ម្ចាស់​ពុម្ព​អក្សរ​ខ្មែរ​អាក្បាលធំ ប្រកាស​​ដាក់​លក់​​ស្នាដៃ​ ក្រោយ​គ្មាន​អ្នក​គិត​គូរ​ឲ្យ​តម្លៃ​

  • 2017-05-05 03:14:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"មក​ដល់​ពេល​នេះ​ខ្ញុំ​ត្រូវ​ការ​លក់​ពុម្ព​អក្សរ​របស់​ខ្ញុំ ក្នុង​តម្លៃ​ពិតប្រាកដ តម្លៃ​ដែល​ជា​កិត្តិយស​របស់ខ្ញុំ ដែល​ខ្ញុំ​ជា​អ្នក​បង្កើត គិត​ថា​អាច​លក់​បាន ដោយ​គិត​ពី​ភាព​លំបាក ពេលវេលា ការ​ចំណាយផ្សេង។ នៅ សំណាង ម្ចាស់​​ពុម្ព​អក្សរ​ខ្មែរ​អាក្បាលធំ/ AKbalthom បញ្ជាក់។

លោក នៅ សំណាង(រូប​ទី១ រាប់ពី​ឆ្វេង​)

លោក នៅ សំណាង ដែល​ជា​សមាជិក​​ម្នាក់​ក្នុង​ក្រុម​អ្នក​រចនា​ពុម្ព​អក្សរ​ខ្មែរ បាន​​ប្រកាស​ដាក់​លក់​ស្នាដៃ​រចនា​ពុម្ព​អក្សរ​ផ្ទាល់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ នៅ​លើ​​គណនី​ Facebook របស់​លោក​ភ្ជាប់​ជាមួយ​ពាក្យ​ពេចន៍​ **អរុណ​សួស្ដី ពេល​ព្រឹក​ស្រទន់ ២៥​អង្សាសេ​ ខ្ញុំ​មាន​រឿង​ចង់​និយាយ​និង​ចង់​ប្រាប់ អស់​កាល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែលដាក់​ឲ្យ​ទាញយក​ពុ​ម្ព​អក្សរខ្មែរ សម្រាប់​ប្រើប្រាស់​ក្នុង​ផ្លូវ​មិន​ពាណិជ្ជកម្ម តែ​សម្រាប់​អ្នក​ប្រើ​ក្នុង​ផ្លូវ​ពាណិជ្ជកម្ម​គឺ​ត្រូវ​ទិញ​ឬ​បង់​លុយ​ថ្លៃ​សិទ្ធិ​ប្រើប្រាស់​ពុម្ព​អក្សរ​ស្របច្បាប់។**

ចំពោះ​តម្លៃ​វិញ​ខ្ញុំ​បាន​លក់​ក្នុង​តម្លៃ ធូរថ្លៃ​ពី២០$ទៅ៣០$ រាប់​សិប​ឆ្នាំ​មក​ហើយ ហើយ​ក៏​គ្មាន​អ្នក​ភ្ញាក់រម្លឹក គិតគូរ​ពី​ភាព​ថ្លៃថ្នូរ​នៃ​ការ​ប្រើប្រាស់​ស្នាដៃ​របស់​គេទេ ។ ត្រង់​ចំណុច​នេះ​ខ្ញុំ​មិន​និយាយ​ពី​ភាព​ហិនហោច​នៃ​ការ​លួច​ចម្លង​ស្នាដៃ​គេទេ ទុក​ឲ្យ​គិត​ដោយ​ខ្លួន​ឯង​ចុះ​ថា​វា​មាន​ទំហំ​ប៉ុណ្ណា។

មក​ដល់​ពេល​នេះ​ខ្ញុំ​ត្រូវ​ការ​លក់​ពុម្ព​អក្សរ​របស់​ខ្ញុំ ក្នុង​តម្លៃ​ពិតប្រាកដ តម្លៃ​ដែល​ជា​កិត្តិយស​របស់ខ្ញុំ ដែល​ខ្ញុំ​ជា​អ្នក​បង្កើត គិត​ថា​អាច​លក់​បាន ដោយ​គិត​ពី​ភាព​លំបាក ពេលវេលា ការ​ចំណាយផ្សេងៗ។

ម្ចាស់​ពុម្ព​អក្សរ​អាក្បាល​ធំ​រូបនេះ ​បាន​​ឲ្យ​ Sabay ដឹង​ថា ការ​លក់​​ពុម្ពអក្សរ​ផ្ទាល់​ខ្លួន​​ដែល​ខំ​រចនា​ដោយ​ខ្លួន​ឯង​ជា​ច្រើន​ឆ្នាំ​មក​នេះ ដោយ​សារ​​មាន​តែ​ការ​គាំ​ទ្រ​ស្នាដៃ តែ​គ្មាន​អ្នក​ផ្ដល់​តម្លៃ​លើ​ពុម្ព​អក្សរ ពោល​គឺ បើ​លោក​ធ្វើ​បាន​ គេ​គាំទ្រ តែ​បើ​ដាក់​លក់​វិញ​គេ​រិះគន់​ថា ហេតុអ្វី​បាន​ជា​ដាក់​លក់ គ្រាន់​តែ​ពុម្ព​អក្សរ​សោះ?

ចំពោះ​លក្ខខណ្ឌ​ក្នុង​ការ​លក់​ពុម្ព​អក្សរ​ខ្មែរអាក្បាល​ធំ​លោក សំណាង បាន​បន្ថែម​ថា បើ​ទិញជាកញ្ចប់ ២០០$ និង​មាន​សិទ្ធិ​ប្រើប្រាស់​ពុម្ពក្រោយៗទៀត ប៉ុន្តែ​ឥឡូវ​​​លោក​លក់តែ​ ១០០$ ប៉ុណ្ណោះ​ជាតម្លៃ​ពិតប្រាកដ​។

ប្រិយមិត្ត​ដែល​ចង់​បន្ត​ប្រើប្រាស់​ស្នាដៃ​រចនាពុម្ពអក្សរ​ខ្មែរ​អាក្បាល​ធំ អាច​ទាក់​ទង​​រក​ជាវ​ដោយ​ផ្ទាល់​តាម​​រយៈ​លេខ 069 556 887 ឬ Facebook Page: អាក្បាលធំ / AKbalthom៕

ពុម្ពអក្សរ​ខ្មែរ​អាក្បាល​ធំ

ចុច​អាន៖

អត្ថបទ៖ រក្សា