ចម្លាក់​បុរាណ​រាប់​រយ​ប្រភេទ កំពុង​ជ្រក​ក្រោម​ដំបូល​សារមន្ទីរ​មួយ​នៅ​ប្រទេស​ឥណ្ឌា

  • 2017-05-04 02:31:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារមន្ទីរ Museum and Art Gallery នៅ​ទី​ក្រុង Chandigarh បាន​ក្លាយ​ជា​កន្លែង​ប្រមូល​ផ្ដុំ​វត្ថុ​បុរាណ និង​ចម្លាក់​ច្រើន​បំផុត​លំដាប់​ទី២ នៅ​ប្រទេស​ឥណ្ឌា ហើយ​វា​បាន​រំឭក​ឡើង​វិញ​នូវ​អតីត​កាល​ដ៏​អស្ចារ្យ​ប្រចាំ​តំបន់​​អច្ឆរិយ​នៃ​ដែន​ដី​អាស៊ី​មួយ​នេះ។

សារមន្ទីរ Museum and Art Gallery ត្រូវ​បាន​រចនា​ប្លង់​ឡើង​ចន្លោះ​ឆ្នាំ ១៩៦០-១៩៦២ និង​សាង​សង់​ពី​ឆ្នាំ ១៩៦២-១៩៦៧ ហើយ​សម្ពោធ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​១៩៦៨។ តាម​ឯកសារ​នៅ​សារមន្ទីរ​បាន​បង្ហាញ​ថា វត្ថុ​បុរាណ និង​ចម្លាក់​ទាំង​អស់​ចាប់​ផ្ដើម​ប្រមូល​ពី​តំបន់​នានា​តាំង​ពី​ឆ្នាំ​១៩៤៧ ហើយ​ភាគ​ច្រើន​វា​មាន​អាយុកាល​រហូត​ដល់​រាប់​ពាន់​ឆ្នាំ គឺ​មុន​គ្រិស្តសករាជ​ទៅ​ទៀត។

នៅ​ក្នុង​សារមន្ទីរ​បាន​ចែក​ជា​ផ្នែក​ផ្សេង​ៗ ដោយ​មាន​ដាក់​តាំង​គំនូរ​បុរាណ​ជា​ច្រើន​ផ្ទាំង រួម​ទាំង​របស់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​សម័យ​មុន។ លើស​ពី​នេះ សៀវភៅ​អាយុ​កាល​រាប់​រយ​ឆ្នាំ ដែល​រំលេច​ដោយ​អក្សរ​បុព្វបុរស​ឥណ្ឌា ក៏​បាន​ប្រមូល​ផ្ដុំ​នៅ​ក្នុង​សារមន្ទីរ​ផង​ដែរ។ អ្វី​ដែល​រឹត​តែ​ពិសេស គឺ​នៅ​ក្នុង​សារមន្ទីរ Museum and Art Gallery មាន​ចម្លាក់​បុរាណ​ជា​ច្រើន រួម​មាន​ទាំង​បដិមា​ព្រះ​ពុទ្ធ និង​បដិមា​បែប​សាសនា​នៅ​ឥណ្ឌា រហូត​ដល់​រាប់​រយ​ប្រភេទ​ផ្សេង​គ្នា។

សារមន្ទីរ Museum and Art Gallery ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អាជ្ញាធរ​ក្រុង Chandigarh ហើយ​ជា​ស្ថាប័ន​មួយ​មិន​រក​ប្រាក់​ចំណេញ ប៉ុន្តែ​យក​តម្លៃ​ចូល​ទស្សនា​បន្តិច​បន្តួច​ដើម្បី​រដ្ឋបាល​ទូទៅ។ អ្នក​ចូល​ទស្សនា​ត្រូវ​ចំណាយ​ប្រាក់ ១០រូពី(៦០០រៀល) ហើយ​បើ​មាន​កាមេរ៉ា​ថត ត្រូវ​ចំណាយ ៥រូពី(៣០០រៀល) បន្ថែម​ទៀត៕

ទស្សនា​រូប​ភាព ដែល​ផ្ដិត​ដោយ​ក្រុម​ការងារ Sabay៖

អត្ថបទ៖ គង់ វិសាល

អត្ថបទពេញនិយម