មិន​មែន​លំ​ៗ​ទេ តារា​ប្រុស​បូលីវូដទាំង​នេះ ម្នាក់​ៗ​មាន​ទ្រព្យ​សម្បត្តិ​រាប់​សិប​លាន​ដុល្លារ​អាមេរិក​ឯណោះ

  • 2017-05-03 08:02:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​បាន​ចូល​រួម​សម្ដែង​ក្នុង​ភាព​យន្ត​ជា​ច្រើន តារា​បូលីវូដ​ទាំង​នេះ​អាច​រក​ចំណូល​បាន​ដល់​ទៅ​ខ្ទង់​រាប់​លាន​ដុល្លារ​ឯណោះ​ក្នុង​មួយ​ឆ្នាំៗ។ ដោយ​សារ​តែ​មាន​តារា​ល្បី​ៗ​ និង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​នៅ​បូ​លី​វូដ​ ដូច្នេះ​យើង​នឹង​លើក​យក​ពី​តារា​ប្រុស​ល្បី​ៗ ចំនួន​១០​រូប​។ ចាំ​មើល​ថា​តើ​ក្នុង​ឆ្នាំ​ ២០១៧ នេះ​តើ​តារា​ណា​ខ្លះ​ដែល​​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន​ជាង​គេ?

១០. តារា​សម្ដែង​ Hrithik Roshan: ទ្រព្យសម្បត្តិ ៤៥លានដុល្លារ

Hrithik Roshan ​កើត​នៅ​ថ្ងៃ​ទី ១០ ខែ​មករា​ ឆ្នាំ ១៩៧៤ គឺ​ជា​តារា​សម្ដែង​រឿង​ជន​ជាតិ​ឥណ្ឌា​ដែល​ទទួល​បាន​ជោគ​ជ័យ​ពី​ការ​សម្ដែង​ក្នុង​បូលីវូដ។ លោក​ទទួល​បាន​ពាន​រង្វាន់​ចំនួន ៦ ពី​កម្មវិធី​ប្រគល់​ពាន Filmfare Awards និង​ជាប់​ឈ្មោះ​ក្នុង​ចំណោម​ជា​តារា​ប្រុស​​ដែល​សង្ហា​ជាង​គេ​នៅ​ប្រទេស​ឥណ្ឌា។ ដោយ​សារ​តែ​​លោក​ គឺ​ជា​តារា​ល្បី​បែប​នេះ​ហើយ​ ទើប​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​រហូត​មាន​ទ្រព្យ​សម្បត្តិ ៤៥លានដុល្លារ​គិត​ត្រឹម​ឆ្នាំ​នេះ​​។

៩. តារា​សម្ដែង Irrfan Khan: ទ្រព្យសម្បត្តិ ៥០លានដុល្លារ

​ Irrfan Khan កើត​នៅ​ថ្ងៃ​ទី ៧ ខែ​មករា​ឆ្នាំ ១៩៦៧ មាន​ឈ្មោះ​ពេញ​ថា "Sahabzade Irrfan Khan” ជា​តារា​សម្ដែង​ឥណ្ឌា​ ដែល​ល្បី​ឈ្មោះ​ខ្លាំង​ក្នុង​ រឿង​ប្រ​ភេទ​ Hindi។ លោក​ក៏​ធ្លាប់​ចូល​សម្ដែង​ក្នុង​​រឿង​ហូលីវូដ​ផង​ដែរ។ លោក​បាន​ចូលរួម​សម្ដែង​ក្នុង​រឿង​ Jurrasic World ដែល​បំបែក​ឯកត្តកម្ម​ ដោយ​រក​ចំណូល​បាន​ ៥១១លានដុល្លារ​ទូទាំង​ពិភព​លោក​ពេល​ដាក់​បញ្ចាំង​លើក​ដំបូង។ ដោយ​សារ​តែ​សមត្ថភាព និង​ជំនាញ​ក្នុង​ការ​សម្ដែង តារា​រូប​នេះ​អាច​រក​ចំណូល​បាន​ដល់​ទៅ ៤លានដុល្លារ​ក្នុង​មួយ​រឿង។​​

