ត្រៀមៗ ប្រកួត​ប្រដាល់​គូ​អន្តរជាតិ​ទៀត​ហើយ​ ចុង​សប្ដាហ៍​នេះ

  • 2017-04-21 09:37:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រដាល់​ដ៏​មាន​ប្រជាប្រិយភាព​របស់​ស្ថានីយ​ទូរទស្សន៍ ភីអិនអិន (PNN) "សមរភូមិ​អ្នក​ប្រយុទ្ធ" បាន​ត្រឡប់​សារ​ជា​ថ្មី ជាមួយ​នឹង​ការ​ប្រយុទ្ធ​រវាង​កំពូល​អ្នក​លេង​ក្បាច់គុន​បុរាណ​ខ្មែរ និង​ជើង​ខ្លាំង​ឆ្លងដែន​ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ "ខ្លាំង​ប៉ះ​ខ្លាំង"។

ឆ្លង​កាត់ ៥ រដូវ​កាល​នា​ពេល​កន្លង​មក "សមរ​ភូមិ​អ្នក​ប្រយុទ្ធ" បាន​រៀបចំ​ដោយ​ជោគ​ជ័យ​នូវ​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ជា​បន្តបន្ទាប់ ដែល​ចុង​ក្រោយ​នេះ ពេជ្រ ម្ទេស​ខ្មាំង អ្នក​ប្រដាល់​វ័យ​ក្មេង​របស់​កម្ពុជា បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ទម្ងន់ ៥៧ គីឡូក្រាម។

សម្រាប់​រដូវ​កាល​ទី ៦ "សមរ​ភូមិ​អ្នក​ប្រយុទ្ធ" នឹង​រៀបចំ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ដែល​ប្រមូល​ផ្ដុំ​ដោយ​ជើងខ្លាំង​គុន​ខ្មែរ​គ្រប់​ប្រភេទ​ទម្ងន់ ដើម្បី​ប្រកួត​តទល់​នឹង​អ្នក​ប្រដាល់​ឆ្លងដែន​ដែល​មាន​សមត្ថភាព​ខ្ពស់។

រដូវ​កាល​ថ្មី ដែល​ធ្វើ​នៅ​ថ្ងៃ​ទី​២៣ មេសា នេះ កំពូល​អ្នក​លេង​ជង្គង់ ឡុង សុភី ដែល​អ្នក​ទស្សនា​ជាច្រើន​ស្គាល់​ថា "អធិរាជ​ជង្គង់​ទិព្វ" នឹង​ស្វាគមន៍​ខ្លា​កំណាច​មក​ពី​ឡាវ ហើយ​អ្នក​លេង​កណ្ដាប់ដៃ​ ខាំ ខ្លា​នាង ដែល​កំពុង​តែ​បង្កើន​ប្រជាប្រិយភាព​របស់​ខ្លួន​តាម​រយៈ​ការ​ផ្ដួល​ជើង​ខ្លាំង​ឆ្លងដែន​នោះ ក៏​ត្រូវ​សាក​ល្បង​ស្នៀត​នឹង​អ្នក​ប្រដាល់​វ័យក្មេង​មកពី​ថៃ អានុន ផង​ដែរ។

"សមរ​ភូមិ​អ្នក​ប្រយុទ្ធ" PNN ត្រូវ​បាន​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​ខ្មែរ ទទួល​ស្គាល់​ថា ជា​សង្វៀន​ដែល​មានការ​ផ្គូផ្គង​ដោយ​យក​ចិត្ត​ទុកដាក់​ពី​សំណាក់​អ្នក​គ្រប់​គ្រង​កម្មវិធី ហើយ​កម្មវិធី​មួយ​នេះ ក៏​ចូលរួម​ចំណែក​ក្នុង​ការ​អភិរក្ស និង​លើកស្ទួយ​ក្បាច់គុន​បុរាណ​ខ្មែរ តាម​រយៈ​ការ​បង្កើត​ធន​ធាន​កីឡាករ​ថ្មី និង​ជំរុញ​ឱ្យ​យុវជន​ជំនាន់​ក្រោយ​ស្រលាញ់ ព្រម​ទាំង​ថែរក្សា​កេរ្តិ៍មរតក​ដូនតា​ដ៏​មាន​តម្លៃ​នេះ។

ការ​ប្រកួត​នឹង​រៀបចំ​រៀង​រាល់​ថ្ងៃអាទិត្យ រួច​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​នៅ PNN ចាប់​ពី​ម៉ោង ៥ ល្ងាច​តទៅ ហើយ​ទាំង​អស់​គ្នា​អាច​ចូលរួម​ទស្សនា​បាន​ដោយ​សេរី។

តោះ មើល​វីដេអូ​ខ្លី​ពី​ការ​ប្រកួត​តិច​មើល៎៖

ដោយ៖ វិទូ

អត្ថបទថ្មី