សៀវ​ ង៉ុយ​ មួយ​ជីវិត​នេះ​មិន​ទៅ​ណា​ឆ្ងាយ​ពី​ប្រដាល់

  • 2017-04-18 03:09:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជើង​ខ្លាំង​ទម្ងន់​ស្រាល​ដែល​មាន​ខ្សែ​ក្រវាត់​និង​ពានរង្វាន់​ច្រើន​គ្រឿង​ក្នុង​ដៃ​ សៀវ​ ង៉ុយ​ ប្រាប់​ថា​សម្រាប់​ជីវិត​មួយ​នេះ​មិន​ទៅ​ណា​ឆ្ងាយ​ពី​ប្រដាល់​គុន​ខ្មែរ​ឡើយ​ព្រោះ​ឃើញ​គេ​ឡើង​វ៉ៃ​ម្ដងៗ​អារម្មណ៍​មិន​ស្ងប់​ឡើយ។​

កីឡាករ សៀវ ង៉ុយ ខៀវ

អ្នក​លេង​គុន​ខ្មែរ​ សៀវ​ ង៉ុយ​ បាន​និយាយ​ថា​ ខ្លួន​ពិត​ជា​ស្រឡាញ់​អាជីព​ជា​អ្នក​ប្រដាល់​មួយ​នេះ​ខ្លាំង​ ហើយ​របរ​ឈឺ​ខ្លួន​មួយ​នេះ​បាន​ផ្ដល់​ឲ្យ​គេ​បាន​ច្រើន​ណាស់។​ នៅ​ពេល​ខាង​មុខ​អ្នក​ប្រដាល់​រូប​នេះ​គេ​សន្យា​ថា​នៅ​តែ​បន្ត​អាជីព​ប្រដាល់​ដដែល​ បើ​ទោះ​ជា​មិន​អាច​ឡើង​ប្រកួត​បាន​ក្ដី​តែ​ធ្វើ​ជា​គ្រូ​បង្វឹក​បន្ត​ទៀត។​ មួយ​រយៈ​ពេល​មុន​អ្នក​ប្រដាល់​មក​ពី​ខេត្ត​ព្រៃវែង​រូប​នេះ​ផ្អាក​ប្រកួត​ម្ដង​ហើយ​ តែ​នៅ​ពេល​ឃើញ​កីឡាករ​ដទៃ​ឡើង​ប្រកួត​ ធ្វើ​ឲ្យ​រូប​នេះ​នៅ​មិន​សុខ​ហើយ​ជំរុញ​ទឹក​ចិត្ត​គេ​ឲ្យ​ចូល​ប្រឡូក​និង​អាជីព​នេះ​ឡើង​វិញ។​

កីឡាករ សៀវ ង៉ុយ ខៀវ

ម្ចាស់​ខ្សែ​ក្រវាត់​សមរភូមិអ្នក​ប្រយុទ្​ធ(PNN)​រូប​នេះ​ប្រាប់​ទៀត​ថា​ ប្រដាល់​គុន​ខ្មែរ​ជួយ​គេ​ច្រើន​ណាស់​ ដូច​ជា​ជីវភាព​គ្រួសារ​រាង​ធូរធារ​មិន​សូវ​លំបាក​ដូច​មុន​បន្ទាប់​ពី​គេ​ឈ្នះ​ខ្សែ​ក្រវាត់​ដែល​មាន​ប្រាក់​រង្វាន់​ ១ម៉ឺន​ដុល្លារ​អាមេរិក​ និង​ថ្មីៗ​នេះ​ឈ្នះ​ខ្សែ​ក្រវាត់​ Skyland​ ថែម​ទៀត​នេះ​ ក្រៅ​ពី​ប្រាក់​រង្វាន់​មាន​ដូច​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ទៅ​ណា​ក៏​គេ​ស្គាល់​ទៀត​ផង។​

សៀវ​ ង៉ុយ​ ជា​អ្នក​ប្រដាល់​មក​ពី​សមាគន៍ប្រដាល់ក្រសួងការពារជាតិ​ កូន​សិស្ស​លោក​គ្រូ​ ធន់​ សុភា។​ កីឡាករ​រូប​នេះ​មក​ពី​ខេត្ត​ព្រៃវែង​ ចាប់​ផ្ដើម​ប្រកួត​តាំង​ពី​ឆ្នាំ​២០១០​ មក​ម្ល៉េះ​ បើ​គិត​មក​ដល់​ពេល​នេះ​ប្រកួត​បាន​ប្រហែល​ជា​៣០០ដង​មក​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​