កាន់តែ​ក្ដៅ! កូរ៉េខាងជើង ព្រមានបាញ់​១គ្រាប់ ពន្លិចនាវា​ដឹកយន្តហោះ​ចម្បាំងអាមេរិក

  • 2017-04-24 00:39:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េខាងជើង បាន​ព្រមាន​បាញ់​ពន្លិច​នាវា​ដឹក​យន្តហោះ​ចម្បាំង​អាមេរិកUSS Carl Vinson ស្រប​ពេល​ដែល​វា​កំពុង​ឆ្ពោះ​ទៅ​ចូលរួម​សម​យុទ្ធ​យោធា ជាមួយ​នឹង​នាវា​ជើង​ទឹក​របស់​ប្រទេស​ជប៉ុន នៅ​សមុទ្រ​ហ្វីលីពីន។

កាសែត Rodong Sinmun របស់​ប្រទេស​កូរ៉េខាងជើង បាន​ចេញ​ផ្សាយ​ការ​ព្រមាន​ថា មេដឹកនាំ​ផ្ដាច់ការ គីម ជុងអ៊ុន បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​ប្រើ​កម្លាំង​យោធា​របស់​ខ្លួន ដែល​អាច​បាញ់​ពន្លិច​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក ដោយ​ប្រើ​តែ​១​គ្រាប់​ប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ កាសែត​ខាងលើ​នេះ បាន​បន្ត​អះអាង​ថា យោធា​របស់​ប្រទេស​កូរ៉េខាងជើង មាន​សមត្ថភាព​អាច​បាញ់​ដល់​ទ្វីបអាមេរិក និង តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​ប្រទេស​មួយ​នេះ (កូរ៉េខាងជើង) មាន​កាន់កាប់​គ្រាប់បែក​អ៊ីដ្រូសែន (Hydrogen Bomb) ដែល​គេ​ចាត់​ទុក​ថា​ជា «អាវុធ​ផ្ដាច់ការ» ដ៏​សាហាវ​ទៀត​ផង។

គួរ​បញ្ជាក់​ថា ការ​ព្រមាន​នេះ​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​នាវា​ពិឃាដ​ជប៉ុន ២​គ្រឿង បាន​ចូលរួម​ជាមួយ នាវា​ដឹក​យន្តហោះ​ចម្បាំង​អាមេរិកUSS Carl Vinson និង នាវា​ចម្បាំង​អាមេរិក ២​គ្រឿង​ផ្សេង​ទៀត។

គួរ​រំលឹក​ផង​ដែរ​ថា ប្រទេស​កូរ៉េ​ខាង​ជើង ទើប​តែ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ ​ដោយ​គំរាម​បង្កើត​សង្គ្រាម​នុយក្លេអ៊ែរ​ប្រឆាំង​សហរដ្ឋអាមេរិក បើ​លោក ដូណាល់ ត្រាំ ​បើក​ការ​វាយ​ប្រហារ​លើ​កូរ៉េខាងជើង​មែន​នោះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម