ម្តាយក្មេក​ចិត្តធម៌ ស្លៀកឈុតតុក្កតា ឲ្យគេ​ថតរូប​ជាមួយ រកលុយ​ព្យាបាលជំងឺ​កូនប្រសាស្រី

  • 2017-04-21 03:35:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ជនជាតិ​ចិន វ័យ​ចំណាស់​ម្នាក់ បាន​ស្លៀក​ឈុត​តុក្កតា ដើរ​តាម​ដង​ផ្លូវ ដើម្បី​ព្យាយាម​រក​លុយ​ព្យាបាល​ជំងឺ​កូន​ប្រសា​ស្រី។

ម្ដាយ​ក្មេក​ចិត្តធម៌​រូប​នោះ មាន​ឈ្មោះ​ថា Yin Pizhi បាន​ស្លៀក​ឈុត​តុក្កតា Minnie Mouse ដើរ​តាម​ដង​ផ្លូវ ដោយ​ឲ្យ​គេ​ថតរូប​ជាមួយ​ជា​រៀង​រាល់​ថ្ងៃ (តម្លៃ​ចន្លោះ​ពី ០.១៥​ដុល្លារ ទៅ ០.៧៥​ដុល្លារ សម្រាប់​ការ​ថតរូប​ជា​ក្រុម) ដើម្បី​រក​ប្រាក់​ព្យាបាល​កូន​ប្រសា​ស្រី ដែល​កំពុង​រង​របួស​ធ្ងន់ធ្ងរ ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរ។

កូន​ប្រសា​ស្រី​នោះ មាន​ឈ្មោះ​ថា Wang Hai-mei បាន​ស្នាក់​នៅ​មន្ទីរពេទ្យ Ningjin County People's Hospital អស់​រយៈពេល​ជាង ៥០​ថ្ងៃ​មក​ហើយ និង​នៅ​តែ​មិនទាន់​ដឹង​ខ្លួន ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មួយ​ទៀត នៅ​ក្នុង​ទីក្រុង Jinan។ ជាមួយ​គ្នា​នេះ​ដែរ កូន​ប្រុស​របស់​អ្នកស្រី Pizhi មាន​ជំងឺបេះដូង និង​ប្រើ​ថ្នាំពេទ្យ​អស់​រយៈពេល​យូរ​មក​ហើយ មានន័យថា រូប​គេ​មិន​អាច​ធ្វើ​ការ​អ្វី​បាន​ឡើយ។

អ្នកស្រី Pizhi បាន​ប្រាប់​ឲ្យ​ដឹង​ថា កូនប្រសា​ស្រី​របស់​អ្នកស្រី ជា​អ្នក​ធ្វើ​ការ និង​រក​ចំណូល​ចូល​គ្រួសារ ប៉ុន្តែ​ឥឡូវ​នេះ​នាង​បាន​រង​គ្រោះថ្នាក់ ធ្វើ​ឲ្យ​គ្មាន​ចំណូល​ចូល​គ្រួសារ​ឡើយ។ ដូច្នេះ​ដើម្បី​រក​ប្រាក់​ជួយ​ព្យាបាល​កូន​ប្រសា​ស្រី​ឲ្យ​ជា​សះស្បើយ​ឡើង​វិញ អ្នក​ស្រី​ក៏​បាន​សម្រេចចិត្ត​ទៅ​ខ្ចី​ឈុត​តុក្កតា Minnie Mouse នោះ ពី​មិត្តភ័ក្ដិ​របស់​កូនប្រុស​អ្នកស្រី​តែម្ដង៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង