ដូណាល់ ត្រាំ៖ «ខ្ញុំនឹងជួប គីម ជុងអ៊ុន នៅកាលៈទេសៈ​ត្រឹមត្រូវ​ណាមួយ»

  • 2017-05-02 00:58:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​ថា លោក​នឹង​មាន​កិត្តិយស​ទៅ​ជួប មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន នៅ​ក្នុង​កាលៈទេសៈ​ត្រឹមត្រូវ​ណា​មួយ។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ

«ប្រសិន​បើ​វា​សាក​សម​សម្រាប់​រូប​ខ្ញុំ ក្នុង​ការ​ទៅ​ជួប​ជាមួយ​គាត់ ច្បាស់​ណាស់​ខ្ញុំ​នឹង​ធ្វើ​វា។ ខ្ញុំ​នឹង​មាន​កិត្តិយស​ដើម្បី​ធ្វើ​វា»។ នេះ​បើ​តាម​សម្តី លោក ត្រាំ ប្រាប់​ទៅ​កាន់​សារព័ត៌មាន Bloomberg នៅ​ថ្ងៃ​ច័ន្ទ ម្សិលមិញ​នេះ។

គួរ​រំលឹក​ថា ប្រធានាធិបតី​អាមេរិក​រូប​នេះ ធ្លាប់​បាន​ហៅ​មេដឹកនាំ​ផ្ដាច់ការ​កូរ៉េខាងជើង គីម ជុងអ៊ុន ថា​ជា «មនុស្ស​ដ៏​ឆ្លាត» ម្នាក់។

មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន

ទោះ​ជា​យ៉ាង​ណា សេតវិមាន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ បន្ទាប់​ពី​ការ​ថ្លែង​របស់​លោក ត្រាំ ដោយ​និយាយ​ថា កូរ៉េខាងជើង នឹង​ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ​ជាច្រើន មុន​ពេល​កិច្ចប្រជុំ​រវាង​មេដឹកនាំ​ទាំង​២ អាច​ធ្វើ​ទៅ​បាន។ ជាមួយ​គ្នា​នេះ​ដែរ អ្នកនាំពាក្យ លោក Sean Spicer បាន​និយាយ​ថា សហរដ្ឋអាមេរិក ចង់​ឃើញ​កូរ៉េខាងជើង​បញ្ចប់​ឥរិយាបថ​បង្កហេតុ​របស់​ខ្លួន​ភ្លាមៗ។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ

នៅ​ក្នុង​បទ​សម្ភាស​មួយ កាល​ពី​ថ្ងៃ​អាទិត្យ ជាមួយ​ទូរទស្សន៍ CBS ប្រធានាធិបតី ត្រាំ បាន​កត់សម្គាល់​ថា លោក គីម បាន​កាន់កាប់​អំណាច​នៅ​វ័យ​ក្មេង ទោះ​បី​ជា​ត្រូវ​ប្រឈម​មុខ ជាមួយ​មនុស្ស​កាច​សាហាវ​មួយ​ចំនួន​ក៏​ដោយ។ លោក ត្រាំ បាន​បន្ថែម​ថា លោក​មិន​ដឹង​ថា លោក គីម ប្រក្រតី ឬ​យ៉ាង​ណា​នោះ​ទេ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង