មាន​អ្នក​ដឹង​ទេ Apple បាន​បរាជ័យ​ផ្ទួន​គ្នា​​លើ​ផលិតផល ៥ នេះ ព្រោះ​ទាក់​ចិត្ត​អតិថិជន​មិន​បាន​

  • 2017-05-25 02:52:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple គឺ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ដ៏​ធំ​មួយ ដែល​មាន​ការ​ទទួល​ស្គាល់​ច្រើន​ពី​ការ​ចេញ​លក់​ផលិតផល​នា​នា​របស់​ខ្លួន។ ដោយ​ឡែក​ទន្ទឹម​នឹង​ភាព​ជោគជ័យ​ ពួក​គេ​ក៏​ធ្លាប់​បាន​ប្រកាស​ចេញ​លក់​នូវ​ផលិតផល​ចំនួន ៥ ដែល​ពុំ​បាន​ផ្ដល់​ភាព​ទាក់ទាញ​និង​ទទួល​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​អតិថិជន​ឡើយ។

១.iPod Suffle (ជំនាន់​ទី ៣)

ជា​ច្រើន​ឆ្នាំ​មក​ហើយ​ Apple បាន​រុករក​នូវ​វិធីសាស្ត្រ​ក្នុង​ការ​ច្នៃ​ប្រឌិត​ឧបករណ៍​របស់​ខ្លួន​ ឱ្យ​មាន​ភាព​ទាក់ទាញ​តាម​រយៈ​ការ​កាត់​បន្ថយ​កម្រាស់​ខ្លួន និង​វិមាត្រ​ម៉ាស៊ីន​។ ត្រលប់​ថយ​ក្រោយ​មក​ឆ្នាំ ២០០៩ ក្រុមហ៊ុន​អាមេរិក​មួយ​នេះ បាន​បរាជ័យ​ជាមួយ​ឧបករណ៍​ស្ដាប់​ចម្រៀង​ iPod Suffle ជំនាន់​ទី ៣ ខណៈ​ពួក​គេ​បាន​ដក​ចោល​នូវ​ប្រភេទ​ប៊ូតុង​បញ្ជា​ឡើង​ចុះ ឆ្វេង​ស្ដាំ​​ដែល​ធ្លាប់​តែ​មាន​នៅ​លើ​ iPod Suffle ជំនាន់​ទី ១ និង​ទី ២ ហើយ​ជំនួស​ដោយ​ប្រភេទ​ប៊ូតុង​បង្កប់​វិញ​​។ កត្តា​នេះ​ហើយ​បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន សឹង​តែ​មិន​បាន​ស្គាល់​ពី​វត្តមាន​ iPod Suffle ជំនាន់​ទី ៣ ផង​ ព្រោះ​ពុំ​មាន​ការ​ចាប់​អារម្មណ៍​នៅ​លើ​ទីផ្សារ​។

២.Apple G4 Cube:

កាល​ពី​ ១៧ ឆ្នាំ​មុន​ Apple បាន​ប្រកាស​ចេញ​លក់​នូវ​ប្រភេទ​កុំព្យូទ័រ​លើ​តុ​រាង​ប្លែក​បន្តិច​ម៉ូដែល​ G4 Cube ។​ តម្លៃ​របស់​វា​ត្រូវ​បាន​គេ​ដឹង​ថា​ប្រហែល ១,៧៩៩ ដុល្លារ​ឯ​ណោះ ប៉ុន្តែ​មិន​គ្រាន់​តែ​កត្តា​តម្លៃ​មួយ​ប៉ុណ្ណោះ​ទេ ទាំង​ការ​រចនា​មិន​ជា​សូវ​ស្អាត​ផង​ ក៏​ការ​ចេញ​លក់​មាន​ភាព​រាំង​ស្ទះ​ រហូត​ដល់​ក្រុមហ៊ុន​ត្រូវ​សម្រេច​ឈប់​លក់​ផលិតផល​នោះ​តែ​ម្ដង​។

៣.Bandai Pippin:

នា​អំឡុង​ឆ្នាំ ១៩៩០ ក្រុមហ៊ុន​ Apple បាន​ប្រឡូក​ចូល​ក្នុង​វិស័យ​ផលិត​ឧបករណ៍​ហ្គេម​ដូច​ទៅ​នឹង Nintendo, SEGA និង​ Commodore ដែរ ដោយ​បាន​បញ្ចេញ​ឧបករណ៍​ហ្គេម​ម៉ូដែល Bandai Pippin ។​ កាល​នោះ​ពួក​គេ​ផលិត​បាន ១០ មុឺន​គ្រឿង លក់​ក្នុង​មួយ​គ្រឿង​តម្លៃ ៥៩៩ ដុល្លារ ប៉ុន្តែ​ត្រូវ​បាន​គេ​ដឹង​ថា មាន​ប្រមាណ​ ៥ មុឺន​គ្រឿង ពុំ​មាន​នរណា​អើពើ​ទិញ​វា​ទៅ​ប្រើប្រាស់​ឡើយ​។

​​​​​​៤.Macintosh TV:

ប្រភេទ​ទូរទស្សន៍​ដែល​អាច​ត​ភ្ជាប់​ជាមួយ​ខ្សែ​ទៅ​ជា​​កុំព្យូទ័រ​ Desktop បាន​ ក្រុមហ៊ុន Apple ធ្លាប់​បាន​ដាក់​លក់​ក្នុង​តម្លៃ​ដល់​ទៅ ២ ពាន់​ដុល្លារ​កាល​ពី​ឆ្នាំ ១៩៩៣ ប៉ុន្តែ​វា​ពុំ​បាន​រង្គោះរង្គើ​ចិត្ត​អតិថិជន​អ្វី​នោះ​ទេ ហើយ​ Apple ក៏​ត្រូវ​បរាជ័យ​ជាមួយ​ឧបករណ៍​នោះ​។​

៥.Apple's Original USB Mouse:*

នា​ពិព័រណ៍​ Macworld កាល​ពី​ឆ្នាំ ១៩៩៨ លោក​ Jony Ive អ្នក​​Design ល្បី​ឈ្មោះ​មួយ​រូប របស់​ Apple ​បាន​រចនា​បង្កើត​ឡើង​នូវ​ប្រភេទ​ Mouse បញ្ជា​ភ្ជាប់​ជាមួយ​ខ្សែ USB ដែល​ត្រូវ​បាន​គេ​ដឹង​ថា វា​អាច​ធ្វើ​ការ​ចង្អុល​ទៅ​ទីតាំង​ណា​មួយ មាន​ល្បឿន​លឿន​បំផុត​ក្នុង​លោក​ នា​អំឡុង​ឆ្នាំ​នោះ​។​ យ៉ាងណាមិញ​មិន​ដឹង​ជា​ហេតុ​អ្វី​ឱ្យ​ច្បាស់​ដែរ​ ឫ​អាច​ថា​មក​ពី​រូបរាង​របស់​វា​មិន​ទាក់ទាញ​ក៏​ថា​បាន ផលិតផល​មួយ​នោះ​ក៏​ជួប​វិបត្តិ​នៃ​ការ​លក់​ដូច​គ្នា​​។

ប្រភព៖ idropnews   ប្រែសម្រួល៖ កៅ រក្សា