បើ​គិត​ថា​ជីវិត​ខ្លួន​ឯង​លំបាក សូមមក​ស្គាល់​យុវជន​តស៊ូ​ទាំង​៣​រូប​នេះ​សិន​

  • 2017-05-02 05:02:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​កើត​មក​មាន​ជីវិត​​រស់​នៅ​លើ​ផែន​ដី​ដូច​គ្នា តែ​វាស​នា​មិន​ដូច​គ្នា​ទេ ហើយ​ក៏​មិន​អាច​កំណត់​វាសនា​របស់​ខ្លួន​ឯង​ដែរ​។ មនុស្ស​ខ្លះ​កើត​មក​លើ​គំនរ​ទ្រព្យ​សម្បត្តិ​រស់​នៅ​សុខ​ ដេក​ស្រួល​ ចង់​បាន​អ្វី​ក៏​បាន​ហ្នឹង​។ ប៉ុន្តែ​មនុស្ស​ខ្លះ​កើត​មក​ស្ថានភាព​លំបាក​លំបិន តែ​ក្រាញ​ននាល​ព្រោះ​តែ​ចង់​មាន​ជីវិត​រស់​នៅ​​សមរម្យ​ដូច​គេ​ដូច​ឯង។ ​ជាក់​ស្ដែង​យុវជន ៣​រូប​ខាង​ក្រោម​នេះ​សុទ្ធ​តែ​ឆ្លង​កាត់​ជីវិត​លំបាក​នឹក​ស្មាន​មិន​ដល់​ រហូត​អាច​ទទួល​ជោគជ័យ​ក្នុង​ជីវិត​រៀង​ខ្លួន​។

១. តាំង មានរិទ្ធិ​ធ្វើ​ការ​សំណង់​តាំង​ពី​ថ្នាក់​ទី​២​ដល់​សាកលវិទ្យាល័យ​

​ តាំង មាន​រិទ្ធ និស្សិត​ចប់​បរិញ្្ាបត្រ​ ជំនាញ​គ្រប់គ្រង​រដ្ឋបាល នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ ​ឆ្លង​កាត់​ជីវិត​​ពោរពេញ​ដោយ​ការ​តស៊ូ ​តាំង​ពី​នៅ​តូច​មក​ម្ល៉េះ មិន​ដែល​ស្គាល់​អាហារ​ឆ្ងាញ់ រស់នៅ​ស្រួល ស្លៀកពាក់​ស្អាត​បាត​នោះ​ទេ ហើយ​លោក​ត្រូវ​ធ្វើ​ការ​រក​លុយ​តាំង​ពី​រៀន​នៅ​ថ្នាក់​ទី​២​មក​ម្ល៉េះ​។

តាំង មាន​រិទ្ធ មាន​ស្រុក​កំណើត នៅ​ខេត្ត​កំពង់ធំ ភូមិ​ឥន្ទ​កុមារ ឃុំ​កំពង់ស្វាយ។ លោក​មាន​បង​ប្អូន​៨​នាក់​ហើយ​លោកជា​កូន​ទី​៥ ក្នុង​គ្រួសារ​ បច្ចុប្បន្ន​មាន​អាយុ​ ២៩​ឆ្នាំ​ហើយ​ ។ រំឭក​ទៅ​អតីត​កាល​លោក​ត្រូវ​ទៅ​ធ្វើ​ការ​សំណង់ តាំង​ពី​រៀន​ថ្នាក់​ទី​២ ក្រៅ​ពី​ធ្វើ​ការ​សំណង់​ទាំង​កុមារ​ភាព លោក​ក៏​ធ្លាប់​ស៊ី​ឈ្នួល​ច្រូតកាត់​ឱ្យ​គេ​ដើម្បី​រក​លុយ​ជួយ​ព្យាបាល​ជំងឺ​ម្ដាយ​។ មក​ដល់​ថ្នាក់ទី៧ ​លោក​បាន​ចាកចេញ​ពី​ស្រុក​កំណើត​ទៅ​ធ្វើ​ការ ជា​អ្នក​លាង​ឡាន​នៅ​ព្រំដែន​ថៃ​ ។​ ​មិន​រួញរា​នឹង​ជីវិត​មួយ​នេះ​ឡើយ មាន​រិទ្ធ​ត្រូវ​ធ្វើ​ការ​សំណង់​​បន្ត​ទៀត ​តាំង​ពី​ថ្នាក់​ទី ១០​រហូត​ដល់​ថ្នាក់​ទី​១២។

