កូរ៉េខាងជើង​ប្រកាស​ប្រើ​នុយក្លេអ៊ែរ​ធ្វើ​សង្គ្រាម បើ​ត្រាំ​ ហ៊ាន​ប៉ះ​មុន

  • 2017-04-23 02:07:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​​ដោយ​គំរាម​បង្កើត​សង្គ្រាម​នុយក្លេអ៊ែរ​ប្រឆាំង​សហរដ្ឋអាមេរិក បើ​លោក​ ដូណាល់ ត្រាំ ​បើក​ការ​វាយ​ប្រហារ​លើ​កូរ៉េខាងជើង​មែន​នោះ។

គីម ជុងអ៊ុន, រូបភាពផ្ដល់សិទ្ធិដោយ Reuters

អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​ បាន​សរសេរ​​នៅ​ថ្ងៃ​សៅ​ទី​ ២២​មេសា​ ថា "កូរ៉េខាងជើង​នឹង​ឆ្លើយ​តប​ចំពោះ​សង្គ្រាម​ទាំង​ស្រុង​ដែល​ជា​សង្គ្រាម​នុយក្លេអ៊ែរ ហើយ​ធានា​ថា​​នឹង​ទទួល​បាន​ជ័យជំនះ​លើ​ចក្រពត្តិ​និយម​អាមេរិក។"

សារ​ខាង​លើ គឺ​ជា​សារ​គួរ​ឲ្យ​ចាប់​​អារម្មណ៍​មួយ​ក្នុង​ចំណោម​សារ​ទាំង​៣​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍ និង​ជា​​ការ​បន្ទរ​ពី​ក្រោយ​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ម្នាក់​​ដែល​បាន​មាន​ប្រសាសន៍​ក្នុង​ក្បួន​យោធា Day of the Sun នៅ​ទីក្រុង​ព្យុងយ៉ាង​ កាល​ពី​ដើម​ខែ​នេះ​។

អ្នក​នាំ​ដដែល​បាន​ចោទ​ប្រកាន់​​សហរដ្ឋអាមេរិក​ និង​រដ្ឋបាល​របស់​លោក​ត្រាំ ថា​​បាន​ធ្វើ​ឲ្យ​ភាព​តាន​តឹង​នៅ​ឧបទ្វីប​កូរ៉េ​ឡើង​កម្ដៅ​នា​ប៉ុន្មាន​ខែ​​ចុង​ក្រោយ។ សារ​របស់​លោក​ទំនង​ជា​ចង់​សំដៅ​​ផ្ទាល់​​នៃ​ការ​មក​ដល់​របស់​កង​នាវា​ដឹក​យន្តហោះ​ចម្បាំង​ USS Carl Vinson ​នៅ​ឧបទ្វីប​កូរ៉េ។

គួរ​បញ្ជាក់​ថា ​ក្នុង​ថ្ងៃ​សៅរ៍​ជាមួយ​គ្នា កូរ៉េខាងជើង​ក៏​បាន​គំរាម​សង្គ្រាម​នុយក្លេអ៊ែរ​លើ​ប្រទេស​អូស្ត្រាលី​ដែរ បន្ទាប់ពី​អូស្ត្រាលី​ព្រម​ឲ្យ​កង​កម្លាំង​អាមេរិក​មក​​កាន់​ប្រទេស​ខ្លួន៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