង​រួច​រាល់​​​​ត្រឹម​ចុង​ឆ្នាំ​២០២០។ ​ចំណែក​​ក្រុម​​​ជម្រើស​ជាតិ​​ នឹង​ត្រូវ​ទៅ​ហ្វឹកហាត់​នៅ​ទីនោះ​ចំនួន​ ៣​ឆ្នាំ​គិត​ចាប់ពី​ពេល​រួចរាល់​រហូត​ដល់​​ព្រឹត្តិការណ៍​ស៊ីហ្គេម​មក​ដល់។

​អគ្គលេខាធិការ​​រូប​នេះ​បន្ត​ថា ​មិន​ត្រឹម​ប្រភេទ​កីឡា​បាល់ទាត់​នោះ​ទេ​គឺ​គ្រប់​ប្រភេទ​កីឡា​តែ​ម្ដង​ នឹង​ត្រូវ​ទៅ​​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​ថ្មី​​នេះ​ ដើម្បី​ជា​ការ​សម​ទៅ​នឹង​ទីលាន​របស់​ខ្លួន​។ ​​ដោយ​ឡែក​​ប្រភេទ​កីឡា​មួយ​ចំនួន​ដែល​បាន​ធ្វើ​រួច​រាល់​​ នឹង​អាច​ប្រើប្រាស់​បាន​ ​ចាប់​ពី​ពេល​​ដែល​សម្ដេច​​ប្រកាស​បើក​ឲ្យ​ប្រើប្រាស់​នា​ថ្ងៃ​នេះ​តទៅ។

​លោក​បន្ថែម​ថា ​នា​ឆ្នាំ​ក្រោយ នឹង​មាន​កម្មវិធី​ប្រកួត​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​ចំនួន​នៅ​លើ​ទឹក​ដី​កម្ពុជា​ ​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ ពហុ​កីឡដ្ឋាន​មរតក​តេជោ​សែន​ទាំង​អស់។

ពហុ​កីឡដ្ឋាន​មរតក​តេជោ​សែន (Main Stadium) ​បាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់​នៅ​ព្រឹក​នេះ​ហើយ ​ដោយ​នេះ​គឺ​ជា​គម្រោង​ទី​២ ដែល​ចំណាយ​លុយ​​ប្រហែល​១៥៧​លាន​ដុល្លារ ​ខណៈ​ដែល​គម្រោង​ទី​១​ដែល​សាងសង់​អាង​ហែល​ទឹក ​កីឡា​ក្នុង​សាល ​តារាង​វាយ​កូន​បាល់ តារាង​បាល់ទះ ​នោះ ​គឺ​ធ្វើ​រួច​រាល់​អស់​ហើយ៕ ​​​​​​​

សកម្មភាព​សែន​ក្រុង​ពាលី​ម្សិល​មិញ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​