តារា​លំដាប់​អន់​របស់​ចិនមួយរូប​ត្រូវ​គេ​រិះ​គន់​ព្រោះ​​សំលៀក​បំពាក់​រូប​ទង់​ជាតិ​

  • 2017-05-22 23:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Dai Bao ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តារា​សម្ដែង​កម្រិត​អន់ (Class B) របស់​ប្រទេស​ចិន​ ត្រូវ​បាន​គេ​រិះ​គន់​និង​ទាម​ទារ​ឲ្យ​សុំ​ទោស​ទៅ​ទស្សនិកជន​ជា​សាធារណៈ​ព្រោះ​បាន​ស្លៀក​សំលៀក​បំពាក់​ដែល​មាន​រូប​ទង់​ជាតិ​ប្រទេស​ចិន​ ទៅ​ចូល​រួម​កម្មវិធី​មហោស្រព​ភាព​យន្ត Cannes នៅ​ប្រទេស​បារាំង។

សំលៀក​បំពាក់​នេះ​បាន​ធ្វើ​ឲ្យ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​និង​ប្រជា​ជន​ចិន​ជា​ច្រើន​ខឹង​សម្បារ ដោយ​សារ​តែ​ទង្វើ​នេះ​ព្រោះ​បាន​ជះ​ឥទ្ធិពល​ដល់​មុខ​មាត់​ប្រទេស​ជាតិ។ មាន​មតិ​មួយ​បាន​លើក​ឡើង​ថា៖ "នាង​ស្លៀក​សំលៀក​បំពាក់​យ៉ាង​អន់ ហើយ​បង្ហាញ​ទង់​ជាតិ​ ពេល​ដែល​នាង​ដើរ​ទៅ​ កំណាត់​សំពត់​នោះ​នឹង​ប៉ះ​ផ្ទាល់​ដី​។ ហេតុ​អ្វី​បាន​ជាង​នាង​យក​រូប​ទង់​ជាតិ​ប្រទេស​ចិន​ទៅ​ដើរ​ជាន់​នៅ​ប្រទេស​បារាំង?”

ចំពោះ​បញ្ហា​នេះ​តារា Class B រូប​នេះ​ក៏​បាន​ឆ្លើយ​តប​ថា​៖ "ខ្ញុំ​ជា​មនុស្ស​ស្រលាញ់​ប្រទេស​ជាតិ​ និង​ជា​តារា​សម្ដែង​មួយ​រូប។ ការ​ដើរ​ក្នុង​កម្រាល​ព្រំ​ក្រហម​របស់​កម្ម​វិធី​មហោស្រព​ភាព​យន្ត​ Cannes គឺ​ជា​ក្ដី​ស្រមៃ​របស់​តារា​ជា​ច្រើន​ក្នុង​វិស័យ​ភាព​យន្ត​នេះ រាប់​បញ្ចូល​ទាំង​ខ្ញុំ​ផង​ដែរ។ ខ្ញុំ​គ្រាន់​តែ​ចង់​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ។ ខ្ញុំ​សង្ឃឹម​ថា​អ្នក​គ្រប់​គ្នា​នឹង​យល់​ថា ខ្ញុំ​មិន​មែន​ចង់​ល្បី​ដោយ​សារ​តែ​បង្ហាញ​ខ្លួន​នៅ​កម្មវិធី Cannes នេះ​ទេ។"

នាង​បាន​សង្កត់​ធ្ងន់​ថា៖ "ប្រសិន​ជា​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​របស់​ខ្ញុំ សូម​លើក​លែង​ទោស​ឲ្យ​ខ្ញុំ​ផង។ ខ្ញុំ​សូម​ផ្ញើ​សេចក្ដី​សុំទោស​ជា​អនេក​ពី​បេះ​ដូង​ខ្ញុំ ហើយ​ខ្ញុំ​មិន​ដែល​មាន​បំណង​ចង់​ធ្វើ​ឲ្យ​ទង់​ជាតិ​អាប់​អោន​កិត្តិយស​នោះ​ទេ។"

តារា​សម្ដែង Dai Bao គឺ​ជា​តារា​ម្នាក់​ដែល​មិន​មាន​គេ​ស្គាល់​ក្នុង​ប្រទេស​ចិន ព្រោះ​នាង​ធ្លាប់​ចូល​រួម​សម្ដែង​ជា​តួ​កំប៉ិក​កំប៉ុក​ក្នុង​រឿង​កំប្លែង​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​នេះ​ នាង​គឺ​ជា​តារា​ម្នាក់​ដែល​ត្រូវ​គេ​ស្វែង​រក​ព័ត៌មាន​ច្រើន​ជាង​គេ​នៅ​លើ​​អ៊ីនធឺណិត​នៅ​ប្រទេស​ចិន៕

ចុចអាន ព័ត៌មាន​ទាក់ទង​តារាចិន

ចុច​អាន ព័ត៌មាន​កម្សាន្តអន្តរជាតិ

ចុច​អាន ផ្អែម​កប់...Shape of You លាត​ត្រដាង​ក្នុង​ស្នេហា​ស្រី​ស្អាត​ថៃ!

ប្រភព៖ Zing   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី