តារាស្រី៦រូប អ្នកជំនាញភាពយន្តថានឹងផ្ទុះខ្លាំងនៅឆ្នាំក្រោយ
- 2017-05-08 03:32:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាស្រី៦រូប អ្នកជំនាញភាពយន្តថានឹងផ្ទុះខ្លាំងនៅឆ្នាំក្រោយ
ចន្លោះមិនឃើញ
តារាស្រីវ័យក្មេង ៦រូប ដែលត្រូវបានផលិតករ អ្នកនិពន្ធ អ្នកដឹកនាំ និងអ្នកជំនាញវិស័យភាពយន្ត កត់សំគាល់ថាពួកគេនឹងផ្ទុះខ្លាំងក្នុងវិស័យសិល្បៈកម្ពុជា និងជាអ្នកស្នងតំណែងយ៉ាងអស្ចារ្យក្នុងវិស័យមួយនេះបន្ទាប់ពីពួកគេខិតខំសាងស្នាដៃយ៉ាងស្វិតស្វាញក្ក្នុងឆ្នាំ ២០១៧នេះ។
១. ទេព កញ្ញា៖ ជោគជតាកេរ្តិ៍ឈ្មោះរបស់ CEO ដូងមេត្រី នៃសម្ព័ន្ធ DM Empire ក្នុងរឿងភាគធំផ្ដាច់គេប្រចាំឆ្នាំ ២០១៧ "ស្រទន់មន្តស្នេហ៍" ត្រូវបានគេឃើញអណ្ដែតឡើងស្រឺតៗ ហើយប្រជាប្រិយភាពរបស់នាង កំពុងតែបោះពួយទៅគ្រប់ទីកន្លែងទាំងក្នុងនិងក្រៅប្រទេស។ អ្នកវិភាគផ្នែកភាពយន្តនិយាយថា ប្រសិនបើ ទេព កញ្ញា ចេះសម្រិតសម្រាំងរឿង មិនទទួលច្រើនជាន់គ្នា នាងនឹងទទួលបានតម្លៃខ្លួនថតលំដាប់Aនិងទីផ្សារផ្សាយពាណិជ្ជកម្មជាច្រើនទៀតផង។
២. ពុធ ស្រីខួច៖ តារាស្រី ពុធ ស្រីខួច ដែលឆ្នាំនេះសម្ដែងជាតួ តូចមនោរា តួអង្គចរិតអវិជ្ជមានតែឆ្លៀវឆ្លាតនិងភាពបត់បែនច្រើនគន្លាក់ពិបាករកអ្នកមានទេពកោសល្យមកសម្ដែង។ តូចមនោរា នឹងនាំតារារូបនេះអោយឈានទៅដល់លំដាប់Aដោយមិនដឹងខ្លួនព្រោះថាពេលភាពយន្តភាគ "ស្រទន់មន្តស្នេហ៍" បញ្ចប់ទៅ គ្មានទស្សនិកជនណាអាចបំភ្លេចតួអង្គម្នាក់នេះបានឡើយ។ «តួអង្គ តូចមនោរា ឆ្លងកាត់តេស្តិ៍ច្រើនណាស់ទម្រាំរកបានតារាសក្ដិសមដូច ស្រីពីន ហើយឆាកនិមួយៗរបស់នាង នឹងធ្វើអោយទស្សនិកជនរំជួលអារម្មណ៍» លោក ជ័យ សម្បត្តិ អ្នកដឹកនាំរឿងប្រាប់ Sabay។
៣. នៅ ម៉ារីសា៖ តារាស្រីដែលល្បីថាកម្រទទួលរឿងមកសម្ដែង លើកលែងតែនាងអានចប់ហើយពេញចិត្ត ពេលនេះនឹងបើកប្រវត្តិសាស្ត្រថ្មីនាំភាពល្បីឈ្មោះក្នុងវិស័យសម្ដែង ហើយ អ្នកណាៗក៏នឹងស្គាល់នាងក្នុងនាម "ស្រទន់" ព្រោះនាងជាតួឯកស្រីក្នុងរឿង"ស្រទន់មន្តស្នេហ៍" ដែលមានអ្នកគាំទ្រជាង ៣លាននាក់កាលនៅជាប្រលោមលោកហើយវីដេអូភាគនឹងចាក់ផ្សាយតាមទូរទស្សន៍ CTN ខែកក្កដា។
