ធ្វើ​ការ​នៅ CTN សុខ​ៗ យុគ ចិន្តា ត្រូវ​ប្រកាស​ជា CEO ក្រុម​ហ៊ុន​ថ្មី​មួយ​មុន​នេះ

  • 2017-05-23 10:02:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​រសៀល​នេះ អ្នក​នាង យុគ ចិន្តា ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ថា ជា​នាយក​ប្រតិបត្តិ (CEO) របស់​ក្រុម​ហ៊ុន​ថ្មី​មួយ​ ក្នុង​ពេល​ដែល​អ្នក​នាង​កំពុង​កាន់​ការ​មួយ​ចំនួន​រួច​ស្រេច​នៅ CTN ដូច​ជា​ពិធីការិនី និង​អ្នក​គ្រប់គ្រង​កម្មវិធី។

អ្នកនាង យុគ ចិន្តា និង​លោក Dennis Garcia Arce Head of TMS Music

​ក្រុមហ៊ុន​ថ្មី​នោះ មាន​ពាណិជ្ជ​នាម​ថា TMS(Talent Management Service) ដែល​ធ្វើ​ការ​ជិត​ស្និទ្ធ​ក្នុង​ឧស្សាហកម្ម​កម្សាន្ត​ក្នុង​ស្រុក។ តាម CEO ខាង​លើ​ប្រាប់​ថា ក្រុមហ៊ុន​អ្នកនាង គឺ​ជា​បុត្រ​សម្ព័ន្ធ​ថ្មី​មួយ​ទៀត​អង្គភាព​ដែល​អ្នក​នាង​កំពុង​បម្រើ​ការ​សព្វ​ថ្ងៃ គឺ CTN ដែល​ប្រើ​ប្រាស់​ទុន​រួម​សុទ្ធ​ពី​អង្គភាព​ធំ​មួយ​នេះ។

ក្រៅ​ពី​តំណែង​ធំ​ខាង​លើ បុគ្គល​មាន​សក្ដានុពល​ក្នុង​សិល្បៈ​រូប​នេះ បញ្ជាក់​ថា អ្នក​នាង​មិន​មាន ភាគហ៊ុន​ណា​មួយ​ទេ​នៅ​ក្នុង​ក្រុមហ៊ុន ក្រៅ​ពី​ទទួល​កម្រៃ​របស់​​តួនាទី​នោះ។ យ៉ាង​នេះ​ក្ដី អ្នក​នាង​សុំ​សិទ្ធិ​មិន​អធិប្បាយ​ពី​តួលេខ​នៃ​ប្រាក់​កម្រៃ​ដែល​អ្នក​នាង​ទទួល​បាន​ពី​តួនាទី​ខាង​លើ។

TMS ត្រូវ​បាន​ប្រកាស​ដំណើរ​នៅ​រសៀល​នេះ ដោយ​មាន​ផ្ដល់​សេវា​សិល្បៈ​កម្សាន្ត​ជា​ច្រើន​ដូច​ជា ​ចម្រៀង ភាពយន្ត និង​ក្រុម​រាំ​ជា​ដើម។ ដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុន​ថ្មី​មួយ​នេះ​ បាន​ប្រមូល​ផ្ដុំ​ដោយ​សិល្បករ​មាន​ទេពកោសល្យ​មួយ​ចំនួន ដូច​ជា អួន បឋម សេម ម៉ា ច័ន្ទ​បញ្ញា អតីត​ជយលាភី​លេខ​៣​កម្មវិធី "ស្ដាប់​ចម្រៀង​របស់​ខ្ញុំ" រដូវ​កាល​ទី​២ កញ្ញា រុន ស៊ីរ៉ា រួម​ទាំង ម្ចាស់​បទ "ទេវតា" P-Sand, MC Bull និង​កញ្ញា អ៊ីង​អ៊ីង ជា​ដើម​។

ថ្នាក់​ដឹកនាំ និង​សមាជិក​ TMS

ក្រៅ​ពី​តារា​ចម្រៀង​វ័យ​ក្មេង​ប៉ុន្មាន​ដួង​ខាង​លើ TMS នៅ​មាន​ក្រុម​រាំ​យុវវ័យ​២​ក្រុម​ទៀត។ ទាំង​ក្រុម​រាំ និង​សិល្បករ​ផ្នែក​ចម្រៀង សុទ្ធ​ជា​បុគ្គល​មាន​ទេពកោសល្យ​ឆ្នើម​ផ្នែក​សិល្បៈ។ អ្នក​នាង យុគ ចិន្តា ជា​នាយក​ប្រតិបត្តិ ប្រាប់​ថា ក្រៅ​ពី​ផ្គត់​ផ្គង់​សេវា​សិល្បៈ​ដូច​ខាង​លើ TMS ក៏​មាន​ផ្ដល់​ការ​បណ្ដុះបណ្ដាល​បន្ថែម​លើ​ជំនាញ​របស់​ពួក​គេ​ដែរ ដើម្បី​ឲ្យ​ពួក​គេ​កាន់​តែ​ឆ្នើម និង​មាន​ទីផ្សារ​ខ្ពស់។

ដោយ​សារ​ទើប​នឹង​ចាប់​ដំណើរ​ការ អ្នក​នាង យុគ ចិន្តា ប្រាប់​ថា ក្រុមហ៊ុន​អ្នក​នាង គ្រោង​នឹង​ជ្រើសរើស សិល្បករ​ចូល​បន្ថែម​ទៀត ដើម្បី​បំពេញ​នូវ​តម្រូវ​ការ​សេវា​កម្សាន្ត​នានា​ក្នុង​ស្រុក ដែល​បច្ចុប្បន្ន​អ្នក​នាង​ឃើញ​ថា ទីផ្សារ​នៅ​ធំ តែ​ការ​ផ្គត់ផ្គង់​នៅ​មាន​តិច។ "យើង​មាន​គម្រោង​នឹង​រើស​បន្ថែម​ទៀត ដោយ​ពេល​នេះ​មាន​តែ​ក្រុម​ចម្រៀង តែ​បន្ទាប់​ទៀត នឹង​ជ្រើស​ផ្នែក​សម្ដែង ដើរ​ម៉ូដ។ ប៉ុន្តែ​មិន​មែន​ថា អ្នក​ណា​ក៏​អាច​ចូល​បាន​ទេ ទាល់​តែ​ពួក​គេ មាន​សមត្ថភាព​គ្រប់​គ្រាន់​ដែរ"។

ដោយ​ធ្លាប់​ជា​តារា​ចម្រៀង​មិន​មាន​ទ្រនំ​ច្បាស់​លាស់ សិល្បករ​វ័យ​ក្មេង​បាន​ប្រាប់​ថា​ពួក​គេ​ប្រាប់​ថា មាន​ភាព​កក់​ក្ដៅ។ លោក ម៉ា ច័ន្ទ​បញ្ហា ថ្លែង​ថា លោក​រីករាយ និង​មាន​ជំនឿ​ចិត្ត​ថា ការ​សម្រេច​ចិត្ត​ចូល TMS គឺ​ជា​ជម្រើស​ត្រឹមត្រូវ ដោយ​ហេតុ​ថា​លោក​មាន​កន្លែង​មួយ​រឹង​មាំ​ទាំង​សេដ្ឋកិច្ច និង​ខ្លាំង​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​​សម្រាប់​ជ្រក​កោន ជាក់​ស្ដែង​ពី​ក្រោយ TMS គឺ​មាន​ទូរទស្សន៍​៣​រួច​ស្រេច គឺ CTN, MyTV និង CNC ។

ដូច្នេះ​ហើយ លោក​មាន​ជំនឿ​ថា អាជីព​របស់​លោក​កាន់​តែ​មាន​ផ្លែ​ផ្កា។ មិន​ខុស​ពី បញ្ញា លោក អួន បឋម រុន ស៊ីរ៉ា សេម អះអាង​ដូច​គ្នា​ថា ពួក​គេ​ជឿ​ថា ក្រុមហ៊ុន​ខ្លួន​អាច​ជួយ​យោង​សមត្ថភាព និង​ទីផ្សារ​របស់​ពួក​គេ​បាន។

ដោយ​សារ​សមាជិក​រើស​ចូល​ដំបូង​សុទ្ធ​ជា​តារា​ចម្រៀង អ្នកនាង យុគ ចិន្តា បញ្ជាក់​ថា នឹង​រៀប​ឲ្យ​ពួក​គេ​បាន​បញ្ចេញ​ស្នាដៃ​ចម្រៀង​របស់​ពួក​គេ​បន្ត​បន្ទាប់​នា​ពេល​ខាង​មុខ ដើម្បី​ឲ្យ​ពួក​គេ​កាន់​តែ​ល្បី​ល្បាញ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី