Liverpool ​ដេញ​ថ្លៃ​តារា​ឆ្នើម​​ក្រុម​ Real Madrid ​តម្លៃ​៤២​លាន​ផោន

  • 2017-04-21 03:24:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ហង្ស​ក្រហម​ Liverpool ​​បាន​ដេញ​ថ្លៃ​កីឡាករ​ឆ្នើម​វ័យ​ក្មេង​ Marco Asensio ​របស់​ក្រុម​ Real Madrid ​តម្លៃ​​៤២​លាន​ផោន​ ​ប៉ុន្តែ​ត្រូវ​ក្លឹប​យក្ស​អេស្ប៉ាញ​បដិសេធ។ ​នេះ​បើ​តាម​​​​កាសែត​​ Marca។

កីឡាករ​ឆ្នើម​វ័យ​ក្មេង​ Marco Asensio ​របស់​ក្រុម​ Real Madrid

កីឡាករ​ជម្រើស​ជាតិ​​អេស្ប៉ាញ​ វ័យ​២១​ឆ្នាំ​ ​​បាន​ក្លាយ​ជា​តួអង្គ​ដ៏​សំខាន់​របស់​ក្រុម​ Zinedine Zidane ​មួយ​រូប​ដែរ​រដូវ​កាល​នេះ​ ដោយ​រូប​គេ​បាន​បង្ហាញ​ខ្លួន​សរុប​​ជិត​១០០០​នាទី​ ​ស៊ុត​បាន​​៩​គ្រាប់។ ជា​ពិសេស​ ​Asensio ​ទើប​បញ្ចេញ​ថ្វី​ជើង​​អូស​ញាក់​ស៊ុត​ក្រុម​ Bayern Munich ​ជួយ​ឲ្យ​ Real ​ឈ្នះ​ ៤-២ ​នៅ​ជើង​ទី​២​ ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ UEFA Champions League ​​កាល​ពី​យប់​ថ្ងៃ​អង្គារ​​​ផង​ដែរ។

សេចក្ដីរាយការណ៍​ដដែល​​បញ្ជាក់​ថា ​អ្នកចាត់ការ​ Jurgen Klopp ​របស់​ Liverpool ​ចង់​បាន​​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​ទៅ​កីឡដ្ឋាន​ Anfield ​រដូវ​កាល​ក្រោយ ​ប៉ុន្តែ​ Real Madrid ​​​បាន​បដិសេធ​សំណើ​ដេញ​​ថ្លៃ​៤២​លាន​​ផោន​ ព្រោះ​​​យល់​ថា​កីឡាករ​រូប​នេះ​ ​អាច​នឹង​ក្លាយ​ជា​ Super Star ​នៅ​កីឡដ្ឋាន​ Bernabeu ​នា​ពេល​អនាគត៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​