ចិន ធ្វើសមយុទ្ធ​បាញ់មីស៊ីល ពីនាវា​ពិឃាដថ្មី នៅក្បែរ​កូរ៉េខាងជើង

  • 2017-04-19 01:30:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កងទ័ព​ជើងទឹក​របស់​ប្រទេស​ចិន បាន​ធ្វើ​ការ​សាកល្បង​បាញ់​គ្រាប់​មីស៊ីល ចេញ​ពី​នាវា​ពិឃាដ​ថ្មី​របស់​ខ្លួន ប្រភេទ Type 052D Destroyer មាន​ឈ្មោះ​ថា Xining ជា​លើក​ដំបូង​បង្អស់។ សម​យុទ្ធ​មួយ​នេះ​បាន​ធ្វើ​ឡើង នៅ​លើ​សមុទ្រ​លឿង (Yellow Sea) ដែល​ស្ថិត​នៅ​រវាង​ប្រទេស​ចិន និង​ឧបទ្វីប​កូរ៉េ។

នាវា​ពិឃាដ​ ប្រភេទ Type 052D Destroyer មាន​ឈ្មោះ​ថា Xining

វីដេអូ​នៃ​ការ​ធ្វើ​សម​យុទ្ធ​ខាងលើ ត្រូវ​បាន​ចាក់​ផ្សាយ​បន្ត​ផ្ទាល់ កាល​ពី​ម្សិលមិញ នៅ​លើ​ស្ថានីយ​ទូរទស្សន៍ China Central Television Station (CCTV) ស្រប​ពេល​ដែល​ទីក្រុង​ប៉េកាំង បាន​ជំរុញ​ឲ្យ​កូរ៉េខាងជើង បោះបង់​មហិច្ឆតា​នុយក្លេអ៊ែរ​ចោល ខណៈ​ភាព​តានតឹង​ផ្នែក​យោធា​កំពុង​កើន​ឡើង​ខ្លាំង។

គួរ​បញ្ជាក់​ថា នាវា​ពិឃាដ​ថ្មី​របស់​ចិន​ ឈ្មោះ Xining នោះ ត្រូវ​បាន​គេ​ចាត់​ឲ្យ​បម្រើ​កង​នាវា​នៃ​សមុទ្រ​ខាងជើង North Sea Fleet របស់​កងទ័ព​ជើងទឹក PLA Navy។ ក្នុង​អំឡុង​ពេល​ធ្វើ​សម​យុទ្ធ វា​ត្រូវ​បាន​គេ​ប្រគល់​ភារកិច្ច ដើម្បី​បាញ់​ទម្លាក់​គោលដៅ ឬ​សត្រូវ ដែល​ខិត​ចូល​មក​ជិត​នាវា​យ៉ាង​រហ័ស នៅ​លើ​ផ្ទៃ​ទឹក និង​អាកាស។

នាវា​ពិឃាដ​ ប្រភេទ Type 052D Destroyer មាន​ឈ្មោះ​ថា Xining

គួរ​រំលឹក​ថា កាល​ពី​ម្សិលមិញ កូរ៉េខាងជើង បាន​គំរាម​បាញ់​សាកល្បង​មីស៊ីល​របស់​ខ្លួន​រៀងរាល់​សប្ដាហ៍ បន្ទាប់​ពី​អនុ​ប្រធានាធិបតី​អាមេរិក លោក Mike Pence ព្រមាន​ថា «សម័យ​កាល​នៃ​ការ​អត់ធ្មត់» ជាមួយ​លោក គីម ជុងអ៊ុន ត្រូវ​បាន​បញ្ចប់៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង