ខំឲ្យស្បោងមាស និងពេជ្រទៅអ្នកសុំទាន នៅតែរកស៊ីមិនមាន ទាល់តែតាមមើលទើបដឹងការពិត
- 2017-05-17 10:16:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខំឲ្យស្បោងមាស និងពេជ្រទៅអ្នកសុំទាន នៅតែរកស៊ីមិនមាន ទាល់តែតាមមើលទើបដឹងការពិត
ចន្លោះមិនឃើញ
មានបុរស ២នាក់ ម្នាក់ឈ្មោះគ្រីស្នា និងម្នាក់ទៀតឈ្មោះអាជុន បានដើរលេងជុំវិញទីក្រុងមួយ។ ពួកគេបានប្រទះឃើញអ្នកសុំទានម្នាក់ កំពុងអង្គុយសុំតាមដងផ្លូវដើរ។ អាជុន មានចិត្តអាណិតអ្នកសុំទានជាខ្លាំង រួចសម្រេចឲ្យកាក់មាសមួយស្បោងពេញដែលមាន ១០០កាក់។
អ្នកសុំទានត្រេកអរខ្លាំង ហើយបានសំពះអរគុណអាជុន រួចបានត្រឡប់ទៅផ្ទះវិញ។ តាមផ្លូវទៅផ្ទះ អ្នកសុំទានរូបនេះបានជួបមនុស្សដែលត្រូវការឲ្យលោកជួយដោយគ្រាន់តែចែក ១ ឬ២កាក់ប៉ុណ្ណោះ តែលោកធ្វើមិនដឹងមិនឮ។ ជាអកុសល គាត់ដើរទៅមុខបានឆ្ងាយបន្តិច ស្រាប់តែជួបចោរម្នាក់ ហើយចោរនោះបានជំរិតប្លន់យកស្បោងកាក់ទៅទាំងអស់ ហើយរត់គេចខ្លួនបាត់។
អ្នកសុំទានប្រែជាខកចិត្តសោកស្ដាយ ក៏ត្រលប់ទៅអង្គុយសុំទានវិញ។ នៅថ្ងៃបន្ទាប់ ពេល អាជុន មកដើរលេងដូចសព្វដង លោកបានឃើញបុរសសុំទានមកសុំទានដដែល រួចលាន់មាត់ថា "ហេតុអ្វីខ្ញុំឲ្យស្បោងកាក់មាសមួយថង់ពេញហើយ នៅមកសុំទានទៀត"? បុរសសុំទានរៀបរាប់ប្រាប់តាមដំណើររឿងបានកើតឡើង ហើយបុរសចិត្តធម៌អាជុន មានអារម្មណ៍អាណិត រួចឲ្យត្បូងពេជ្រមួយគ្រាប់ថែមទៀត។
អ្នកសុំទានសប្បាយចិត្តណាស់ ហើយបានវិលត្រឡប់ទៅផ្ទះវិញតាមទម្លាប់។ នៅតាមផ្លូវ បុរសសុំទានបានជួបមនុស្សកំពុងត្រូវការជំនួយ ប៉ុន្តែគាត់ធ្វើព្រងើយមិនខ្វល់ខ្វាយឡើយ។ ការធ្វើដំណើរម្ដងនេះ គាត់បានទៅដល់ផ្ទះដោយសុវត្ថិភាព រួចបានយកគ្រាប់ពេជ្រលាក់ទុកក្នុងក្អមទទេគ្របជិតដោយសង្ឃឹមថានឹងយកទៅលក់ រួចរស់នៅយ៉ាងមានសុភមង្គល។ ពេលនោះប្រពន្ធមិននៅផ្ទះទេ។ គាត់អស់កម្លាំងខ្លាំងទើបចូលទៅគេងមួយស្របក់។
ខណៈពេលគាត់គេងលក់ ប្រពន្ធបានមកដល់ផ្ទះល្មម និងបានយកក្អមអត់ទឹកនោះ កាន់ដើរសំដៅទៅមាត់ទន្លេ។ នៅពេលនាងយកក្អមដងទឹក នាងមិនបានចាប់អារម្មណ៍ថា មានពេជ្រនៅក្នុងក្អមឡើយ រួចជ្រមុជក្អមចូលក្នុងទឹកកំពុងហូរ។ នៅពេលទឹកហូរចូលក្អមពេញ កម្លាំងទឹកបានរុញច្រានគ្រាប់ពេជ្រឲ្យចេញពីក្នុងក្អម ធ្លាក់ចូលទៅក្នុងទន្លេ ហូរតាមទឹកបាត់។
