ឪពុកយំឱបសពកូនភ្លោះស្លាប់ដោយសារអាវុធគីមីនៅស៊ីរី កំពុងធ្វើឲ្យ​ពិភពលោករំជួលចិត្ត

  • 2017-04-06 02:08:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថត​ឪពុក​ជនជាតិ​ស៊ីរី​ឱប​សព​កូន​ភ្លោះ​របស់​ខ្លួន​ជាប់​ទ្រូង ដែល​ស្លាប់​ដោយសារ​ការ​វាយ​ប្រហារ​អាវុធគីមី​លើ​ទីក្រុង Khan Sheikhoun ខេត្ត Idlib ​កាល​ពី​ថ្ងៃ​អង្គារ ​កំពុង​ធ្វើ​ឲ្យ​ពិភព​លោក​ចាប់​អារម្មណ៍ និង​ក្ដុក​ក្ដួល​ចិត្ត​ជា​ខ្លាំង។

ឪពុក​​កំពុង​ជួប​ទុក្ខ​​រូប​នេះ​មាន​ឈ្មោះ Abdul Hamid Youssef ​បាន​​ជំរុញ​ឲ្យ​ពិភព​លោក​ក្រឡេក​មើល​​កូន​តូច​ៗ​របស់​គាត់​ក្រោយ​វាយ​ប្រហារ​គួរ​ឲ្យ​រន្ធត់។ លោក Youssef ​បាន​បាត់​បង់​សាច់ញាតិ​បងប្អូន​​ដល់​ទៅ ១៩នាក់​ រួម​ទាំង​កូន​ភ្លោះ​ពីរ​នាក់ និង​ប្រពន្ធ​ផង ក្នុង​ការ​វាយ​ប្រហារ​តាម​​អាកាស​កាល​ពី​​ព្រឹក​ថ្ងៃ​អង្គារ​​កន្លង​ទៅ​។

តួលេខ​បណ្ដោះ​អាសន្ន​មនុស្ស​ចំនួន ៧២​នាក់​​បាន​ស្លាប់ មាន​កុមារ ១១​នាក់ និង​ជា​ច្រើន​​នាក់​ផ្សេង​ទៀត​របួស​ដោយ​សារ​សារធាតុ​គីមី​​សារីន។ រូប​ថត​គួរ​ឲ្យ​សង្វេគ​នោះ គឺ​សព​កូន​ភ្លោះ​អាយុ ៩​ខែ មាន​ស្រី​មួយ​ប្រុស​មួយ​​ត្រូវ​បាន​ឪពុក​​រុំ​នឹង​ក្រណាត់​ស​ឱប​​យ៉ាង​ណែន​កណ្ដាល​មនុស្ស​មួយ​ក្រុម។​

ទាំង​អ្នក​ស៊ើបការណ៍​សម្ងាត់​អាមេរិក និង​កង​កម្លាំង​របស់​រុស្ស៊ី​ក្នុង​ប្រទេស​ស៊ីរី​ បាន​ចោទ​​ប្រកាន់​អំពើ​វាយ​ប្រហារ​យង់ឃ្នង​នេះ​ជា​ស្នាដៃ​របស់​កង​កម្លាំង​​រដ្ឋាភិបាល​ស៊ីរី​លោក​បាសា អាល់អាសាដ ចំពោះ​ប្រជាជន​ខ្លួន​ឯង។

ចំណែក​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ីរីបាន​អះអាង​ថា​ សារធាតុគីមី​ដ៏​សាហាវ​នេះ​ត្រូវ​បាន​បាញ់​ចេញ​ពី​យន្តហោះ​ចម្បាំង​យោធា​ស៊ីរី។ ​សារីន ជា​សារធាតុ​រាវ​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​មនុស្ស​​ឈឺ​ចុក​ចាប់​ខ្លាំង​ពេល​​ស្រូប​​យក​ចំហាយ​របស់​វា​ខ្លាំង រយៈ​ពេល​​ពី ១ ​ទៅ ១០នាទី​នឹង​​អាច​ស្លាប់៕

ប្រភព៖ telegraph   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម
អត្ថបទថ្មី