ម្តាយចាស់​ឈឺដេក​មួយកន្លែង កូនៗមិនមកមើល ឯកូនច្បង​និយាយមួយម៉ាត់ ស្ទើរតែ​លែងចង់រស់

  • 2017-05-16 08:28:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ចំណាស់ វ័យ​៨០​ឆ្នាំ​ម្នាក់ បាន​ឈឺ​ធ្ងន់​រហូត​ដេក​លើ​គ្រែ​ទ្រឹង​មួយ​កន្លែង អស់​រយៈពេល​ជាង ១​ខែ​មក​ហើយ ដោយ​កូន​ទាំង​៤ មិន​បាន​រវីរវល់​មក​មើល​ថែ​ម្ដាយ​ឡើយ។

អ្នកស្រី Zhang Luanmei បាន​ដួល និង​រង​របួស​ក្បាល កាល​ពី​ដើម​ខែ​មេសា នៅ​ឯ​ផ្ទះ ស្ថិត​ក្នុង​ទីក្រុង Shantou ខេត្ត Guangdong ប្រទេស​ចិន។ ជា​សំណាង​ល្អ អ្នក​ស្រី​ត្រូវ​បាន​អ្នក​ជិត​ខាង​ចិត្ត​ល្អ ជួយ​មើល​ថែទាំ បើ​មិន​ដូច្នោះ​ទេ ប្រាកដ​ជា​វេទនា​ជា​មិនខាន។

អ្វី​ដែល​គួរ​ឲ្យ​សង្វេគ​នោះ​គឺ ស្វាមី​អ្នក​ស្រី​បាន​ស្លាប់​ចោល​អ្នកស្រី ហើយ​កូន​ប្រុស​២​នាក់ និង​កូន​ស្រី​២​នាក់​ទៀត មិន​បាន​មក​រស់នៅ​មើល​ថែ​អ្នកស្រី​ឡើយ ដោយ​ទុក​ឲ្យ​អ្នកស្រី​រស់​នៅ​តែ​ម្នាក់​ឯង និង​ដើរ​សុំទាន​គេ​តាម​ដង​ផ្លូវ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ។

រហូត​មក​ទល់​ពេល​ថ្មីៗ​នេះ កូន​ស្រី​ពៅ​អ្នកស្រី ដែល​ធ្វើ​ការ​នៅ​ក្នុង​ទីក្រុង​ផ្សេង បាន​វិល​ត្រលប់​មក​ផ្ទះ​វិញ ដើម្បី​បញ្ជូន​អ្នក​ស្រី​ទៅ​កាន់​មន្ទីរពេទ្យ។ កូនស្រី​ពៅ​រូប​នោះ បាន​ឲ្យ​ដឹង​ថា បងប្រុស​ធំ​របស់​ខ្លួន អាយុ​៥៥​ឆ្នាំ ក៏​រស់នៅ​ឯ Shantou ដែរ ប៉ុន្តែ​បាន​បដិសេធ​មិន​ព្រម​មក​មើល​ថែ​ម្ដាយ​ឡើយ។

កូនស្រី​ពៅ​ខាងលើ បាន​និយាយ​ថា «គាត់ (កូន​ប្រុស​ច្បង) មិន​មក​មើល​ម៉ែ​នៅ​ឯ​ផ្ទះ ឬ​ផ្ញើ​លុយ​ឲ្យ​ម៉ែ​ខ្លះ​ឡើយ។ គាត់​បាន​និយាយ​ថា គាត់​មាន​ជំងឺ​លើស​ឈាម មិន​អាច​មក​បាន​ឡើយ។ គាត់​ក៏​បាន​និយាយ​ទៀត​ថា វា​មិនមែន​ជា​រឿង​ធំ​ឡើយ បើ​ម៉ែ​ស្លាប់​នោះ»៕

ប្រភព៖ Scmp   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម