ស៊ីរី​រង​ទុក្ខ​ជា​ថ្មី ដោយសារ​គ្រឿង​ផ្ទុះ​ប្រល័យ​ជីវិត​ក្មេង​យ៉ាង​តិច ៦៨នាក់

  • 2017-04-16 15:54:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចំនួន​ជន​រង​គ្រោះ​ដោយសារ​ការ​បំផ្ទុះ​គ្រាប់​បែក​លើ​ក្បួន​រថយន្ត​ដឹក​ជន​ភៀស​ខ្លួន​ស៊ីរី​កាល​ពី​យប់​មិញ បាន​កើន​ឡើង​ដល់ ១២៦​នាក់ ហើយ​ក្នុង​នោះ​មាន​កុមារ​យ៉ាង​តិច ៦៨​នាក់។

ហេតុការណ៍​ដ៏​សង្វេគ​នេះ កើត​ឡើង​ក្រោយ​ពេល​រថយន្ត​ផ្ទុក​ដោយ​គ្រឿង​ផ្ទុះ បាន​បើក​បុក​ក្បួន​រថយន្ត​ក្រុង​ដឹក​ជន​ភៀស​ខ្លួន​ស៊ីរី​ចេញ​ពី​តំបន់​ប្រយុទ្ធ​គ្នា​ដ៏​ក្ដៅ​គគុក​ជិត​ក្រុង Aleppo។ ក្រុម​អ្នក​អង្កេត​សិទ្ធិ​មនុស្ស បាន​និយាយ​ថា ជន​ភៀស​ខ្លួន​យ៉ាង​តិច ១០៩​នាក់ បាន​ស្លាប់ ជាមួយ​នឹង​ក្រុម​ជំនួយ​មនុស្ស​ធម៌ ព្រម​ទាំង​ពួក​ឧទ្ទាម​ផ្សេង​ទៀត។ ក្រៅ​ពី​នេះ នៅ​មាន​មនុស្ស​ជា​ច្រើន​ទៀត​បាន​រង​របួស ដែល​អាច​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ជា​លំដាប់។

នេះ​គឺ​ជា​ការ​វាយ​ប្រហារ​បង្ហូរ​ឈាម​ជន​ស៊ីវិល​ដ៏​ធំ​មួយ​នៅ​ប្រទេស​ស៊ីរី ក្នុង​រយៈ​ពេល​ប្រមាណ ១​ឆ្នាំ​ចុង​ក្រោយ។ ជន​រង​គ្រោះ​ភាគ​ច្រើន​គឺ​ជា​អ្នក​រស់​នៅ​ភូមិ al-Foua និង Kefraya នៃ​ខេត្តIdlib ដែល​កំពុង​រង​គ្រោះ​ដោយសង្គ្រាម​ផ្ទៃ​ក្នុង ហើយ​រត់​ភៀស​ខ្លួន​រក​កន្លែង​មាន​សុវត្ថិភាព​។ មិន​ទាន់​មាន​ក្រុម​ណា ចេញ​មុខ​ទទួល​ខុស​ត្រូវ​លើ​ការ​វាយ​ប្រហារ​ដ៏​សាហាវ​នេះ​នៅ​ឡើយ​ទេ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទថ្មី