រុស្ស៊ីបង្ហាញមូលដ្ឋានទ័ពលើវាលទឹកកកអាកទិចដ៏ធំជាលើកដំបូង
- 2017-04-19 01:21:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រុស្ស៊ីបង្ហាញមូលដ្ឋានទ័ពលើវាលទឹកកកអាកទិចដ៏ធំជាលើកដំបូង
ចន្លោះមិនឃើញ
ប្រទេសរុស្ស៊ីបានបង្ហាញមូលដ្ឋានទ័ពថ្មីសន្លាងមួយនៅវាលទឹកកកអាកទិចដែលមានផ្ទុកកងទ័ព ១៥០នាក់ ព្រមទាំងយន្តហោះចម្បាំងត្រៀមសណ្ដោងនុយក្លេអ៊ែរជាច្រើនគ្រឿងផ្សេងទៀត។
អគារធំជាងគេរាងត្រីកោណនេះ ត្រូវបានគេគូរឆ្នូតក្រហម ស ខៀវ តាមពណ៌ទង់ជាតិប្រទេសរុស្ស៊ី ស្ថិតនៅតំបន់ដាច់ស្រយាល Alexandra Land នៅប្រជុំកោះ Franz Josef ។
មូលដ្ឋានខាងលើជាមូលដ្ឋានធំបំផុតរបស់រុស្ស៊ីនៅលើវាលទឹកកកចាប់តាំងពីពេលដួលរលំសហភាពសូវៀតឆ្នាំ ១៩៩១ មក ចំណែកទីក្រុងមូស្គូអះអាងថា តំបន់នោះមានប្រេង និងឧស្ម័នមហាសាល ដែលគេជឿថាមានតម្លៃប្រមាណ ២៣ទ្រីលានផោន។
អគារកម្ពស់ ៥ជាន់ ត្រូវបានរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu ដាក់ឈ្មោះ Nagursky។ បើតាមប្រភពមន្ត្រីរុស្ស៊ីបង្ហើបឲ្យដឹងថា ពួកគេអាចនឹងដាក់បញ្ឈរជើងយន្តហោះយោធានៅទីនោះបន្ថែមទៀតនាពេលខាងមុខ។ ក្នុងនោះមានប្រភេទយន្ដហោះចម្បាំង MiG-31 បង្កើតឡើងសម្រាប់បាញ់យន្ដហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយ ឬយន្តហោះទម្លាក់គ្រាប់ខ្សែជួរមុខ SU-34។
សារព័ត៌មានរុស្ស៊ី Moscow Times រាយការណ៍ថាក្រៅពីនោះ គេមានសង់រោងភាពយន្ដ កន្លែងលេងកីឡាវាយកូនបាល់ និងបន្ទប់បុកប៊ីយ៉ា។
កាលដើមឆ្នាំ ២០១៧ មានសេចក្ដីរាយការណ៍មួយទៀតថា ទីក្រុងមូស្គូបានចាប់ផ្ដើមសង់នាវាបំបែកទឹកកកដើម្បីប្រកួតប្រជែងគ្រប់គ្រង់នៅតំបន់ប៉ូលជាមួយប្រទេសកាណាដា សហរដ្ឋអាមេរិក ន័រវែស និងចិនផងដែរ៕