នាយ កុយ សោក​ស្ដាយ នាយ ​ឃ្លោក

  • 2015-05-28 13:01:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយ កុយ បាន​ពោល​សោក​ស្ដាយ នាយ ឃ្លោក ក្រោយ​ពី​អតីត​មិត្ត​រួម​ក្រុម​កំប្លែង​រូប​នេះ  បាន​ដក​ខ្លួន​ចេញពី​ក្រុម​​ប្រមាណ​ជាង ១​ឆ្នាំ​​កន្លង​មក​ហើយ។

 

លោក ជួង ជី ហៅ នាយ​កុយ ថ្លែង​ថា  "ការ​បាត់​បង់​រូប​គាត់(នាយ​ឃ្លោក) គឺ​ដូ​ច​ជា​បាត់​អ្វី​មួយ​អីចឹង ធម្មតា​ទេ​សម្ល​បើ​បាត់​គ្រឿង​អ្វី​មួយ​រសជាតិ​ក៏​មាន​ការ​ប្រែប្រួល​ទៅ​តាម​នឹង​ដែរ ប៉ុន្តែ​ធ្វើ​ម៉េច​បើ​គាត់​មាន​ការងារ​រវល់​ផ្ទាល់​ខ្លួន​អីចឹង"។ ​  

 

មាន​ចំណុច​ពិសេស​ជា​ច្រើន ដែល​លោក ទុំ សារុត ហៅ​នាយ ឃ្លោក មាន ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន និង​ជា​អ្វី​ដែល ជួង ជី ហៅ​នាយ កុយ បញ្ជាក់​ថា នាយ​មាន​ការ​សោក​ស្ដាយ​ចំពោះ​ការ​ចាក​ចេញ​របស់​អតីត​តារា​កំប្លែង​រួម​ក្រុម​រូប​នេះ។

 

ចំណុច​ទាំង​នោះ មាន​ដូច​ជា ទេពកោសល្យ​ពី​កំណើត​លើ​ការ​សម្ដែង​តួ​ច្រើន​ប្រភេទ ការ​ប្រើ​វោហា​សព្ទ និង​ចំណេះ​ដឹង​ទូ​ទៅ​ទូលំ​ទូលាយ​ជា​ដើម។ ៖ "ចំណុច​ពិសេស​​របស់​គាត់ គឺ​គាត់​ពូកែ​ក្នុង​ការ​សម្ដែង​ជា​អ្នក​អប់រំ ជា​ប៉ូលិស​អនុវត្តន៍​ច្បាប់ និង​ខាង​ចាស់ទុំ​ជា​ដើម គាត់​ពូកែ​វោហារ​ខាង​ផ្លូវច្បាប់​ហើយ​គាត់​តែង​តែ អាន​សៀវភៅ​ច្រើន​ទាក់​ទង​នឹង​ខាង​ច្បាប់​ជាដើម"។

 

លោក បញ្ជាក់​ថា ធនធាន​ជា​តារា​កំប្លែង​ដូច​នាយ ឃ្លោក គឺ​ពិបាក​រក​ណាស់ ក្នុង​អាជីព​ជា​អ្នក​កំប្លែង។

 

ទុំ សារុត ឬ​នាយ ឃ្លោក បាន​ដក​ខ្លួន​ពី​ក្រុម​កំប្លែង​នាយ កុយ នា​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ ២០១៤។ តាម នាយ កុយ បញ្ជាក់​ថា នាយ ឃ្លោក ឈប់​ពី​អាជីព​កំប្លែង​ដោយ​សារ​តែ​មមាញឹក​ជាមួយ​ការងារ​ផ្ទាល់​ខ្លួន។ វិល​មក សាមី​ខ្លួន វិញ ក៏​បាន​ប្រាប់​ដូច​គ្នា​ដែរ​ថា លោក រវល់​នឹង​របរ​រកស៊ី​ផ្ទាល់​ខ្លួន ដោយ​លោក​បាន​បើក​ក្រុមហ៊ុន​លក់​អាហារ​បំប៉ន​សុខភាព​ដែល​នាំ​ចូល​មក​ពី​បរទេស​ឈ្មោះ​ថា​អ៊ីវ៉ូ (EVO)។

 

 

បន្ថែម​ពី​លើ​នេះ លោក ក៏​បាន​ប្រាប់​ទៀត​ថា បាន​បោះបង់​អាជីវកម្ម​ដឹក​ខ្សាច់​តំណាល​គ្នា​ដែរ ដោយ​សារ​តែ​បច្ចុប្បន្ន​នៅ​ភ្នំពេញ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ខ្លាំង​ពេក ដែល​ធ្វើ​ឲ្យ​ចំនួន​ជើង​នៃ​​ការ​ដឹក​​ខ្សាច់​ដែល​លោក​មាន​រថយន្ត​ផ្ទាល់​ខ្លួន​ប្រមាណ ១០​គ្រឿង​នោះ ត្រូវ​ថយ​ចុះ។ ​ នាយ ឃ្លោក បញ្ជាក់​ទៀត​ថា អតិថិជន​របស់​នាយ ​ភាគច្រើន​ឡើង​មក​ពី​បណ្ដា​ខេត្ត​ស្វែង​រក​ការ​ពិភាក្សា​ចំ​តែ​ថ្ងៃ​សៅរ៍-អាទិត្យ ​ត្រូវ​គ្នា​នឹង​ថ្ងៃ​ដែល​រូប​លោក​លេង​កំប្លែង​ដែរ ជាហេតុ​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ខ្លាំង​សម្រាប់​ការងារ​សិល្បៈ ទើប​​សម្រេច​ឈប់​តែ​ម្ដង​ទៅ។

 

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ មាន​ការ​កត់​សម្គាល់​ឃើញ​ថា ទុំ សារុត ឬ​នាយ ឃ្លោក បាន​ដក​ខ្លួន​ពី​អាជីព​កំប្លែង បន្ទាប់​ពី​លោក ត្រូវ​បាន​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ព្រះ​បាទ នរោត្តម សីហ​មុនី ត្រាស់​បង្គាប់​តែង​តាំង​ជា​ឯក​ឧត្ដម​កាល​ពី​ដើម​ឆ្នាំ​២០១៤​កន្លង​ទៅ។ បច្ចុប្បន្ន លោក ទុំ សារុត ជា​ទីប្រឹក្សា​អគ្គ​លេខាធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​ឋានៈ​ស្មើ​អនុ​រដ្ឋ​លេខាធិការ។

 

"អូន​អើយ...ឥឡូវ​នេះ​​ទាំង​ការងារ​រដ្ឋ​ទាំង​ឯកជន ការ​រកស៊ី​របស់​បង​សុទ្ធ​តែ​រវល់​ខ្លាំង​ ដូច្នេះអត់​មាន​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បី​បន្ត​អាជីព​ជា​អ្នក​កំប្លែង​ទៀត​បាន​ទេ​ បើ​ទោះ​ខ្ញុំ​នៅ​ស្រលាញ់​ក៏​ពិត​មែន!"។ ​នាយ​ ឃ្លោក ​បញ្ជាក់៕

 

អត្ថបទ ៖ ថា ម៉ាលីដា