រិន សាវ៉េត បន្ទោស​ខ្លួន​ឯង​ខ្លាំង ក្រោយ​បណ្ដោយ​ភរិយា​ធ្លាក់​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ

  • 2017-04-19 23:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ស្ថានភាព​ជំងឺ​មហារីក​ប្រពន្ធ​របស់​ខ្លួន មិន​អាច​សង្គ្រោះ​​មក​ដូច​ដើម​បាន ក្រោយ​ឈាន​ដល់​ដំណាក់​ការ​ចុង​ក្រោយ​នេះ ​តារា​ចម្រៀង​លោក រិន សាវ៉េត បាន​បន្ទោស​ខ្លួន​ឯង​ជា​ខ្លាំង​ថា មក​ពី​ខ្លួន​មិន​សូវ​មាន​រវល់​នឹង​សុខភាព​ប្រពន្ធ​នាំ​ឲ្យ​ធ្លាក់​ខ្លួន​ដល់​ថ្នាក់​ហ្នឹង។

“មក​ពី​ខ្ញុំ​រវល់​រឿង​រក​លុយ​ពេក ចេញ​ពី​ផ្ទះ​បាត់​ៗ មិន​​បាន​សួរ​​នាំ​ប្រពន្ធ​ឲ្យ​បាន​ដិត​ដល់​រឿង​​ជំងឺ​នេះ ហើយ​ប្រពន្ធ​​ខ្ញុំ​ក៏​ពូកែ​ទ្រាំ​ទៀត តែ​បើ​ខ្ញុំ​មិន​ចេញ​មក​បាន​លុយ​ បាន​មក​ពី​ណា​​ចិញ្ចឹម​ប្រពន្ធ​កូន បង់​​ថ្លៃ​​ផ្ទះ​​ទឹក​ភ្លើង" ​លោក រិន សាវ៉េត​ ថ្លែង​ប្រាប់ Sabay។

លោក​ថា ជំងឺ​របស់​ភរិយា​របស់​​ខ្លួន​​ប្រសិន​បើ​ព្យាបាល​តាំង​​ចាប់​​ផ្ដើម​មាន​ដំបូង ប្រហែល​​មិន​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ហ្នឹង​ទេ ប៉ុន្តែ​មក​ពី​​ទើប​​បាន​ដឹង ស្រប​​ពេល​បាន​​ឈាន​ដំណាក់​កាល​​​ធ្ងន់ធ្ងរ​ទៅ​ហើយ។

កន្លង​មក​លោក រិន សាវ៉េត ធ្លាប់​បាន​បញ្ជូន​ភរិយា​មក​​ព្យាបាល​ម្ដង​​ហើយ​កាល​​ពី​ដើម​ខែ មករា ឆ្នាំ ២០១៧ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ហៅ​ពេទ្យ​រុស្សី។ ប៉ុន្តែ​ក្រោយ​ពី​អាការ​បាន​ប្រសើរ​ក្រុម​គ្រូពេទ្យ​បាន​អនុញ្ញាត​ឲ្យ​ទៅ​សម្រាក​ព្យាបាល​នៅ​ផ្ទះ​វិញ។

ភរិយា​តារា​ចម្រៀង​រូប​នេះ​ ទើប​តែ​បញ្ជូន​មក​​សម្រាក​នៅ​មន្ទីរពេទ្យ​ដដែល​នេះ​ជា​ថ្មី​ម្ដង​ទៀត​កាល​ពី​ថ្ងៃ​ទី៩ ខែ មេសា ឆ្នាំ ២០១៧ បន្ទាប់​ពី​មេរោគ​មហារីក​បាន​រាល់​ដល់​ខួរក្បាល និង​សួត ក្រោយ​ចាក់​ថ្នាំ​គីមី​​ចូល។ តាម​ការ​​បញ្ជាក់​ពី​លោក រិន សាវ៉េត មក​ទល់​ពេល​នៅ​​ភរិយា​របស់​លោក​ស្ថិត​នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​នៅ​ឡើយ ដោយ​គ្រូពេទ្យ​ប្រាប់​ថា មហារីក​នោះ បាន​រីក​រាលដាល ដល់​ខួរក្បាល និង សួត ថែម​ទៀត។

ទោះបី​ជា​បាន​នាំ​​​ប្រពន្ធ​មក​ព្យាបាល​ជា​ច្រើន​លើក​ច្រើន​សារ​បែប​នេះ​ក្ដី លោក រិន សាវេត ថ្លែង​​ថា ខ្លួន​នៅតែ​មិន​អស់​ចិត្ត ក្នុង​​នាម​កាតព្វកិច្ច​ជា​ស្វាមី ដែល​មិន​​បាន​មើល​ថែ​ប្រពន្ធ​ឲ្យ​បាន​រស់​ដោយ​សុខ​ស្រួល។

លោក រិន សាវ៉េត មាន​កូន​ប្រុស​តែ​ម្នាក់​គត់​វ័យ​ជិត​១០ឆ្នាំ ជា​ចំណង​ដៃ​អាពាហ៍ពិពាហ៍។ បច្ចុប្បន្ន​លោក និង​ក្រុម​គ្រួសារ​ស្នាក់​នៅ​​ផ្ទះ​ជួល​មួយ​កន្លែង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ខាង​ក្រោយ​​មន្ទីរ​ពេទ្យ ព្រះកុសុមៈ ឬ ពេទ្យ​លោក​សង្ឃ ក្នុង​​ខ្ទង់​ជាង​២០០ដុល្លារ ក្នុង​មួយ​ខែ​បូក​ទាំង​ទឹក​ទាំង​ភ្លើង៕

អត្ថបទ៖ ស៊ុនហួត

អត្ថបទថ្មី