នៅពេលបុរសសុំទានក្រោកពីគេងវិញ គាត់បានស្ទុះទៅមើលក្អម និងបានស្រែកសួរប្រពន្ធភ្លាមៗថា មានឃើញពេជ្រក្នុងក្អម ឬទេ។ ប្រពន្ធតបវិញថា ខ្លួនមិនចាប់អារម្មណ៍ និងមិនដឹងថាវានៅក្នុងក្អមឡើយ ប៉ុន្តែនាងបង្ហើបថា ប្រហែលជាជ្រុះទៅក្នុងទន្លេ។ គ្រាន់តែឮបែបនេះ បុរសអ្នកសុំទានសឹងមិនជឿពីសំណាងអាក្រក់ម្ដងហើយម្ដងទៀត រួចត្រឡប់ទៅសុំទានវិញជាលើកទី ៣។
គ្រីស្នា និងអាជុន បានប្រទះឃើញប្រុសសុំទានដដែល រួចអាជុន បានទៅសួរនាំ។ ម្ដងនេះអាជុន មានអារម្មណ៍មួមៅក្ដៅក្រហាយ រួចគិតថាបុរសសុំទាននឹងមិនអាចមានជីវិតសប្បាយរីករាយជារៀងរហូត។
ចំណែកលោកគ្រីស្នា ជាអ្នកមានបុណ្យបារមី បានញញឹមដាក់បុរសសុំទាន រួចឲ្យកាក់ធម្មតា ១កាក់ ដែលមានតម្លៃមិនអាចទិញបាយថ្ងៃត្រង់ ឬបាយល្ងាចសម្រាប់មនុស្សម្នាក់បានផង។ ម្ដងនេះអាជុន បានសួរទាំងងឿងឆ្ងល់ទៅកាន់គ្រីស្នាថា "ព្រះអើយ! ខ្ញុំឲ្យកាក់មាសមួយស្បោង និងពេជ្រមួយគ្រាប់ហើយនៅតែមិនអាចជួយបុរសសុំទានបាន ចុះទម្រាំតែកាក់ធម្មតាមួយ ធ្វើម៉េចអាចជួយបុរសក្រតោកយ៉ាកនេះកើត"។ គ្រីស្នា ញញឹម ហើយប្រាប់អាជុន ឲ្យតាមលួចមើលបុរសសុំទាន ដើម្បីដឹងការពិត។
ក្រោយទទួលបានកាក់ បុរសសុំទានបានត្រឡប់ទៅផ្ទះវិញដូចធម្មតា តែម្ដងនេះមិនសប្បាយចិត្តទេ។ នៅតាមផ្លូវ រូបគេគិតថាកាក់ធម្មតាមួយ គាត់មិនអាចទិញសូម្បីតែបាយថ្ងៃត្រង់សម្រាប់ខ្លួនឯងផង។ គាត់ឆ្ងល់ថា ហេតុអ្វីបុរសនោះឲ្យខ្លួនតិចបែបនេះ?
ដើរបណ្ដើរសញ្ជឹងគិតបណ្ដើរ រហូតទៅជួបអ្នកនេសាទម្នាក់ដែលមានត្រីជាប់សំណាញ់។ បុរសសុំទានមានអារម្មណ៍អាណិតត្រីនោះ ហើយគិតថា មួយកាក់ក៏មិនអាចទិញបាយដោះស្រាយបញ្ហាបានដដែល ក៏សម្រេចជួយទិញត្រីអ្នកនេសាទនោះ។ ពេលទិញត្រីបាន គាត់បានយកត្រីរស់នោះដាក់ក្នុងក្រឡមួយដែលគាត់តែងតែស្ពាយជាប់ខ្លួន។
ពេលបុរសសុំទានដើរតាមផ្លូវ ក្រឡដាក់ត្រីបានរង្គើ ក្រឡុកទឹកធ្វើឲ្យត្រីខ្ជាក់គ្រាប់ពេជ្រចេញពីពោះ។ ដល់កន្លែងមួយ បុរសសុំទានបានឈប់មើលត្រី ស្រាប់តែឃើញគ្រាប់ពេជ្រក្នុងក្រឡគួរឲ្យភ្ញាក់ផ្អើល។ ស្របពេលជាមួយគ្នាដែរ ចោរដែលលួចស្បោងកាក់មាសរបស់គាត់ បានដើរឆ្លងកាត់កន្លែងគាត់សម្រាក ហើយចោរបានក្រឡេកឃើញភ្លាម ប្រែជាភ្ញាក់ព្រើត និងនឹកក្នុងចិត្តថា បុរសសុំទានបានចំណាំមុខខ្លួនទើបខ្លាចគាត់វាយ ក៏ប្រគល់ស្បោងកាក់មាសនោះឲ្យបុរសសុំទានវិញ។ បុរសសុំទានស្រឡាំងកាំង និងសឹងមិនជឿថា វាអាចកើតមានយ៉ាងនេះបាននោះទេ៕
** តម្លៃអប់រំរឿង៖** នៅពេលអ្នកមានលទ្ធភាព ឬមានឱកាសជួយអ្នកដទៃហើយ សូមកុំឱបដៃឈរមើល។ អំពើល្អរបស់អ្នកនឹងវិលត្រលប់សងអ្នកវិញនាពេលខាងមុខជាមិនខាន។