Man Utd ​សង្ឃឹម​ខ្ពស់​អាច​ឡើង​ Semi-Final ពាន​ UEFA Europa League ​យប់​នេះ

  • 2017-04-20 04:32:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បិសាច​ក្រហម​ Manchester United ​​​​នឹង​ត្រូវ​ប៉ះ​ក្រុម​ជើង​ឯក​រង​បែលហ្សិក​ Anderlecht ​ក្នុង​ការ​ប្រកួត​​ UEFA Europa League ​​​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ ជើង​ទី​២ ​​​​​នា​កីឡដ្ឋាន​ Old Trafford ​វេលា​ម៉ោង​០២:០៥​នាទី​យប់​នេះ។

កាល​ជើង​ទី​១ ​នៅ​​ប្រទេស​បែលហ្សិក​ Man Utd ​​អាច​រក​បាន​១​គ្រាប់​ក្រៅ​ដី​ដ៏​សំខាន់​ ដោយ​ស្មើ​គ្នា ១-១ ​ដូច្នេះ​​យប់​នេះ​ក្នុង​ទឹកដី​ខ្លួន​ឯង​​នៅ​ Old Trafford ​ក្រុម​របស់​លោក​ Jose Mourinho ​មាន​សង្ឃឹម​ច្រើន​ថា​នឹង​អាច​​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ (Semi-Final)។ ម៉្យាង​វិញ​ទៀត​ Man Utd ​ក៏​ចង់​លើក​ពាន​ UEFA Europa League ​ឲ្យ​បាន ​ដើម្បី​ធានា​បាន​កៅអី​លេង​ UEFA Champions League ​នៅ​រដូវ​កាល​ក្រោយ​​ផង​ដែរ។

ត្រួសៗ​ពី​ក្រុម​ Man Utd៖

ប្រធាន​ក្រុម​ Wayne Rooney ​រំពឹង​ថា ​នឹង​អាច​ចូល​លេង​បាន​ខ្លះ​នៅ​ចុង​ម៉ោង​យប់​នេះ​ បន្ទាប់​ពី​ត្រឡប់​មក​ហ្វឹកហាត់​បាន​​វិញ​ ​ក្រោយ​អវត្តមាន​​៤​ប្រកួត​ ដោយសារ​របួស​ក​ជើង។ អ្នកចាត់ការ​ Mourinho ​បាន​​បញ្ជាក់​​​ថា ​អ្នកចាំទី​ Sergio Romero ​នឹង​លេង​ជម្រើស​ដំបូង​ជំនួស​ David de Gea ​យប់​នេះ។

កីឡាករ​សំខាន់ៗ ​ដែល​របួស​មាន​ដូច​ជា Phil Jones (របួស​ជើង), Chris Smalling (ជង្គង់) និង​ Juan Mata (របួស​ក្រលៀន)។ ចំណែក​ឯ​ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic ​​នឹង​អាច​ជាប់​ជម្រើស​ដំបូង​វិញ ​បន្ទាប់​ពី​​អង្គុយ​កៅអី​បម្រុង​៨៣​នាទី ​កាល​ឈ្នះ​ Chelsea ​២-០ ​យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

ប្រវត្តិ​ និង​ស្ថិតិ​មួយ​ចំនួន៖

  • Man Utd ​​ធ្លាប់​ឈ្នះ​ Anderlecht ​ទាំង​៣​ប្រកួត​នៅ​ Old Trafford ​និង​ធ្លាប់​ឈ្នះ​​ ១០-០ ​​ជាប់​កំណត់ត្រា​​ឈ្នះ​ច្រើន​គ្រាប់​បំផុត​ កាល​ខែ​កញ្ញា ​ឆ្នាំ​១៩៥៦។

  • Man Utd ​ឈ្នះ​​ទាំង​៥​ប្រកួត ​នៅ​ពាន​ UEFA Europa League ​ក្នុង​ទឹក​ដី​ខ្លួន​ឯង​​រដូវ​កាល​នេះ។

  • Anderlecht ​មិន​ដែល​ឈ្នះ​​ការ​ប្រកួត​ក្នុង​ទឹកដី​អង់គ្លេស​ទេ ​ដោយ​ប្រកួត​​១៥​ដង (ស្មើ​២ ចាញ់​១៣​ដង)៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​