​រៀន​ពូកែ តែ​គ្មាន​លទ្ធភាព​ដូច​គេ​។ ដល់​ឆ្នាំ ២០០៩ ​លោក​បាន​ប្រឡង​ជាប់​បាក់​ឌុប​តែ​គ្មាន​លុយ​រៀន​បន្ត​នោះ​ទេ​ លោក​ក៏​ត្រូវ​ចាកចេញ​ពី​ស្រុក​កំណើត​សារ​ជា​ថ្មី ទៅ​រស់នៅ​ខេត្ត​សៀម​រាប​​ ​ធ្វើ​ជា​អ្នក​រត់​តុ។ ​តស៊ូ​គង់​មាន​ឱកាស មាន​រិទ្ធ​ ប្រឡង​ជាប់​អាហារូបករណ៍ ១០០%​ពី​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​។ ប៉ុន្តែ​មក​រស់​នៅ​ភ្នំពេញ​ដំបូង​ លោក​មិន​ស្គាល់​អ្វី​ទាំង​អស់​ ថែម​ទាំង​គ្មាន​លុយ​ច្រើន​ជាប់​ខ្លួន ​អង្ករ​ក៏​គ្មាន​ហូប​ ព្រោះ​អ្នក​ផ្ទះ​ពុំ​មាន​អង្ករ​ហូប​បាយ​នោះ​ទេ​។  ជីវិត​រសាត់​អណ្ដែត​ មក​នៅ​ភ្នំពេញ​លោក​ត្រូវ​ធ្វើ​ការ​សំណង់​ពេល​ថ្ងៃ​ ហើយ​រៀន​ពេល​យប់​ដើម្បី​រក​លុយ​រៀន​នឹង​គេ​។ ធ្វើ​ការ​សំណង់​​នេះ​គ្មាន​នរណា​ម្នាក់​ដឹង​ទេ រយៈពេល​២​ឆ្នាំ សូម្បី​តែ​មិត្ត​ភក្ដិ​ស្នាក់​នៅ​ជាមួយ​គ្នា​ក៏​លោក​មិន​ដែល​ឱ្យ​អ្នក​ណា​ដឹង​ដែរ​។ 

​ថ្ងៃ​ដែល​ទទួល​សញ្ញាបត្រ មាន​រិទ្ធ បាន​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ កំពង់​ធំ​ដែល​ជា​ទឹក​ដី​កំណើត យក​សញ្ញា​បត្រ​ជូន​ម្ដាយ។ លោក​ប្រាប់​ថា ទៅ​ដល់​ម្ដាយ​លោក​សុំ​ស្ទាប​លោក រួច​និយាយ​ថា​កូន​​មក​រស់​នៅ​ភ្នំពេញ​យូរ​ធំ​ប៉ុណ្ណា​ហើយ​ ហើយ​ម្ដាយ​ពិត​ជា​ចង់​ឃើញ​សញ្ញាបត្រ​នោះ​ខ្លាំង​ណាស់​។ ដោយសារ​តែ​ពេល​លោក​ទៅ​ដល់​យប់​ជ្រៅ​ហើយ មើល​មិន​ឃើញ​ទើប​ព្រឹក​ឡើង​លោក លុតជង្គង់​ទាំង​ពីរ​យក​សញ្ញាបត្រ​ជូន​ម្ដាយ ហើយ​ទាំង​ម្ដាយ​លោក ទាំង​លោក​ផ្ទាល់​បាន​ស្រក់​ទឹក​ភ្នែក​រំភើប​ចិត្ត រក​ពាក្យ​អ្វី​និយាយ​មិន​បាន​ មាន​តែ​ទឹក​ភ្នែក​នេះ​ហើយ​ជួយ​បញ្ជាក់​ពី​ទំហំ​នៃ​ក្ដី​រំភើប​ដែល​លោក​មាន​។​​

២. នៅ ស៊ីថា ធ្វើ​នំ​​លក់​​មុខ​វាំង​មួយ​ថ្ងៃ​មួយ​កន្ត្រក រហូត​មាន​លុយ​រៀន​ចប់​បរិញ្ញាបត្រ​

ចាកចេញ​ពី​ស្រុក​កំណើត​មក​ផ្សង​ព្រេង​រស់​នៅ​ភ្នំពេញ ​បាន​ធ្វើ​ឱ្យ​យុវជន​ម្នាក់​ឆ្លង​កាត់​បទ​ពិសោធន៍​ជីវិត​គ្រប់​រសជាតិ ជា​អ្នក​រត់​តុ​ ជា​អ្នក​លាង​ចាន លក់​បាញ់​ឆែវ ចុង​ក្រោយ​ធ្វើ​នំ​លក់​ខ្លួន​ឯង ទម្រាំ​អាច​យក​សញ្ញាប័ត្រ​បរិញ្ញាបត្រ អក្សរសាស្ត្រ​អង់គ្លេស​ជូន​ឪពុក​ម្ដាយ​។

ស៊ីថា ​​ចាប់​ផ្ដើម​ធ្វើ​នំ​ម្សៅ​ជ្រេ​វិញ​ ដែល​លោកយាយ​របស់​លោក ធ្លាប់​បង្រៀន​កាល​នៅ​ស្រុក​​ព្រោះ​គ្មាន​លុយ​បង់​ថ្លៃ​សាលា​។ ជា​ការ​ពិត​ការ​ធ្វើ​លក់​នំ​នេះ​ ធ្វើ​ឱ្យ​លោក​ចាប់​ផ្ដើម​រីកចម្រើន និង​ធូរធារ​ជាង​មុន នំ​ម្សៅ​ជ្រេ​នេះ លោក​ប្រាប់​ថា​ងាយ​ស្រួល​ធ្វើ អស់​ដើម​តិច ហើយ​ចំណេញ​ច្រើន ដោយ​មួយ​ថ្ងៃ​លោក​ធ្វើ​មួយ​កន្ត្រក មាន​២០ ទៅ ៣០​ប្រអប់ បន្ទាប់​មក​លោក​​យក​ទៅ​លក់​នៅ​មុខ​វាំង​។

នំ​ដែល​លោក​ស៊ី​ថា ធ្វើ​លក់​មាន​ការ​គាំទ្រ​ច្រើន​ណាស់ លោក​លក់​ត្រឹម ១ម៉ោង ឬ២​ម៉ោង​ប៉ុណ្ណោះ​គឺ​អស់​ហើយ​ ដោយសារ​តែ​លោក​ពូកែ​អំពាវនាវ​។ ក្នុង​មួយ​ថ្ងៃ​លោក​អាច​រក​លុយ​ពី​ការ​លក់​​នំ​នេះ​បាន ១០ ទៅ​១២​ម៉ឺន​រៀល ក្នុង​នោះ​ថ្លៃ​ដើម​ត្រឹម​តែ​៤ម៉ឺន​រៀល​ទេ​។ ប្រាក់​ចំណូល​ដែល​រក​បាន​មួយ​ផ្នែក​លោក​ទុក​បង់​ថ្លៃ​ផ្ទះ និង​មួយ​ផ្នែក​ទៀត​ទុក​បង់​ថ្លៃ​សាលា ក្នុង​មួយ​ឆ្នាំ ៥០០​ដុល្លារ​។

ស៊ី​ថា លក់​នំ​ម្សៅ​​ជ្រេ​នេះ​តាំង​ពី​ឆ្នាំ ២០១១ មក​ម្ល៉េះ ក្រៅ​ពី​អាច​បង់​ថ្លៃ​សាលា លោក​បាន​សន្សំ​លុយ​ទិញ​ម៉ូតូ​ជិះ​ទៀត​ផង​។ ប៉ុន្តែ​លោក​ទើប​តែ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​ប័ត្រ​ឆ្នាំ​ ២០១៦ នេះ​ទេ​ ដោយ​សារ​លោក​រៀន​មិន​ជាប់​លាប់​នោះ​ឡើយ ហើយ​លោក​ត្រូវ​ព្យួរ​ឈ្មោះ ដើម្បី​រក​លុយ​សម្រាប់​បង់​ថ្លៃ​សាលា​ជា​ច្រើន​លើក​។ បច្ចុប្បន្ន​នេះ លោក​មាន​ការងារ​ប្រាក់ខែ​សមរម្យ​នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​កន្លែង ប៉ុន្តែ​មុខ​របរ​ធ្វើ​នំ​លក់​នេះ​លោក​នៅ​តែ​បន្ត​ដោយសារ​តែ​បាន​នំ​នេះ​ហើយ ទើប​លោក​មាន​ថ្ងៃ​នេះ ហើយ​ក៏​ជា​ប្រាក់​ចំណូល​ដ៏​សំខាន់​សម្រាប់​លោក​ផង​ដែរ។

៣. សឿម សា បាយ​ពង​ទា២​គ្រាប់​ជាមួយ​ឪពុក រហូតជាប់​បាក់​ឌុប​ទាំង​នឹក​ស្មាន​មិន​ដល់

មិន​មែន​បាយ​ហាង មិន​មែន​បាយ​ប្រអប់ តែ​ជា​បាយ​ខ្ចប់​តាម​ថង់​វេច​មក​ពី​ផ្ទះ មាន​ត្រឹម​ពង​ទា ២​គ្រាប់ ធ្វើ​ឲ្យ​បេក្ខជន សឿម សា តាំង​ចិត្ត​ប្រឡង​ជាប់​បាក់​ឌុប​ឆ្នាំ​២០១៦ ទាំង​នឹក​ស្មាន​មិន​ដល់។

សឿម សា គឺ​ជា​កូន​ប្រុស​ពៅ​ក្នុង​ត្រកូល​គ្រួសារ​អ្នក​ស្រែ​ចម្ការ​មួយ​នៅ​ខេត្ត​សៀមរាប ដែល​ស្គាល់​តែ​ពាក្យ​ថា​ហត់​នឿយ ប្ដូរ​មក​វិញ​ត្រឹម​កម្រៃ​តិច​តួច​ស្ដួច​ស្ដើង​ប៉ុណ្ណោះ។ ដោយសារ​ទឹក​ចិត្ត​ស្រលាញ់​ការ​រៀន​សូត្រ សឿម សា បាន​ប្ដេជ្ញា​ថា​មិន​បោះបង់​ឡើយ ទោះ​គ្រួសារ​ក្រ​លំបាក​យ៉ាង​ណា​ក៏​ដោយ ខុស​ពី​បងៗ​៣នាក់​ទៀត​ដែល​ត្រូវ​បញ្ចប់​​ជីវិត​សិក្សា​ពាក់​កណ្ដាល​ផ្លូវ។ ឪពុក​ម្ដាយ​ឃើញ​បែប​នេះ ក៏​ជំ​រុញ​ឲ្យ​កូន​ពៅ​របស់​ខ្លួន​ បន្ត​ការ​សិក្សា​រហូត​ដល់​ថ្នាក់​បាក់​ឌុប​នៅ​វិទ្យាល័យ​បន្ទាយ​ស្រី និង​ប្រឡង​ជាប់​និទ្ទេស E ក្នុង​ឆ្នាំ​២០១៦ នៅ​មណ្ឌល​វិទ្យាល័យ ១០មករា ឆ្នាំ​១៩៧៩។

ងាក​ទៅ​ថ្ងៃ​ប្រឡង​បាក់​ឌុប សឿម សា បាន​និយាយ​ថា គ្មាន​ម្ហូប​អ្វី​ដើម្បី​ទទួល​ទាន​ឲ្យ​មាន​កម្លាំង​ដូច​គេ​ឡើយ គឺ​មាន​តែ​ពង​ទា ២​គ្រាប់​ខ្ចប់​ជាមួយ​បាយ​មក​ពី​ផ្ទះ។ ប៉ុន្តែ​វា​ជា​អាហារ​ថ្ងៃ​ត្រង់​ដ៏​មាន​ន័យ​បំផុត ព្រោះ​អាច​យល់​ពី​ទឹក​ចិត្ត​ឪពុក​ដែល​ខំ​តស៊ូ​អត់​ឃ្លាន​ជាមួយ​កូន។ "ថ្ងៃ​នោះ អត់​មាន​អី​ទេ​បង មាន​តែ​ពង​ទា ២​គ្រាប់​ហ្នឹង ហូប​ជាមួយ​ពុក... ខ្ញុំ​អាណិត​គាត់​ណាស់ ចឹង​ហើយ​បាន​ខំ​ប្រឹង តែ​មិន​នឹក​ស្មាន​ថា​ជាប់​ផង ព្រោះ​មិន​ដែល​មាន​លុយ​រៀន​គួរ​ជាប់​លាប់​ដូច​គេ"។ មក​ដល់​ពេល​នេះ​ការ​តស៊ូ អត់ធន់​នឹង​ភាព​លំបាក​ មិន​ចុះ​ចាញ់​កន្លង​មក​បាន​ធ្វើ​ឱ្យ​ជីវិត​យុវជន​ម្នាក់​នេះ​ចាប់​ផ្ដើម​ ប្រសើរ​ឡើង​ហើយ​៕

អត្ថបទ៖ វឌ្ឍនៈ