៤. ម៉ៅ គឹមធីតា៖ តារាស្រីវ័យក្មេង ម៉ៅ គឹមធីតា គ្រងតំណែងជាតួអង្គ កេន្នី ក្នុងប្រលោមលោក "មន្តស្នេហ៍លេខា" ដែលមានអ្នកអានជាង១លានអ្នកនៅឆ្នាំ២០១៤។ លេខា កេន្នី ជាតួអង្គអ្នកអានស្រលាញ់ជាប់ចិត្ត អាណិតស្ទើរស្រក់ទឹកភ្នែក លើសតួនានាក្នុងប្រលោមលោកនេះ។ វីដេអូភាគ "មន្តស្នេហ៍លេខា" ជារឿងភាគ ដែលបានវិនិយោគក្នុងទំហំទឹកប្រាក់មធ្យម GradBមានសរុប២០ភាគចាក់ផ្សាយនៅទូរទស្សន៍ PNN ចុងខែឧសភានេះហើយ។
៥. ផាន ផាត់ណា៖ ដោយទទួលងារជា Super Model នៅក្នុងរឿង "ស្រទន់មន្តស្នេហ៍" ផាន ផាត់ណា បានបញ្ចេញអស់ទេពកោសល្យនិងចរិតលក្ខណៈស៊ីវិល័យ រឹងមាំ និងសិចស៊ីរោលរាលរបស់នាង ដែលនេះជាការរុញខ្លួនឯងទៅរកពិភពតារាកម្រិតលេខមួយពិបាករកគូប្រជែងបាន។ «ខ្ញុំរៀនបានច្រើនពីរឿងភាគខ្នាតធំ "ស្រទន់មន្តស្នេហ៍”!ខ្ញុំដឹងថាមានតារាស្រីច្រើនដែរដែលដាក់ពាក្យសាកល្បងតួអង្គដាអ៊ីណា ប៉ុន្តែចុងក្រោយអ្នកនិពន្ធនិងអ្នកដឹកបានគិតថាខ្ញុំសក្ដិសម។ ជាការតបស្នង ខ្ញុំបានធ្វើវាអស់ពីលទ្ធភាព ថតដល់ថ្នាក់គ្មានពេលព្យួរសេរ៉ូម ហើយរឿងនេះខ្ញុំសម្ដែងដោយមោទនភាព ដោយជំនឿចិត្ត និងដោយស្រលាញ់អស់ពីបេះដូង។" ផាន ផាត់ណា ប្រាប់ Sabay។
៦. ស្រីនិច៖ តួឯកឆោមគន់ ពៅ ពណ្ណរី គឺជាតួក្មេងស្រីតាមទំនើងចិត្ត មានគំនិតតូចចង្អៀតមានមហិច្ឆតាធំ និងមានគំនិតអស្មិះរឹងត្អឹង។ នៅពេលថតវគ្គនាងឡើងឆាកសុំទោស ស្រទន់ ដែលជាបងស្រី នាងធ្វើអោយមនុស្សជាច្រើនសិបនាក់នៅកន្លែងថតត្រូវក្ដុកក្ដួលរំជួលចិត្តស្រក់ទឹកភ្នែកតាមទាំងអស់ ហើយនាងសម្ដែងជាតួអង្គ ពៅពណ្ណរី បានល្អឥតទាស់។ អ្នកជំនាញផ្នែកនេះលើកឡើងថា ស្រីនិច មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលតំណែងជាតួធំ ក្នុងឆ្នាំនេះបើផ្អែកតាមភាពហ្មត់ចត់និងទេពកោសល្យរបស់នាង។
កំពូលវីដេអូភាគល្អផ្ដាច់គេប្រចាំឆ្នាំទាំង២នឹងត្រៀមបង្ហាញខ្លួនក្នុងពេលឆាប់ៗខាងមុខនេះហើយនៅស្ថានីយទូរទស្សន៍ CTN និង PNN។ វីដេអូភាគទាំង២ ត្រូវបានអ្នកនិពន្ធ អ្នកដឹកនាំ និងផលិតករជឿជាក់យ៉ាងមុតមាំថាជាសាច់រឿងដែលត្រៀមនឹងកែប្រែមុខមាត់ និងបង្ហាញពីគុណភាពនិងភាពសម្រិតសម្រាំងថាវីដេអូភាគកម្ពុជាមិនចាញ់ រឿងភាគទូរទស្សន៍របស់ប្រទេសជិតខាងនោះទេ៕