ជំនួយ​ចិន​មក​លើ​កម្ពុជា​ កើន​ដល់​ជាង​ ៤​ពាន់​ លាន​ដុល្លារ​

  • 2017-05-22 08:45:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជំនួយ​ផ្ទាល់​ពី​ប្រទេស​ចិន សម្រាប់​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា បាន​កើន​ឡើង​ជាង​ ៤ ០០០ ​លាន​ដុល្លារ​អាមេរិក បើ​គិត​ត្រឹម​រយៈពេល​ជិត​ ២០​ឆ្នាំ​ចុងក្រោយ​នេះ​។​​

រូបភាពរបស់ ខ្មែរដេលី

លោក​ទេស​រដ្ឋ​ម​ន្ត្រី អូន ព័ន្ធ​មុនីរ័​ត្ន រដ្ឋ​ម​ន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​អង្គារ​នេះ បាន​ឲ្យ​ដឹង​ថា ជំនួយ​ពី​ប្រទេស​ចិន​មក​លើ​កម្ពុជា មាន​ទឹកប្រាក់​សរុប ​៤ ២៩៧​ លាន​ដុល្លារ​អាម៉េរិក​។ ជំនួយ​ដែល​ផ្ដល់​ចាប់ពី​ឆ្នាំ​២០០១ ដល់​ខែ​មីនា ឆ្នាំ​២០១៧​នេះ មាន​ទាំង​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង ឥណទាន​ឥត​ការ​ប្រាក់ ដើម្បី​យក​មក​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ពន្ធ​នៅ​កម្ពុជា​។

លោក​ទេស​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា ប្រទេស​ចិន​នៅតែ​ជា​ដៃគូ​នាំ​មុខ​គេ​មួយ ក្នុង​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង និង​ ឥណទាន​សម្បទាន​ដល់​កម្ពុជា​។ លោក អូន ព័ន្ធមុនីរ័ត្ន បាន​បញ្ជាក់​ថា «​ប្រទេស​ចិន​បាន ផ្ដល់​ជំនួយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​លើ​គ្រប់​វិស័យ និង​រាយប៉ាយ​សឹង​គ្រប់​អង្គភាព និង​ស្ថាប័ន​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​»។ លោក​ទេស​រដ្ឋ​​មន្ត្រី បន្ត​ថា ការ​រីក​ចម្រើន​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន គឺ​កើតឡើង​ដោយសារ​ការ​ជួយ​យ៉ាង​ធំធេង​ពី​សំណាក់​រដ្ឋាភិបាល និង​ប្រជា​ជន​ចិន ទាំង​នយោបាយ សេដ្ឋកិច្ច បច្ចេកទេស និង​ហិរញ្ញវត្ថុ។​ ​

​លោក​ ស្យុង ប៉ូ​ (Xiong Bo) ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​និយាយ​ថា ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ប្រទេស​ចិន កំពុងតែ​ស៊ី​ជម្រៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ ថ្ងៃ និង​កាន់តែ​គ្រប់​ជ្រុងជ្រោយ ហើយ​កំពុង​ឈាន​ទៅ​រក​គោល​នយោបាយ​នៃ​ការ​សហ​ប្រតិបត្តិការ ស្ដីពី ​«​ផ្លូវ​មួយ ខ្សែ​ក្រវ៉ាត់​» ដែល​ផ្ដួចផ្ដើម​ឡើង​ដោយ​ប្រមុខ​ដឹកនាំ​របស់​ប្រទេស​ចិន​។​ លោក​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ចិន​នៅតែ​បន្ត​កិច្ច សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​នៅ​ក្នុង​វិស័យ​សំ​ខាន់ៗ ដើម្បី​ជួយ​ជំរុញ​ឲ្យ ប្រទេស​កម្ពុជា​អភិវឌ្ឍន៍​កាន់តែ​ឆាប់​រហ័ស ដែល​នឹង​នាំមក​នូវ​សុខុមាលភាព​ប្រជា​ជន​កាន់តែ​ប្រសើរ​។​ ​

​ រដ្ឋាភិបាល​ចិន តែង​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដើម្បី​តបស្នង​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​ប្រកាន់​ជំហរ​គោលនយោបាយ​ចិន​តែមួយ​ឥត​ងាករេ បើ​ទោះបីជា​រង​ការ​រិះ​គន់​ពី​ក្រុម​គណបក្ស ប្រឆាំង​។​ ​

​រាជ​រដ្ឋាភិបាល​កម្ពុជា​បា​បាន​ប្រើប្រាស់​លុយ​ទាំង​នោះ​ទៅលើ​ការ​អភិ​វ​ឌ្ឍ​ផ្លូវថ្នល់ ស្ពាន ថា​ម​ពល​អគ្គិសនី ប្រព័ន្ធ​ធារាសាស្ត្រ សង្គមកិច្ច​ កង​ទ័ព ធន​ធាន​មនុស្ស ជាដើម​៕​ ​

ប្រភព៖ ខ្មែរដេលី (thekhmerdaily)

អត្ថបទថ្មី