គូរ​រូប​តាម​ទម្រង់​មុខ មួយ​ផ្ទាំង ៣​ដុល្លារ ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​នៅ​ឥណ្ឌា

  • 2017-05-12 02:08:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេលា​ល្ងាច វាយោ​រំភើយ​បក់​បោក​មក​ពី​បឹង​ធំ​មួយ ឈ្មោះ​ថា Sukhna Lake ក្រុង Chandigarh ប្រទេស​ឥណ្ឌា ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មក​លេង​ត្រៀប​ត្រា ប៉ុន្តែ​គ្រប់​គ្នា​បាន​ចោល​នេត្រា​ទៅ​កាន់​វិចិត្រករ​៥​នាក់ ដែល​កំពុង​ញាប់​ដៃ​គូរ​រូប​តាម​ទម្រង់​មុខ ក្នុង​តម្លៃ​មួយ​ផ្ទាំង ២០០​រូពី(៣ដុល្លារ)។

លោក Vivaan ដែល​ជា​វិចិត្រករ​មួយ​រូប​ប្រចាំ​តំបន់ Sukhna Lake បាន​ប្រាប់ Sabay ថា ការ​គូរ​រូប​បែប​នេះ គឺ​បាន​រៀន​តាម​ក្បួន​ខ្នាត​ត្រឹមត្រូវ មិន​មែន​ចេះ​តែ​គូរ​ឡើយ ហើយ​បូក​រួម​នឹង​ទេព​កោសល្យ​ទើប​អាច​ធ្វើ​ឲ្យ​រូប​ចេញ​មក​ទាក់​ទាញ​ដូច​ទម្រង់​មុខ​ពិតៗ។ លោក Vivaan បាន​និយាយ​បែប​នេះ​ថា៖ "ដំបូង​គេ​គូរ​ចេញ​ពី​ភ្នែក ហើយ​មាត់ និង​ច្រមុះ រួច​ហើយ​បាន​គូរ​ទម្រង់​មុខ​ព័ទ្ធ​ជុំ​វិញ បើ​គូរ​ខុស​ក្បួន ចេញ​មក​មិន​ដូច​ទម្រង់​មុខ​ទេ ហើយ​ម្ចាស់​រូប​ក៏​មិន​សប្បាយ​ចិត្ត​ដែរ"។

ចំពោះ​ការ​គូរ​រូប​នេះ លោក Vivaan ប្រាប់​ថា យក​តម្លៃ ២០០​រូពី(៣​ដុល្លារ) ប្រសិន​បើ​មនុស្ស​មក​អង្គុយ​ឲ្យ​មើល​មុខ ដើម្បី​គូរ​ដោយ​ផ្ទាល់។ ប្រសិន​បើ គូរ​ទម្រង់​មុខ តាម​រូប​ដែល​មាន​លើ​ទូរសព្ទ​ដៃ យក​តម្លៃ ១០០០រូពី​(១៥​ដុល្លារ)។ វិចិត្រករ​រូប​នេះ បាន​ប្រាប់​ថា​ក្នុង​មួយ​ថ្ងៃ​អាច​រក​ចំណូល​បាន​ប្រហែល ២០ ទៅ ៣០​ដុល្លារ ប៉ុន្តែ​បើ​ជា​ថ្ងៃ​ឈប់​សម្រាក​វិញ អាច​បាន​គុណ​នឹង២។ យ៉ាង​ណា​ក្ដី លោក​ថា បច្ចុប្បន្ន​កំពុង​ជួប​ការ​ប្រឈម​ខ្លាំង ព្រោះ​អ្នក​ចាប់​យក​របរ​នេះ​មាន​កាន់​តែ​ច្រើន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ចំណូល​ធ្លាក់​ចុះ៕ ​​​​

អត្ថបទ៖ គង់ វិសាល