៨. តារា​សម្ដែង​ John Abraham: ទ្រព្យសម្បត្តិ ៥៥លានដុល្លារ

John Abraham ជា​តារា​សម្ដែង​ឥណ្ឌា កើត​នៅ​ថ្ងៃ​ទី ១៧ ខែ​ ធ្នូ ឆ្នាំ​ ១៩៧២។ លោក​ក៏​ជា​ផលិតករ និង​ធ្លាប់​ជា​តារា​ម៉ូដែល​ទៀត​ផង។ លោក​បាន​ចាប់​ផ្ដើម​ប្រលូក​ក្នុង​វិស័យ​សម្ដែង​ក្នុង​រឿង​ "Jism” ដែល​ធ្វើ​ឲ្យ​លោក​ជាប់​ឈ្មោះ​ក្នុង​ការ​ដណ្ដើម​ពាន​រង្វាន់ Filmfare សម្រាប់​ការ​សម្ដែង​លើក​ដំបូង។ តារា​វ័យ​ ៤៥​ ឆ្នាំ​រូប​នេះ​អាច​រក​ចំណូល​ដល់​ជាង​ ២លាន​ដុល្លារ​សម្រាប់​ការ​សម្ដែង​មួយ​រឿង។ ​​

៧. តារា​សម្ដែង​ Ranbir Kapoor: ទ្រព្យសម្បត្តិ ៦៦លាន​ដុល្លារ

Ranbir Kapoor កើត​នៅ​ថ្ងៃ​ទី ២៨ ខែ កញ្ញា​ ឆ្នាំ​១៩៨២។ លោក​ជា​តារា​ជួរ​មុខ​ឥណ្ឌា​ម្នាក់​ ដោយ​បាន​សម្ដែង​ក្នុង​រឿង​បូលីវូដ​ជា​ច្រើន និង​ក្លាយ​ជា​តារា​ម្នាក់​ក្នុង​ចំណោម​តារា​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​បំផុត​នៅ​ប្រទេស​ឥណ្ឌា។ លោក​ទទួល​បាន​ពាន​រង្វាន់​ជា​ច្រើន​ក្នុង​នោះ​ លោក​បាន​ទទួល​បាន​ពាន​ Filmfare ចំនួន​ ៥ ពាន​ផង​ដែរ។ ចំពោះ​ចំណូល​វិញ​តារា​ល្បី​ម្នាក់​នេះ​អាច​រក​ប្រាក់​បាន​ដល់​ទៅជាង​ ៣លាន ឫ៤លានដុល្លារ​ឯណោះ​ក្នុង​មួយ​រឿង។​ ​​

៦. តារា​សម្ដែង Dharmendra: ទ្រព្យសម្បត្តិ ៧០លាន​ដុល្លារ

លោក Dharmendra កើត​នៅ​ថ្ងៃ​ទី ៨ ខែ ធ្នូ​ ឆ្នាំ ១៩៣៥។ លោក​ជា​តារា​សម្ដែង​ល្បី​ម្នាក់ ដែល​ទទួល​បាន​ពាន​រង្វាន់​ Filmfare Lifetime Achivement Award កាល​ពី​ឆ្នាំ ១៩៩៧។ លោក​បាន​ដើរ​តួ​​ ក្នុង​រឿង​ប្រភេទ​ វាយ​តប់​បាញ់​បោះ​ (Action) និង​ទទួល​បាន​ងារ​ថា​ជា​ "Action King” និង "He-Man”។ បើ​គិត​ត្រឹម​ពេល​នេះ​ លោក​សម្ដែង​ច្រើន​ជាង ១០០ រឿង​ហើយ ​ដែល​ធ្វើ​ឲ្យ​លោកក្លាយ​​ជា​តារា​ម្នាក់​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ខ្លាំង​នៅ​បូលីវូដ។

៥. តារា​សម្ដែង Akshay Kumar: ទ្រព្យសម្បត្តិ ១៨០លាន​ដុល្លារ

លោក Akshay Kumar កើត​នៅ​ថ្ងៃ​ទី ៩ ខែ កញ្ញា​ ឆ្នាំ​១៩៦៧ ដែល​មាន​ឈ្មោះ​ដើម​ថា "Rajiv Hari Om Bhatia”។ លោក​គឺ​ជា​តារា​សម្ដែង​ ផលិតករ​ ព្រម​ទាំង​អ្នក​ចេះ​​ក្បាច់​គុនផង​ដែរ ដែល​បាន​ចូល​រួម​សម្ដែង​រាប់​រយ​រឿង។ លោក​ទទួល​បាន​ពាន​រង្វាន់ Filmfare ចំនួន​ពីរ ហើយ​សព្វ​ថ្ងៃ​ទ្រព្យ​សម្បត្តិ​របស់​លោក​ គឺ​ដល់ទៅ ១៨០​លាន​ដុល្លារអាមេរិក​​​ឯណោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ តារា​ជើង​ចាស់​ម្នាក់​នេះ​មាន​ ផ្ទះ​កម្សាន្ត ឡាន​រាប់​សិប​គ្រឿង និង​ម៉ូតូ​ល្អ​ៗ​ជាច្រើន​ទៀត​ផង។

