៨ ចំណុច​ Galaxy S8 ប្រល័យ​យក​ឈ្នះ​ iPhone 7 យ៉ាង​ងាយស្រួល

  • 2017-04-29 04:41:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​ការ​សម្ពោធ​បង្ហាញ​ Galaxy S8 រំលង​ប្រហែល ១ ខែ​ហើយ​នោះ ការ​ចេញ​លក់​សម្រាប់​ទីផ្សារ​កម្ពុជា​ក៏​កៀក​នឹង​ជិត​មក​ដល់​នៅ​ដើម​ខែ​ក្រោយ​។​ យោង​តាម​គេហទំព័រ​ក្រៅ​ស្រុក​មួយ​បាន​រៀបរាប់​ពី​ចំណុច​ពិសេស​ៗ​ទាំង ៨ របស់​ Galaxy S8 ដែល​អាច​យក​ឈ្នះ​ទៅ​លើ iPhone 7 ដែល​បង្ហាញ​ខ្លួន​ចុង​ឆ្នាំ​ទៅ​បាន​យ៉ាង​ស្រួល។

១. កម្រិត​បង្ហាញ​អេក្រង់:

ដូច​អ្វី​ដែល​ប្រិយមិត្ត​បាន​ដឹង​ហើយ​ថា Galaxy S8 មាន​អេក្រង់​ទំហំ ៥,៨ អ៊ីញ​ធំ​ជាង iPhone 7 មាន​ត្រឹម​តែ ៤,៧​ អ៊ីញ​ប៉ុណ្ណោះ​។ អាច​ថា​វា​មិន​សំខាន់​ សម្រាប់​អ្នក​ប្រាថ្នា​ស្មាតហ្វូន​អេក្រង់​តូច ប៉ុន្តែ​បើ​លើក​ឡើង​ពី​កម្រិត​បង្ហាញ​ និង​សមាមាត្រ​អេក្រង់​របស់ S8 គឺ​យក​ឈ្នះ​ដាច់​ទៅ​លើ iPhone 7 ។​

២. រន្ធ​ដោត​កាស​:

Apple បាន​សម្រេច​ដក​ចោល​នូវ​រន្ធ​ដោត​កាស​ទំហំ 3,5mm ពី​ទូរស័ព្ទ​ iPhone 7 កាល​ពី​ឆ្នាំ​ទៅ ហើយ​វា​ក៏​បង្ក​ការ​មិន​ពេញ​ចិត្ត​ពី​អ្នក​ប្រើប្រាស់​ iOS តែ​បើ​យើង​ក្រឡេក​មក​មើល S8 ឯ​ណេះ​វិញ គឺ​នៅ​រក្សា​ការ​បំពាក់​រន្ធ​ដោត​កាស​ដដែល ទន្ទឹម​នឹង​មុខងារ​មិន​ជ្រាប​ទឹក IP68 ខ្ពស់​ជាង​ស្តង់ដារ​ IP67 របស់​ iPhone 7​។​

៣. មុខងារ​ដោះ​សោ​:

S8 បាន​ភ្ជាប់​មក​ជា​ច្រើន​ នូវ​មុខងារ​ដោះ​សោ​អេក្រង់​ ដូច​ជា​ការ​ប្រើប្រាស់ Password, មុខងារ​ស្កេន​ផ្ទៃ​មុខ, ស្កេន​ប្រស្រី​ភ្នែក និង​មុខងារ​ស្កេន​ក្រញៅ​ដៃ ខណៈ​ iPhone 7 របស់​ Apple មាន​ត្រឹម​តែ ២ គត់​គឺ​ TouchID (ស្កេន​ក្រញៅ​ដៃ) និង​ការ​ដាក់​ Password (លេខ​កូដ​) ធម្មតា​។​

៤.​ ការ​បន្ថែម​ MicroSD:

ជា​ធម្មតា​បើ​លើក​និយាយ​ពី iPhone បើ​ចង់​បាន​អង្គ​ផ្ទុក​ទិន្នន័យ​ខ្ពស់ គឺ​ត្រូវ​ថែម​លុយ​ ១០០ ដុល្លារ ទៅ​ ២០០ ដុល្លារ​ លើ​អង្គ​ផ្ទុក​តាម​ជម្រើស​​ ។ ងាក​ទៅ​មើល S8 ឯ​ណោះ​វិញ ដោយ​ទោះ​បី​មាន​ត្រឹម​តែ​អង្គ​ផ្ទុក 64GB ក្ដី ប៉ុន្តែ​វា​ក៏​អនុញ្ញាត​ឱ្យ​យើង​បន្ថែម​ MicroSD ខាង​ក្រៅ ដល់​ទៅ ២៥៦ ជីហ្គាបៃ ដែល​ MicroSD ប្រភេទ​នេះ បច្ចុប្បន្ន​នៅ​លើ​ទីផ្សារ​លក់​មិន​ដល់​ ១៥០ ដុល្លារ​ឡើយ​។

