គឿម ​គឿត ​តស៊ូ​ស៊ី​ឈ្នួល​គេ​ សន្សំ​១​ខែ២០​ដុល្លារ​​ជាង​១០​ឆ្នាំ​ រហូត​មាន​លុយ​ទិញ​កង់​បី​​រត់​ខ្លួន​ឯង​

  • 2017-04-18 06:43:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ចាក​ផុត​ពី​ភាព​ក្រីក្រ ដើម្បី​គ្រួសារ ដើម្បី​ខ្លួន​ឯង យុវជន​ម្នាក់​បាន​តស៊ូ​ពុះពារ​ក្នុង​ជីវិត​ មិន​ថា​ក្ដៅ​រងា​ស៊ី​ឈ្នួល​រត់​តុកៗ​ឱ្យ​​គេ សន្សំ​លុយ​បាន​មួយ​ខែ ២០​ដុល្លារ​​ជាង​ ១០​ឆ្នាំ​ ទម្រាំ​អាច​មាន​លទ្ធភាព​ទិញ​រ៉ឺម៉ក​កង់​បី​តម្លៃ ២៤០០​ដុល្លារ​(ម៉ូតូធំ) រត់​ខ្លួន​ឯង​។

យុវជន​តស៊ូ​ក្នុង​ជីវិត គឿម គឿត មាន​ស្រុក​កំណើត​ក្នុង​ ភូមិ​គោក​តាចាន់ ឃុំ​គោក​ចក ​ស្រុក​សៀមរាប ខេត្ត​សៀមរាប​។ ​កើត​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​មួយ គឿម គឿត មាន​បងប្អូន ៤​នាក់ ​ក្នុង​នោះ​លោក​ជា​កូន​ទី ៤​ក្នុង​គ្រួសារ​។ ​និយាយ​រៀង​រដឺនៗ​បន្តិច​អ្នក​ ខេត្ត​សៀមរាប​រូប​នេះ​ ប្រាប់​ថា ​ឪពុក​របស់​លោក​បាន​ស្លាប់​តាំង​ពី​លោក​នៅ​អាយុ ២​ឆ្នាំ ចាប់​ពី​ពេល​នោះ​មក​គ្រួសារ​ចាប់​ផ្ដើម​ធ្លាក់​ខ្លួន​ក្រ ​ហើយ​នៅ​ពេល​លោក​មាន​អាយុ ១៣​ឆ្នាំ​ក៏​ចាប់​ផ្ដើម​ធ្វើ​ការ​សំណង់​រក​លុយ​មក​ចិញ្ចឹម​ម្ដាយ​។ ​គឿត​ ប្រាប់​ទៀត​ថា មិន​បាន​រៀន​សូត្រ​បាន​ខ្ពស់​ដូច​គេ​ទេ គឺ​បាន​បញ្ចប់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​ ២ ​ប៉ុណ្ណោះ​។

លំបាក​ខ្លាំង​ក្នុង​ជីវិត​ប៉ុណ្ណា​ ក៏​យុវជន​រូប​នេះ​មិន​ដែល​បាក់​ទឹក​ចិត្ត​ដែរ ពេល​ដែល​លោក​មាន​អាយុ​ ២២​ឆ្នាំ​ ក៏​ចាប់​ផ្ដើម​ស៊ី​ឈ្នួល​រត់​កង់​បី​ឱ្យ​គេ​។ ​មក​ដល់​ត្រង់​ចំណុច​នេះ​ គឿត ​ហាក់​​ប្រែ​សំឡេង​និយាយរៀង​រអាក់​​រអួល​បន្តិច​ថា៖ "ហឹមម... រត់​ឱ្យ​គេ​ដំបូង​បាន​តែ​១​ខែ ៦០​ដុល្លារ​ទេ ដល់​បន្ទាប់​មក​ទៀត​បាន ៧០​ដុល្លារ និង​ប្រាក់​ខែ​ចុង​ក្រោយ​បាន​ ៩០​ដុល្លារ​។ ​រាល់​ខែ​ខ្ញុំ​តែង​ដក​២០​ដុល្លារ​សន្សំ ក្រៅ​ពី​ហ្នឹង​យក​ជួយ​ម៉ែ​ មែន​លេង​សើច​ទេ​ ដល់​ខ្ញុំ​អាយុ​ ៣៣​​ទើប​សន្សំ​លុយ​បាន​ទិញ​តុកៗ​រត់​ខ្លួន​ឯង​តម្លៃ​ ២៤០០​ដុល្លារ​​"​។

មក​ដល់​ពេល​នេះ​ជីវិត​យុវជន​តស៊ូ​រូប​នេះ ​ចាប់​ផ្ដើម​ល្អ​ប្រសើរ​ជាង​មុន​ហើយ​ ដោយ​ក្នុង​១​ថ្ងៃ​លោក​អាច​រក​ចំណូល​បាន​ ៤​ម៉ឺន​ ទៅ ៥​ម៉ឺន​រៀល​ ប៉ុន្តែ​បើ​មាន​បុណ្យ​ទាន​អាច​ដល់​ ១៥ ទៅ ២០​ម៉ឺន​រៀល​ដែរ​៕

អត្ថបទ៖ វឌ្ឍនៈ