អបអរសាទរ! ប្រាសាទអង្គរវត្តជាប់​ចំណាត់ថ្នាក់​លេខ​ ១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏អស្ចារ្យ បំផុតលើលោក

  • 2017-05-25 09:09:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ការ​ចូលរួមបោះឆ្នោតពីភ្ញៀវទេសចររាប់លាននាក់ជុំវិញពិភពលោក គេហទំព័រដ៏ល្បីល្បាញ TripAdvisor បានផ្តល់ចំណាត់ថ្នាក់លេខ១ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជា​សំណង់​ដ៏​មាន​សារៈ​សំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​អស្ចារ្យ​បំផុត​របស់​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៧​នេះ។ នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។

នេះគឺជាឆ្នាំទី៤ហើយ ដែលអង្គរត្រូវបានភ្ញៀវទេសចរលើពិភពលោកបោះឆ្នោតគាំទ្រ ហើយ​ទទួល​បានចំណាត់លេខ១ជាប់ៗគ្នាតាមរយៈគេហទំព័រដ៏ល្បីល្បាញផ្សេងៗគ្នា គឺ កាលពីឆ្នាំ២០១៤ អង្គរបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រមួយដែលតែងតែយកតំបន់បុរាណវិទ្យា និង​ប្រវត្តិសាស្រ្ត​ទាំងអស់លើពិភពលោកមកប្រៀបធៀបគ្នា នោះគឺគេហទំព័រ ArchaeoMadness។ បន្ទាប់មកទៀត នៅដើមឆ្នាំ២០១៥ អង្គរទទួលបានចំណាត់ថ្នាក់លេខ១ម្តងទៀត នៅ​លើ​គេហទំព័រ​អន្តរជាតិមួយ ដែលជាគេហទំព័រផ្សព្វផ្សាយតំបន់ទេសចរណ៍ល្បីៗលើពិភពលោក នោះគឺគេហទំព័រ TripAdvisor។

នៅឆ្នាំ២០១៦កន្លងទៅ អង្គរបានបន្តជាប់លេខ១បន្ថែមទៀត នៅលើគេហទំព័ររបស់ក្រុមហ៊ុន Lonely Planet ដែលជាគេហទំព័រផ្សព្វផ្សាយ និង​ជា​ប្រភពព័ត៌​មាន​ទេសចរណ៍​ដ៏​ល្បី​មួយ​លើ​ពិភពលោក មាន​ទាំង​ព័ត៌មាន​តាមរយៈ​វែបសាយ ទស្សនាវដ្តី និងសៀវភៅ ជាដើម។

នេះ​ជាមោទនភាពមួយរបស់ជាតិខ្មែរយើងទាំងមូល ដែល​អង្គរវត្ត​របស់​កម្ពុជា​ទទួល​បាន​ការ​គាំទ្រ​ពី​បណ្តា​ប្រជាជនជុំវិញពិភពលោក។ ក្នុងនាមស្ថាប័នគ្រប់គ្រងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា សូមចូលរួមអបអរសាទរ និងសូមអំពាវនាវដល់សាធារណជនទាំងអស់បន្តចូលរួមថែរក្សា ការពារ​នូវ​បេតិកភណ្ឌ​របស់ដូនតាយើងឲ្យបានខ្លាំងក្លាដើម្បីភាពគង់វង្សយូរអង្វែងតទៅ៕

អត្ថបទ៖ វឌ្ឍនៈ