បម្រាម​ដូន​តា​ខ្មែរ! ផ្សំ​ដំណេក សង់​ផ្ទះ កប់​ខ្មោច​ ដាច់​ខាត​កុំធ្វើ​ក្នុង​ថ្ងៃ​ទាំង​នេះ​

  • 2017-05-24 03:01:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ទំនៀម​ពី​បុរាណ​ ដូន​តា​ខ្មែរ តែង​ជឿ​ថា តាម​ថ្ងៃ​នីមួយៗ មាន​ថ្ងៃ​ល្អ និង​មិន​ល្អ ហាម​ប្រាម​កូន​ចៅ​មិន​ឱ្យ​ធ្វើ​កិច្ចការ​ ឬ​ពិធី​ផ្សេងៗ​នៅ​ក្នុង​ថ្ងៃ​ទាំង​នោះ​ទៀត​ផង​។ ជាក់​ស្ដែង​​ក្នុង​ពិធី​បុណ្យ​សព ការ​កប់​ខ្មោច ឬ​ដុត​ខ្មោច មិន​មែន​ចេះ​តែ​ធ្វើ​ផ្ដេសផ្ដាស​នោះ​ទេ​។ ​ខាង​ក្រោម​នេះ ជា​បម្រាម​មួយ​ចំនួន​របស់​ដូន​តា​ខ្មែរ ហាម​ធ្វើ​ដាច់​ខាត​ ទៅ​តាម​ថ្ងៃ​នីមួយ​៖

ថ្ងៃ​អាទិត្យ៖ ​ជំនឿ​ពី​បុរាណ​ ថ្ងៃ​អាទិត្យ​មាន​ន័យ​ថា ចុះ​ក្ដៅ។ ដូច្នេះ​ហាម​កប់​ខ្មោច​ក្នុង​ថ្ងៃ​អាទិត្យ ​ព្រោះ​អាច​នាំ​រឿង​ហេតុ​មិន​ល្អ កើត​ឡើង ព្រលឹង​ខ្មោច​មិន​អាច​ទៅ​កាន់​សុគតិភព​នោះ​ទេ​។

ថ្ងៃ​អង្គារ​៖ ​តាម​ទំនៀមទម្លាប់ ជំនឿ​តាំង​ពី​បរម​បុរាណ​ ថ្ងៃ​អង្គារ មាន​ន័យ​ថា ចុះ​ភ្លើង​។ ហាម​ដុត​ខ្មោច​ ដាច់​ខាត ក្នុង​ថ្ងៃ​អង្គារ​។

ថ្ងៃ​ច័ន្ទ​៖ ​មាន​ន័យ​ស្មើ​នឹង​ចុះ​ផ្លូវ។ ​តាម​បម្រាម​ពី​បុរាណ ហាម​ដាច់​ខាត​លើក​ផ្លូវ​​ក្នុង​ថ្ងៃ​ច័ន្ទ​។

ថ្ងៃ​ពុធ​៖ មាន​ន័យ​ស្មើ​នឹង​ចុះ​ភូមិ​។ ​តាម​ជំនឿ ហាម​ដាច់​ខាត លើក​ភូមិ​ធ្វើ​លំនៅឋាន​ក្នុង​ថ្ងៃ​ពុធ។

ថ្ងៃ​ព្រហស្បតិ៍​៖ មាន​ន័យ​ស្មើ​នឹង​ចុះ​ព្រៃ។ ​បម្រាម​ពី​បុរាណ ហាម​ដាច់​ខាត កាប់​ឈើ ឬ​ទិញ​ឈើ​ព្រៃ​សង់​ផ្ទះ ក្នុង​ថ្ងៃ​ព្រហស្បតិ៍​។

ថ្ងៃ​សុក្រ​៖ មាន​ន័យ​ស្មើ​នឹង​ចុះ​ដំណេក​។ ​បម្រាម​ពី​បុរាណ ហាម​ផ្សំ​ដំណេក ដាច់​ខាត​ក្នុង​ថ្ងៃ​សុក្រ​។

ថ្ងៃ​សៅរ៍​៖ ​មាន​ន័យ​ស្មើ​នឹង​ ចុះ​ទឹក​។ ហាម​ចុះ​រកស៊ី​តាម​ផ្លូវ​ទឹក​ ដាច់​ខាត​ក្នុង​ថ្ងៃ​សៅរ៍​។

តាម​ទំនៀម​ទម្លាប់​ពី​ បុរាណ​ហាម​នេះ បើ​ចង់​លើក​ផ្លូវ ឬ​ទិញ​ឈើ ឬ​ផ្សំ​ដំណេក​ជា​ដើម មិន​មែន​ហាម​ដាច់​ខាត ក្នុង​ថ្ងៃ​នេះ​ទេ គឺ​មាន​ន័យ​ថា ចាប់​ផ្ដើម​ក្នុង​ថ្ងៃ​ដំបូង​ កុំ​ឱ្យ​ចំ​ថ្ងៃ​នេះ ក្រោយ​ៗ​មក​ទៀត​ចំ​ថ្ងៃ​នេះ ក៏​មិន​អី​ដែរ​៕​

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

ប្រភព៖ លំអានទំនៀមខ្មែរបូរាណ

អត្ថបទពេញនិយម