៤. តារា​សម្ដែង Aamir Khan: ទ្រព្យសម្បត្តិ ១៨៥លានដុល្លារ

តារា​សម្ដែង​ឥណ្ឌា​លោក Aamir Khan កើត​នៅ​ថ្ងៃ​ទី ១៤ ខែ​មីនា​ ឆ្នាំ​១៩៦៥។ លោក​ជា​តារា​សម្ដែង​ អ្នក​ដឹកនាំ​រឿង​ និង​ជា​ផលិតករ​មួយ​រូប​។ លោក ​គឺ​ជា​តារា​ល្បី​ម្នាក់​ និង​មាន​ឥទ្ធិពល​ផង​ដែរ​ក្នុង​វិស័យ​ភាព​យន្ត​ឥណ្ឌា។ លោក​មាន​លទ្ធភាព​​រក​បាន​ប្រាក់​ចំណូល​ដល់​ទៅ​ជាង​ ៨លានដុល្លារ​ក្នុង​មួយ​រឿង ដោយ​សារ​តែ​ភាព​ល្បីល្បាញ​ និង​ការ​ចូល​រួម​ការ​ងារ​សង្គម​ផ្សេងៗ​។ ​​

៣. តារា​សម្ដែង​ Salman Khan: ទ្រព្យសម្បត្តិ ២០០លានដុល្លារ

Salman Khan កើត​នៅ​ថ្ងៃ​ទី ២៧ ខែ ធ្នូ ឆ្នាំ​ ១៩៦៥ ដែល​មាន​ឈ្មោះ​ដើម​ថា​ "Abdul Rashid Salman Khan”។ លោក​ គឺ​ជា​តារា​សម្ដែង​ ផលិត​ករ​ និង​ជា​តារា​ទូរទស្សន៍​ម្នាក់។ លោក​ទទួល​បាន​ពាន​រង្វាន់​ធំៗ​ ជាច្រើន​ដូច​ជា​ពាន National Film Awards ចំនួន​ ៤ និង Filmfare Awards ចំនួន​៧។

២. តារា​សម្ដែង Amitabh Bachchan: ទ្រព្យសម្បត្តិ ៤០២លានដុល្លារ

Amitabh Bachchan កើត​នៅ​ថ្ងៃ​ទី ១១ ខែ​តុលា​ ឆ្នាំ ១៩៤២។ លោក Amitabh “Harivansh” Bachchan គឺ​ជា​តារា​សម្ដែង​ឥណ្ឌា​ម្នាក់ ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​នៅ​ដើម​ទសវត្ស ទី ៧០ សម្រាប់​រឿង​ "Zanjeer” និង "Deewarm”។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​ គឺ​ជា​​គំរូ​សម្រាប់​តារា​ជំនាន់​ក្រោយ​នៅ​ប្រទេស​ឥណ្ឌា​ទៀត​ផង​។ ​

១. តារា​សម្ដែង Shah Rukh Khan: ទ្រព្យសម្បត្តិ ៦០០លានដុល្លារ

Shah Rukh Khan ឫ​ហៅ​កាត់​ថា SRK កើត​នៅ​ថ្ងៃ​ទី ២ ខែ​ វិច្ឆិកា ឆ្នាំ ១៩៦៥ គឺ​តារា​សម្ដែង​ ផលិត​ករ​ និង​ជា​តារា​ទូរទស្សន៍។ ជាមួយ​នឹង​ភ្នែក​ពណ៌​ត្នោត​ និង​ថ្ពាល់​ខួច Shahrukh Khan គឹ​មិន​ត្រឹម​តែ​ជា​តារា​ដែល​មាន​ជាង​គេ​នៅ Bollywood ប៉ុណ្ណោះ​ទេ លោក​ គឺ​រាប់​បញ្ចូល​ក្នុង​បណ្តា​តារា​ដែល​មាន​ទ្រព្យ​សម្បតិ្ត​ច្រើន​ជាង​គេ​ទូទាំង​ពិភពលោក​ទៀត​ផង។ បើ​គិត​ត្រឹម​ពេល​នេះ​ លោក​បាន​សម្ដែង​ជាង ៣០០ រឿង​ទៅ​ហើយ​។ លោក​បាន​ជាប់​ឈ្មោះ​ដណ្ដើម​ពាន​រង្វាន់​ដល់​ទៅ​ ២២៦ ដង និង​ឈ្នះ​ពាន​ចំនួន ២០៧ ពាន។ ហេតុ​ដូច្នេះ​ហើយ ​ទើប​លោក​ជា​តារា​ម្នាក់​ដែល​មាន​ទ្រព្យ​សម្បត្តិ​ដល់ទៅ ៦០០លានដុល្លារអាមេរិក៕ ​

​​

ប្រភព៖ top10reviewof   ប្រែ​សម្រួល៖ ធារ៉ូ