ប៉ុន្មាន​កម្មវិធី​មក​នេះ នាយ កុយ ប្រាប់​ថា កាត់​លុយ​ខ្លួន​ឯង​ឲ្យ ឃ្មឹប ជា​និច្ច

  • 2017-05-22 06:20:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

៣ទៅ៤ ឆាក​ហើយ​ដែល ឃ្មឹប បាន​ចូល​ចូល​សម្ដែង​ជា​មួយ​ក្រុម នាយ​កុយ​វិញ​បន្ទាប់​ពី អតីត​ភរិយា​នាយ ហុង​ដា រូប​​នេះ បាន​ដកខ្លួន​ពី​សិល្បៈ​ជា​ច្រើន​ឆ្នាំ​មក។ នាយ កុយ ដែល​ជា​ប្រធាន​ក្រុម​បញ្ជាក់​ឲ្យ​ដឹង​ថា រាល់​ការ​​សម្ដែង​ម្ដង​ៗ នាយ​តែង​ចេញ​លុយ​ផ្ទាល់​ខ្លួន​​ឲ្យ​ថ្លៃ​ឈ្នួល​ពលកម្ម ឃ្មឹប ជា​និច្ច។

ធ្វើ​បែប​នេះ ព្រោះ​មិន​ចង់​ឲ្យ​ប៉ះពាល់​ដល់​កូន​ក្រុម​ដទៃ​ទៀត។ លោក ជួង ជី ហៅ នាយ​កុយ បាន​​បញ្ជាក់​បន្ថែម​ថា វត្ត​មាន ឃ្មឹប ក្នុង​ក្រុម​ជា​ថ្មី​នេះ លោក​បាន​ហៅ​មក​ដោយ​ខ្លួន​ឯង មិន​បាន​សួរនាំ​កូន​ក្រុម​ឡើយ។ ដូច្នេះ​ហើយ លោក​មិន​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ថវិកា​ក្នុង​ក្រុម​ឡើយ មាន​ន័យ​ថា កូន​ក្រុម​លោក ពី​មុន​ឡើង​សម្ដែង​បាន​តម្លៃ​ខ្លួន​ប៉ុន្មាន គឺ​នៅ​តែ​ទទួល​បាន​ប៉ុណ្ណឹង​ដដែល មិន​បាន​កាត់​ទេ។ ប៉ុន្តែ​នាយ​បាន​កាត់​តម្លៃ​ខ្លួន​របស់​ខ្លួន​ឯង ឲ្យ ឃ្មឹប តែ​ម្ដង។

នាយ​បាន​បន្ត​ថា ឃ្មឹប នឹង​បន្ត​សម្ដែង​ជា​មួយ​ក្រុម​​របស់​លោក​រហូត ដោយ​ការ​សម្ដែង​នោះ គឺ​លោក​ឲ្យ​ចាប់​សម្ដែង​​ដៃគូ​ជា​មួយ នាយ​ហុងដា​តែ​​ម្ដង ហើយ​នឹង​ញឹក​ពាក់​ទៀត ។ "ដំបូង​ឡើយ ប្អូន ហុង​ដា​ប្រកែក​ដែរ ប៉ុន្តែ​ខ្ញុំ​ពន្យល់​ទៅ វា​ក៏​ព្រម ព្រោះ​ការ​សម្ដែង​​នេះ គឺ​​ជា​ការ​សម្ដែង​សាច់​រឿង​នៅ​តែ​លើ​ឆាក​ទេ រឿង​ផ្សេង​ទៀត​កុំ​ខ្វល់ សិល្បៈ​តែ​ប៉ុណ្ណឹង!"។ នាយ​​កុយ​ថ្លែង។

នាយ​កុយ សូម​បញ្ជាក់​ជុំ​វិញ សំនួរ​មហាជន​ដែល​ចោទ​សួរ​ថា " ហេតុ​អ្វី​មិន​​ហៅ​មក​សម្ដែង​តាំង​ពីយូរយារ​មក ទើប​មាន​រឿង​ផ្ទុះ​លើ Facecook ទើប​ហៅ​មក​សម្ដែង?” ជុំ​វិញ​សំនួរ​នេះ នាយ​ថា ការ​ចាក​ចេញ​ពី​ក្រុម​កំប្លែង​កន្លង​មក​របស់ ឃ្មឹប លោក​មិន​បាន​​បញ្ឈប់​ឡើយ គឺ ឃ្មឹប ចេញ​ដោយ​ខ្លួន​ឯង ​ទី​១។ ទី​២ គឺ​លោក​ក៏​មិន​បាន​ដឹង​ថា នាង​ទៅ​ណា​នៅ​កន្លែង​ណា​ដែរ ​ព្រោះ​មិន​មាន​លេខ​ទាក់​ទង​គ្នា។

លោក​ថា មិន​ត្រឹម​​តែ ឃ្មឹប ទេ កូន​ក្រុម​ទាំង​អស់​នៅ​ក្នុង​ក្រុម​កំប្លែង​​របស់​លោក គឺ​លោក​មិន​ធ្លាប់​បញ្ឈប់​​តារា​កំប្លែង​ណា​ម្នាក់​ឡើយ។ វត្ត​មាន ឃ្មឹប ក្នុង​ក្រុម​ជា​ថ្មី​នេះ មិន​មែន​​សម្រាប់​តែ​ការ​សម្ដែង​លើ​​កញ្ចក់​ទូរទស្សន៍​ប៉ុណ្ណោះ​ទេ សូម្បី​កាត់​សក់ ឬ ការ​ចុះ​សម្ដែង​ការ​ប្រគំតន្ត្រី​នៅ​តាម​ខេត្ត នាយ កុយ ប្រាប់​ថា ក៏​នាយ​​នាំ​ទៅ​ទាំង​អស់ ប្រសិន​បើ​ម្ចាស់​កម្មវិធី​កុម្ម៉ង់។

តាម​ការ​លើក​ឡើង​របស់​នាយ​កុយ មក​ទល់​ពេល​នេះ ឃ្មឹប បាន​សម្ដែង​បាន​២​ទូរទស្សន៍​ហើយ គឺ​បាន​បាយ័ន និង CTN ។

*ព័ត៌មាន​ពី ឃ្មឹប និង​ហុងដា ផ្សេង​ទៀត

*ព័ត៌មាន​ផ្សេង​ទៀត​ពី​នាយ កុយ

*នាយ កុយ ពោលពី​នាយ ឃ្លោក ដក​ខ្លួន

អត្ថបទ៖ ស៊ុនហួត