ពូទីន៖ ទំនាក់ទំនង​ រុស្ស៊ី-អាមេរិក កាន់តែ​ដុនដាប តាំងពី ត្រាំ ឡើងកាន់តំណែង

  • 2017-04-13 03:42:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាន​និយាយ​ថា ទំនាក់ទំនង​រវាង​ប្រទេស​រុស្ស៊ី និង​សហរដ្ឋអាមេរិក កាន់​តែ​ដុនដាប​ខ្លាំង ចាប់​តាំង​ពី លោក ដូណាល់ ត្រាំ ក្លាយ​ជា​ប្រធានាធិបតី។

ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (ឆ្វេង) និង ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (ស្តាំ)

«អាច​និយាយ​បាន​ថា កម្រិត​នៃ​ការ​ជឿ​ទុកចិត្ត ទៅលើ​កម្រិត​ការងារ ជា​ពិសេស​កម្រិត​យោធា គឺ​មិន​ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ឡើយ តែ​បែរ​ជា​ដុនដាប​ទៅ​វិញ»។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី ពូទីន។

នៅ​ក្នុង​បទសម្ភាសន៍​មួយ ដែល​បាន​ចេញផ្សាយ​ដោយ វិមាន Kremlin នៃ​ទីក្រុង​មូស្គូ បាន​ឲ្យ​ដឹង​ថា ប្រធានាធិបតី​រូប​នេះ ក៏​ត្រូវ​បាន​គេ​ចោទ​សួរ អំពី​ការ​ចោទ​ប្រកាន់​លើ​រដ្ឋាភិបាល​ស៊ីរី ថា​បាន​វាយប្រហារ​ដោយ​ប្រើ​អាវុធ​គីមី នៅ​ក្នុង​ខេត្ត​អ៊ីដលីប ផង​ដែរ។

ពូទីន បាន​ផ្ដល់​ការ​ពន្យល់​ចម្បង ចំនួន២ សម្រាប់​ឧបទ្ទវហេតុ​ដ៏​គួរ​ឲ្យ​រន្ធត់​នោះ​ថា ទី១ កងទ័ព​អាកាស​របស់​រដ្ឋាភិបាល​ស៊ីរី បាន​វាយ​ប្រហារ​ចំ​ឃ្លាំង​ផ្ទុក​អាវុធ​គីមី របស់​ក្រុម​ឧទ្ទាម បណ្ដាល​ឲ្យ​សាយភាយ​ឧស្ម័ន​ពុល និង ទី២ ឧបទ្ទវហេតុ​នោះ ជា​ការ​រចនា​ឡើង​ដើម្បី​បង្ខូច​មួល​បង្កាច់​រដ្ឋាភិបាល​ស៊ីរី។

គួរ​បញ្ជាក់​ថា មេ​ដឹកនាំ​រុស្ស៊ី បាន​ធ្វើ​ការ​អះអាង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទកាសែត​មួយ ជាមួយ​ប្រធានាធិបតី​អ៊ីតាលី Sergio Mattarella។ ពូទីន បាន​ទទូច​ថា រុស្ស៊ី​នឹង​ទ្រាំ​ទទួល​រង​ការ​រិះគន់​ពី​លោក​ខាងលិច ចំពោះ​ការ​លូកដៃ​នៅ​ស៊ីរី។

ជា​មួយ​គ្នា​នេះ​ដែរ ពូទីន អះអាង​ថា រុស្ស៊ី​មាន​ព័ត៌មាន​អំពី គម្រោង​វាយប្រហារ​របស់​សហរដ្ឋអាមេរិក ទៅលើ​ភាគ​ខាងត្បូង​រាជធានី​ដាម៉ាស ក្នុង​គោលបំណង​ដើម្បី​ស្ដីបន្ទោស ក៏ដូចជា​សងសឹក​ចំពោះ​ការ​ប្រើ​អាវុធ​គីមី​របស់​រដ្ឋាភិបាល​ស៊ីរី ទៀត​ផង។ ទោះ​ជា​យ៉ាង​ណា ពូទីន មិន​បាន​បង្ហាញ​ពី​ភស្តុតាង​ណា​មួយ ចំពោះ​ការ​អះអាង​របស់​ខ្លួន​ឡើយ៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សេង ឡុង