​សម្ដេច​តេជោ ហ៊ុន សែន៖ ​បច្ចេកវិទ្យា​កាន់​តែ​ជឿន​លឿន អាច​បង្ក​ហានិភ័យ​ដល់​វិស័យ​ការងារ​

  • 2017-05-11 05:20:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ក្នុង​កិច្ច​ប្រជុំ​សេដ្ឋកិច្ច​ពិភពលោក ស្ដី​ពី​អាស៊ាន ក្រោម​ប្រធាន​បទ​យុវជន បច្ចេកវិទ្យា និង​កំណើន សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ បាន​មាន​ប្រសាសន៍​ថា បច្ចេកវិទ្យា​កាន់​​តែ​ដើរ​លឿន​ទៅ​ ក៏​អាច​បង្ក​ហានិភ័យ​ដល់​វិស័យ​ការងារ​ដូច​គ្នា​។

​​សម្ដេច​នាយក​រដ្ឋ​មន្ត្រី ថ្លែង​បន្ត​ទៀត​ថា សម្រាប់​ប្រជាជន​នៅ​គ្រប់​ប្រទេស​ទាំង​អស់​មិន​ថា តែ​ក្នុង​តំបន់​អាស៊ាន​ប៉ុណ្ណោះ​ទេ ​បច្ចេកវិទ្យា​កាន់​តែ​ជឿនលឿន ​គឺ​អាច​កាត់​បន្ថយ​មនុស្ស​ធ្វើ​ការ ការ​បាត់បង់​ការងារ​ធ្វើ ក៏​ដូច​ជា​ពិបាក​ក្នុង​ការ​ស្វែង​រក​ការងារ​។ ដូច្នេះ​ហើយ ត្រូវ​តែ​រក​ដំណោះ​ស្រាយ​ ចំពោះ​បញ្ហា​នេះ កុំ​ឱ្យ​មាន​ហានិភ័យ​ទៅ​ដល់​យុវជន​ក្នុង​វិស័យ​ការងារ​។

សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ទៀត​ថា សម្រាប់​កម្ពុជា​ ​​យុវជន​​កំពុង​ស្រេកឃ្លាន​ចំណេះ​ដឹង​ ​ការ​ស្រវា​ប្រទាញ ចាប់​យក​ឱកាស​ជា​ខ្លាំង​ ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​យុវជន​​ប្រទេស​ដទៃ​ទៀត​។ ទន្ទឹម​នឹង​នោះ​រាជរដ្ឋាភិបាល ក៏​ចេញ​គោល​នយោបាយ ជាមួយ​ការ​ដាក់​ចេញ​ជំរុញ​ការ​បណ្ដុះ​បណ្ដាល ​ការ​កែប្រែ​ប្រព័ន្ធ​អប់​រំ​ឱ្យ​កាន់​តែ​ជឿន​លឿន ការ​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជា​ជីវៈ ដើម្បី​​ឱ្យ​យុវជន​កម្ពុជា ក្លាយ​ជា​ធនធាន​មនុស្ស​ ដែល​មាន​គុណភាព​ពិត​ប្រាកដ​។

​សម្ដេច នាយក​រដ្ឋ​មន្ត្រី​ ក៏​សង្ឃឹម​ថា យុវជន​កម្ពុជា​អាច​នឹង​ដើរ​ទាន់​យុវជន​ដទៃ​ទៀត​ក្នុង​តំបន់ ជាមួយ​បច្ចេកវិទ្យា​កំពុង​តែ​រីក​ចម្រើន​ខ្លាំង ​ ​ហើយ​គោល​ដៅ​ដែល​​កម្ពុជា​ចង់​បាន ​គឺ​ចង់​ឃើញ​យុវជន​មាន​លទ្ធភាព​​ប្រកួត​ប្រជែង នៅ​ក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន។ បន្ថែម​លើ​ពី​នេះ កម្ពុជា​នឹង​ខិត​ខំ​ បន្ថែម​ទៀត​ដើម្បី​ឱ្យ​ ប្រាក់​ចំណូល​​សរុប​ប្រចាំ​ឆ្នាំ​របស់​ប្រជាជន អាច​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​នា​ថ្ងៃ​អនាគត​៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី