ការប្រគំតន្រ្តី​នៅទីក្រុង Manchester រងការ​បំផ្ទុះគ្រាប់បែក​យ៉ាងកក្រើក ស្លាប់និងរបួស​ជាច្រើន

  • 2017-05-23 01:39:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ចំនួន ១៩ នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត និង​ប្រមាណ​ជា ៥០ នាក់ ផ្សេង​ទៀត​បាន​រង​របួស នៅ​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​យ៉ាង​កក្រើក​មួយ នៅ​ឯ​ទីតាំង​ប្រគំ​តន្ត្រី Manchester Arena ស្ថិត​ក្នុង​ទីក្រុង Manchester ចក្រភពអង់គ្លេស កាល​ពី​យប់​ថ្ងៃ​ច័ន្ទ ម្សិលមិញ​នេះ។

សាក្សី​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួកគេ​បាន​លឺ​សំឡេង​ផ្ទុះ​ចំនួន​២ បន្ទាប់​ពី​ការ​ប្រគំ​តន្ត្រី​ប៉ុប​របស់ តារា​ចម្រៀង​ស្រី​អាមេរិក​វ័យ​ក្មេង Ariana Grande។

ទោះ​បី​ជា​យ៉ាង​ណា មូលហេតុ​នៃ​ការ​ផ្ទុះ​នេះ មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​អង្គភាព North West Counter Terrorism Unit បាន​ចាត់​ទុក​វា​ថា អាច​ជា​ឧប្បត្តិហេតុ​ភេរវកម្ម។

ជាមួយ​គ្នា​នេះ​ដែរ​ស្ថានីយ​រថភ្លើង Manchester Victoria ដែល​ស្ថិត​នៅ​ជិត​ទីតាំង​ប្រគំ​តន្ត្រី បាន​បិទ​ទ្វា និង​លុបចោល​ជើង​រថភ្លើង​ទាំង​អស់​តែម្ដង។ ប៉ូលិស​បាន​និយាយ​ថា ការ​ផ្ទុះ​នេះ​បាន​កើត​ឡើង​នៅ​ច្រក​ដើរ​ជាប់​នឹង​ទ្វារ​ចូល នៃ​ទីតាំង​ប្រគំ​តន្ត្រី​ខាងលើ។

គួរ​បញ្ជាក់​ថា អ្នក​ទស្សនា​ការ​ប្រគំ​តន្ត្រី​នោះ ភាគច្រើន​គឺ​ជា​មនុស្ស​វ័យ​ក្មេង ដែល​បាន​ភ្លូក​ទឹក​ភ្លូក​ដី​ទៅ​ទស្សនា​ការ​សម្ដែង​ដំបូង​បង្អស់ ក្នុង​ចំណោម​ការ​សម្ដែង​ចំនួន​៣ នៅ​ចក្រភព​អង់គ្លេស នៃ​ដំណើរ​ទស្សនកិច្ច «European and Latin American Tour» របស់​តារា​ចម្រៀង​ស្រី Grande។

ទីតាំង​ប្រគំ​តន្ត្រី Manchester Arena ឬ​ត្រូវ​បាន​គេ​ហៅ​ថា MEN Arena គឺ​ជា​ទីតាំង​ដ៏​ធំ​មួយ​នៅ​ក្នុង​ទីក្រុង ដែល​អាច​ផ្ទុក​មនុស្ស​រហូត​ដល់​ទៅ ១៨ ០០០ សម្រាប់​ការ​ប្រគំ​តន្ត្រី​នានា។

បើ​យោង​តាម​សារព័ត៌មាន Telegraph របស់​ចក្រភព​អង់គ្លេស បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង​ស្រី Grande មិន​មាន​រងគ្រោះថ្នាក់​អ្វី​ឡើយ បើ​ទោះ​បី​ជា​មាន​អ្នក​ស្លាប់ និង​រង​របួស​យ៉ាង​ច្រើន​ក្ដី៕

ប្រភព៖ BBC | CNN | telegraph   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី