ថ្ងៃមង្គលការ កូនក្រមុំឥណ្ឌាទទួលបានឈើ១កំណាត់ម្នាក់ ទុកវាយប្តីប្រមឹក
- 2017-05-01 08:41:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃមង្គលការ កូនក្រមុំឥណ្ឌាទទួលបានឈើ១កំណាត់ម្នាក់ ទុកវាយប្តីប្រមឹក
ចន្លោះមិនឃើញ
រដ្ឋមន្ត្រីឥណ្ឌា បានចែកដំបងឈើជាច្រើនដើម ទៅដល់កូនក្រមុំរៀបការថ្មីថ្មោង ដោយជំរុញឲ្យពួកគេប្រើវាជាអាវុធ ប្រសិនបើស្វាមីរបស់ពួកគេ ក្លាយជាជនប្រមឹក ឬធ្វើទង្វើរំលោភបំពានផ្សេងៗ។
សមាជិកសភាឥណ្ឌា លោក Gopal Bhargava បានឲ្យដំបងឈើទៅកូនក្រមុំជិត ៧០០នាក់ នៅក្នុងពិធីមង្គលការដ៏ធំមួយ ដែលរៀបចំឡើងដោយរដ្ឋាភិបាល នៃរដ្ឋ Madhya Pradesh កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ។
ដំបងឈើមានប្រវែង ៣០សង់ទីម៉ែត្រនោះ មានអក្សរសរសេរពីលើវាថា «សម្រាប់វាយមនុស្សប្រមឹក» និង «ប៉ូលិសនឹងមិនធ្វើអន្តរាគមន៍ឡើយ»។
ទោះជាយ៉ាងណា លោក Bhargava បានប្រាប់កូនក្រមុំឲ្យវែកញែកហេតុផល ជាមួយស្វាមីរបស់ពួកគេសិន និងបានបន្ថែមថា ពួកនាងគួរតែប្រើដំបងឈើដោះស្រាយ ប្រសិនបើស្វាមីរបស់ពួកនាង មិនព្រមស្ដាប់។ ជាមួយគ្នានេះដែរ លោក Bhargava បានប្រាប់សារព័ត៌មាន AFP ថា លោកចង់យកចិត្តទុកដាក់ ចំពោះការលំបាករបស់ស្ត្រីនៅតាមជនបទ ដែលប្រឈមនឹងការរំលោភបំពាន ពីស្វាមីប្រមឹករបស់ពួកគេ។
«ស្ត្រីនិយាយថា រាល់ពេលដែលស្វាមីរបស់ពួកគេស្រវឹង តែងតែប្រើអំពើហិង្សា។ ទ្រព្យសម្បត្តិរបស់ពួកគេត្រូវបាត់បង់ និងចំណាយលើស្រា»។ នេះបើតាមសម្ដី លោក Bhargava។ រដ្ឋមន្ត្រីខាងលើបានបន្ថែមទៀតថា «វាមិនមែនជាចេតនា ឬការជំរុញឲ្យស្ត្រីប្រើអំពើហិង្សាឡើយ ប៉ុន្តែដំបងឈើនេះសម្រាប់ការពារអំពើហិង្សា»។
គួរបញ្ជាក់ថា លោក Bhargava បានកុម្ម៉ង់ទិញដំបងឈើនេះប្រមាណជា ១០ ០០០ដើម សម្រាប់ចែកចាយឲ្យកូនក្រមុំរៀបការថ្មីថ្មោង៕