សារ​បោក​ព្រមាន​លុប​គណនី Facebook តាំង ៣ឆ្នាំ​មុន ធ្វើ​ឲ្យ​កក្រើក​ម្តង​ទៀត​ក្នុង​ស្រុក​ខ្មែរ

  • 2017-04-19 07:03:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារ​បោក​ដែល​កំពុង​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់ Facebook មួយ​ភាគ​ធំ​ក្នុង​ប្រទេស​កម្ពុជា ចែក​រំលែក​តៗគ្នា បាន​សរសេរ​ថា "Facebook កំពុង​មាន​អ្នក​ប្រើប្រាស់​ច្រើន​លើសលប់ ហើយ​ដំណើរ​ការ​កាន់​តែ​យឺត...អ្នក​ប្រើប្រាស់​ណា​ដែល​ឃើញ​សារ​នេះ ត្រូវ​ផ្ញើ​ទៅ​មនុស្ស ២៥នាក់​ទៀត ដើម្បី​បញ្ជាក់​ថា​គេ​កំពុង​ប្រើប្រាស់ (Active) តែ​បើ​អ្នក​ប្រើប្រាស់​ណា​មិន​ផ្ញើ​សា​នេះ​ទេ នឹង​ត្រូវ Facebook លុប​គណនី​ចោល​អំឡុង​ពីរ​សប្ដាហ៍​បន្ទាប់ ព្រោះ Facebook សន្មត់​ថា​អ្នក​នោះ​ឈប់​ប្រើ Facebook ...។"

បញ្ហា​កំពុង​ក្តៅ​នេះ លោក អ៊ូ ផាន់ណារិទ្ធ ប្រធាន​គ្រប់គ្រង​ផ្នែក​សុវត្ថិភាព ICT បាន​អះអាង​ថា វា​ជា​ការ​បោកប្រាស់​សុទ្ធសាធ ដែល​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា​មិន​សម​នឹង​ចាញ់​បោក​ទាល់តែសោះ។

លោក បញ្ជាក់​យ៉ាង​ច្បាស់​ថា បើ​មាន​បញ្ហា​អ្វី​ទាក់ទង​នឹង​ប្រព័ន្ធ​ដំណើរការ​ឬ​សេវាកម្ម​របស់​ក្រុមហ៊ុន ខាង Facebook នឹង​ផ្ញើ​សារ​អេឡិចត្រូនិក​ផ្លូវការ​ ឬ​ជូន​ដំណឹង (Notification) ពេល​អ្នក​បើក​ប្រើ Facebook ភ្លាមៗ មិន​មែន​តាម​រយៈ​សារ​ផ្ញើ​ដោយ​ផ្ទាល់​គ្មាន​ប្រភព​ដូច្នេះ​ទេ។ ជាក់ស្ដែង​ រាល់​ដង​បើ​អ្នក​ធ្វើ​អ្វី​មួយ​ល្មើស​នឹង​ច្បាប់​របស់ Facebook គេ​នឹង​ផ្ដល់​ដំណឹង​ព្រមាន​ដល់​អ្នក។

ផល​ចំណេញ​ដែល​បាន​ពី​ការ​ចែក​រំលែក​សារ​បោក​ប្រាស់​លើ​ផ្អើល​ពេញ​បណ្តាញ​សង្គម​នេះ លោក ផាន់ណារិទ្ធ ថា​មាន​តែ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ចាយ​លុយ​លើ​អ៊ីនធឺណិត​ឥត​ប្រយោជន៍​កាន់​តែ​ខ្លាំង​ទៅ​វិញ​ទេ អំឡុង​ពេល​នេះ។

សារ​ជា​ភាសា​អង់គ្លេស​ដែល​បោក​ថា​ក្រុមហ៊ុន Facebook ជា​អ្នក​ផ្ញើ​មក​នេះ បាន​កើត​ឡើង​តាំង​ពី ៣ឆ្នាំ​មុន​ នៅ​បរទេស ហើយ​ទើប​មាន​អ្នក​យក​មក​បំពុល​ម្តង​ទៀត​នៅ​លើ​បណ្តាញ​សង្គម​ស្រុក​ខ្មែរ​ឆ្នាំ​នេះ។

ចំពោះ​អ្នក​ប្រើប្រាស់​ដែល​បាន​ទទួល​ឬ​ឃើញ​សា​នេះ មិន​បាច់​ធ្វើ​អី​ទាំង​អស់ គួរ​លុប​ឬ​ទុក​ចោល ព្រោះ​វា​នឹង​មិន​មាន​បញ្ហា​អ្វី​ដល់​គណនី Facebook របស់​អ្នក​ឡើយ។ នេះ​បើ​តាម​អ្នក​ជំនាញ​ខាង​លើ​ផ្តល់​យោបល់៕

អត្ថបទ៖ ផាន់និត

អត្ថបទថ្មី