៥. ការ​រចនា

បើ​យើង​និយាយ​ពី​ផ្នែក​ខាង​មុខ​នៃ​ម៉ាស៊ីន iPhone 7 ពិត​ជា​មិន​អាច​ស៊ី​ដាច់​លើ​ប្រភេទ​ផ្ទៃ​អេក្រង់​ពេញ​របស់ S8 ពិត​មែន ។​ អ្នក​អាច​រអ៊ូ​ថា​កម្រាស់​វា​រាង​ក្រាស់​ជាង i7 បន្តិច​ហើយ ប៉ុន្តែ​ត្រូវ​ដឹង​​វា​មាន​លែន​កាមេរ៉ា​រៀប​ស្មើ​ខ្នង​សំបក​ក្រោយ គឺ​មិន​លៀន​ចេញ​មក​ក្រៅ​ដូច​ iPhone របស់​ Apple ដែល​វា​ពិបាក​សម្រាប់​អ្នក​ប្រើប្រាស់​ក្នុង​ការ​ដាក់​ទូរស័ព្ទ​លើ​តុ​ចុច​លេង​ហ្គេម​អ្វី​ជា​ដើម​។

​​ ៦. មុខងារ​សាក​ថ្ម​ឥត​ខ្សែ​និង​ថាមពល​ថ្ម​:

សម្រាប់​មុខងារ​សាក​ថ្ម​ឥត​ខ្សែ​ (Wireless Charging) ជា​ទូ​ទៅ iPhone 7 ពុំ​អាច​ប្រើប្រាស់​បាន​ឡើយ​។​ មិន​ជា​បញ្ហា​សម្រាប់ S8 វា​មាន​ទាំង​មុខងារ​សាក​ថ្ម​រហ័ស សាក​ថ្ម​ឥត​ខ្សែ និង​សាក​ថ្ម​រហ័ស​ឥត​ខ្សែ​ ថែម​ទៀត​ផង ដែល​ ៣ មុខងារ​នេះ គឺ​បំបាក់​លើ iPhone 7 ស្រួល​ជា​ទី​បំផុត​។​ ថាមពល​ថ្ម​របស់ S8 មាន​ ទំហំ ៣,000 មី​លី​អំពែ វ៉ា​ដាច់​លើ​ iPhone 7 មាន​ត្រឹម​តែ១,៩៦០ មី​លី​អំពែ ។

៧. ការ​តុប​តែង​កម្មវិធី​:

ករណី​នេះ​មិន​មាន​ន័យ​ថា ផ្ទៃ​កម្មវិធី​ Android ប្រសើរ​ជាង​ iOS ឡើយ ប៉ុន្តែ​បើ​យើង​និយាយ​ជា​ភាសា​សាមញ្ញ សូម្បី​មុខងារ​ប៊ូតុង​បញ្ជា ទាំង ៣ នៅ​ខាង​ក្រោម S8 ក៏​អនុញ្ញាត​ឱ្យ​យើង​ផ្លាស់ប្ដូរ​រៀប​ចំ​តាម​លំដាប់​បាន មួយ​វិញ​ទៀត​មុខងារ Always on Display នឹង​អនុញ្ញាត​ឱ្យ​យើង​អាច​បន្ថែម​នូវ​ Widgets មួយ​ចំនួន​ផ្សេង​ទៀត​ នៅ​លើ​ផ្ទាំង​ Lock Screen ។​ ក្រៅ​ពី​នោះ​គឺ​ជំនួយ​ការ​ Bixby និង​ Google Assistant ដែល​វា​ជម្រើស ២ លើ​ទូរស័ព្ទ​តែ​មួយ S8 ផ្ទុយ​ទៅ​វិញ សម្រាប់ iPhone 7 គឺ​ពុំ​មាន​ដូច​គេ​ឡើយ​។​

៨. បច្ចេកវិទ្យា​ VR:

បច្ចុប្បន្ន​ SAMSUNG បាន​ប្រកាស​បង្ហាញ​នូវ Gear VR ជំនាន់​ទី ៣ ដែល​មាន​មុខងារ​បញ្ជា​ប្រជែង​នឹង Apple ដែល​ប្រើប្រាស់​នូវ​ផលិត​ផល​ VR ដទៃ​។​ មិន​មាន​មនុស្ស​ច្រើន​ឡើយ ដែល​ប្រើប្រាស់​នូវ​ឧបករណ៍​ Gear VR ផ្ទាល់​របស់ SAMSUNG តែ​បើ​យើង​និយាយ​ប្រៀបធៀប​ជាមួយ​ផលិតផល​ Apple គឺ​ S8 ឈ្នះ​ទៀត​ហើយ មួយ​វិញ​ទៀត​គឺ​មុខងារ DeX ដែល​វា​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​អាច​បម្លែង​ទូរស័ព្ទ​ S8 របស់​ខ្លួន​ទៅ​ជា​កុំព្យូទ័រ PC បាន​យ៉ាង​ឡូយ​។

សរុប​មក​វិញ​សម្រាប់​ការ​លើក​ឡើង​ទាំង ៨ ចំណុច​ខាង​លើ​ ក៏​ជឿជាក់​ថា​ប្រិយមិត្ត​អ្នក​អាន​អាច​នឹង​កំពុង​ចាប់ចិត្ត​លើ​ Galaxy S8 ច្រើន​ហើយ​។ បញ្ជាក់​ថា​តម្លៃ​ក្រៅ​ស្រុក​បច្ចុប្បន្ន iPhone 7 ទំហំ 128GB មាន​តម្លៃ ៧៤៩ ដុល្លារ​ប្រកៀក​ប្រកិត​​​នឹង Galaxy S8 ទំហំ​ 64GB តម្លៃ​ ៧៥០ ដុល្លារ​។

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា