៤ ចំណុចត្រូវធ្វើជាបន្ទាន់ បើដឹងគណនី Facebook អ្នកត្រូវបានគេ Hack!

  • 2017-05-01 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រើប្រាស់ Facebook បានផ្ដល់ទាំងអត្ថប្រយោជន៍និងគុណវិបត្តិ សោតយ៉ាងដូចជាថ្ងៃណាមួយបើគណនី Facebook របស់អ្នកត្រូវបានគេ Hack យក នោះបញ្ហាជាច្រើនអាចនឹងកើតមានឡើងទៅលើអ្នកផ្ទាល់។ ម្ល៉ោះហើយក្នុងថ្ងៃនេះ Sabay ក៏សូមចែករំលែកនូវវិធីសាស្ត្រ ៤ ចំណុច ដែលអ្នកត្រូវធ្វើភ្លាមៗ ករណីបើអ្នកបានដឹងថា Facebook របស់អ្នកមានភាពខុសប្រក្រតីឫត្រូវបានគេ Hack ។

ធ្វើម៉េចទើបដឹងថាគណនី Facebook របស់អ្នកត្រូវបានគេ Hack?

ជាធម្មតាពួក Hacker ឫពួកអនាមិកបើគេបានលួចលុកលុយចូល ក្នុងគណនី Facebook របស់យើង នោះពួកគេ អាចនឹងបន្សល់ដានឱ្យយើងដឹង។ សូមអ្នកចុចចូលទៅកាន់ Account Settings > Security > Active Sessions (ចុច Edit) នោះអ្នកនឹងបានឃើញនូវឧបករណ៍ណាខ្លះ ដែលបាន Log In គណនី Facebook របស់យើង ហើយករណីបើយើងឃើញឈ្មោះឧបករណ៍ណាប្លែក សូមធ្វើការបញ្ចប់ដោយចុច Log Out ឫ End ។

+៤ ចំណុចដែលអ្នកត្រូវធ្វើជាបន្ទាន់

១. ប្ដូរលេខកូដសម្ងាត់នៃគណនី

ករណីបើជនខិលខូចមិនទាន់បានប្ដូរនូវលេខកូដគណនី នោះអាចជាសំណាងរបស់អ្នក ហើយសូមធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ភ្លាមៗ ដោយចុចចូល Account Settings > General > ចុចត្រង់ពាក្យ Password ហើយធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ថ្មី។

** ករណីអ្នកលួច Hack ប្ដូរកូដសម្ងាត់មុនយើង ៖

ករណីអ្នកដែល Hack បានប្ដូរកូដសម្ងាត់មុន សូមអ្នកប្រើវិធី Forgot your password? ហើយវាទាមទារឱ្យអ្នកវាយបញ្ចូល Email (ត្រូវចាំកូដ Email ដើម) ឫលក្ខខណ្ឌវាយបញ្ចូលលេខទូរស័ព្ទ ដើម្បី Reset Password ដែលគេប្ដូរយកត្រលប់មកវិញ។

២.ធ្វើការរាយការណ៍ទៅកាន់ក្រុមហ៊ុនថា Facebook យើងខូច

បើអ្នកជួបបញ្ហាគណនីរបស់អ្នក សុខៗផ្ញើឯកសារមេរោគឫពាណិជ្ជកម្មផ្សេងៗ ទៅកាន់គណនីរបស់មិត្តភ័ក្ដិអ្នក នោះក៏មានន័យថាគណនីរបស់អ្នកមានភាពមិនប្រក្រតីផងដែរ ម្ល៉ោះហើយសូមធ្វើការរាយការណ៍ទៅកាន់ Facebook (Report Compromised Account) ដោយចុចតំណត្រង់នេះ

៣.គ្រប់គ្រងស្ថានការណ៍ខូចខាតជាបន្ទាន់

បន្ទាប់ពីប៉ុន្មានជំហានខាងលើហើយ បើសិនជាអាចអ្នកក៏គួរតែធ្វើការបង្ហោះសារចែកចាយទៅកាន់អ្នកដទៃឫមិត្តភ័ក្ដិរបស់អ្នក ថាបច្ចុប្បន្នគណនី Facebook ផ្ទាល់ខ្លួនរបស់អ្នកកំពុងមានគេលួចយកទៅប្រើប្រាស់ (Hack) ជៀសវាងការជួបបញ្ហាផ្សេងៗ ដែលអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើរូបយើងផ្ទាល់។

៤.លុបចោលកម្មវិធីគួរឱ្យសង្ស័យ

មិនមែនមានន័យថាតម្រូវឱ្យអ្នកលុបកម្មវិធីពីក្នុងទូរស័ព្ទផ្ទាល់នោះទេ ផ្ទុយទៅវិញចង់សំដៅទៅរាល់ការភ្ជាប់នូវកម្មវិធីទាំងប៉ុន្មានជាមួយ Facebook (ឧទាហរណ៍: អ្នកភ្ជាប់គណនី Facebook ជាមួយហ្គេម Hay Day) ។ ករណីបើអ្នកគិតថាកម្មវិធីឫហ្គេមនោះ វាពុំមានប្រយោជន៍សម្រាប់អ្នកឫគួរឱ្យសង្ស័យ សូមអ្នកចុច Remove វាចោលពីគណនីដោយចូលទៅកាន់ Account Settings > App ហើយមើលនៃបញ្ជីកម្មវិធីទាំងអស់ រួចចុច Edit > ធ្វើការ Remove ទៅតាមការគួរ។

ក្រោយពេលអ្នកបានអនុវត្តជំហានទាំង ៤ ខាងលើនេះហើយ Sabay ក៏ជឿថាវាអាចជាបទពិសោធន៍ថ្មីមួយសម្រាប់អ្នកទាំងអស់គ្នា ហើយក៏ជាវិធីដោះស្រាយយ៉ាងរហ័សនិងបានផលបំផុត ចំពោះការជួបបញ្ហាដូចដែលបានរៀបរាប់ខាងលើ៕

អត្ថបទ៖ សុខហេង