អ្នក​ប្រើ Android គួរ​ស្គាល់​ច្បាស់​ អ្វី​ទៅ​ជា​​ឯកសារ​ APK និង​វិធី​ដំឡើង​ងាយៗ

  • 2017-05-30 02:10:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​អ្នក​កំពុង​ប្រើប្រាស់​ស្មាតហ្វូន​ Android ប្រាកដ​ជា​ធ្លាប់​បាន​ឮ​ពាក្យ​ថា​ APK ប៉ុន្តែ​អ្នក​អាច​មិន​យល់​ច្បាស់​អំពី​វា​នោះ​ឡើយ​។​ Sabay បង្ហាញ​អ្នក​ទាំង​អស់​គ្នា តើ​អ្វី​ទៅ​ជា​ឯកសារ​ APK ចុះ​របៀប​ទាញ​យក​និង​ដំឡើង​វា ត្រូវ​ធ្វើ​បែប​ណា​ខ្លះ?

+អ្វី​ទៅ​ជា​ឯកសារ​ APK?

មិន​ខុស​ពី​ប្រព័ន្ធ​ Windows របស់​កុំព្យូទ័រ​នោះ​ទេ ដែល​នៅ​ពេល​អ្នក​ដំឡើង​កម្មវិធី​ហ្គេម​​ វា​ជា​ប្រភេទ​ឯកសារ​ .exe ដោយ​ឡែក​ Android ក៏​ដូច​គ្នា ប៉ុន្តែ​វា​ប្រើប្រាស់​នៅ​ឯកសារ​ .apk ដែល​ពាក្យ​ពេញ​របស់​វា​គឺ​ Android Package Kit។​

ជា​ទូទៅ​បើ​ស្មាតហ្វូន​ Android របស់​អ្នក​មាន​កម្មវិធី​ Google Play Store នោះ​រាល់​បណ្ដា​ឯកសារ​ APK ទាំង​អស់​នឹង​មាន​ដាក់​ឱ្យ​ទាញ​យក​បាន​នៅ​ក្នុង​នោះ ប៉ុន្តែ​ក៏​មាន​ប្រភេទ​ឯកសារ​មួយ​ចំនួន​ដែល​លួច​ចម្លង​ពី​ម្ចាស់​ដើម​ដោយ​គ្មាន​សេចក្ដី​អនុញ្ញាត ដោយ​រមែង​បង្ហោះ​ចែកចាយ​នៅ​លើ​គេហទំព័រ​ ដែល​នេះ​ហើយ​គ្រប់​គ្នា​​ត្រូវ​ប្រយ័ត្ន​ ព្រោះ​វា​ជា​ឯកសារ​មិន​ស្រប​ច្បាប់​និង​គ្មាន​ប្រព័ន្ធ​សុវត្ថិភាព​ច្បាស់​ជាក់លាក់​នោះ​ទេ​។

+វិធី​ទាញ​យក​ឯកសារ​ APK តាម​រយៈ​កុំព្យូទ័រ​ទៅ​ដាក់​លើ​ស្មាតហ្វូន​

មិន​ខុស​ពី​ការ​លើក​ឡើង​ខាង​លើ ឯកសារ​ APK រាប់​សិប​លាន​ ត្រូវ​បាន​បង្ហោះ​ចែកចាយ​ជុំ​វិញ​ប្រព័ន្ធ​អ៊ីនធឺណិត ដោយ​ឯកសារ​ខ្លះ​ក៏​បាន​បង្កប់​នូវ​មេរោគ​ដែល​អាច​ជ្រៀត​ចូល​ទៅ​បំផ្លាញ​ទិន្នន័យ​លើ​ស្មាតហ្វូន​របស់​អ្នក បាន​ដោយ​មិន​ដឹង​ខ្លួន​។​ ម្ល៉ោះ​ហើយ​យើង​សូម​ណែនាំ​គេហទំព័រ​ដែល​មាន​សុវត្ថិភាព​ អាច​អនុញ្ញាត​ឱ្យ​អ្នក​ទាញ​យក​ឯកសារ​ APK ដោយ​មាន​ទំនុក​ចិត្ត​ខ្ពស់​គឺ APK Mirror (http://www.apkmirror.com/)

  • ​ចូល​ទៅ​កាន់​គេហទំព័រ​ខាង​លើ​ ហើយ​ចុច​ស្វែងរក​នូវ​ឯកសារ​ APK ណា​មួយ​ដែល​ចង់​បាន
  • លើ​​ស្មាតហ្វូន​ចុច​ចូល​ Settings > Security > ធិក​លើ​ពាក្យ​ Unkown Sources ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​អាច​ដំឡើង​កម្មវិធី​ដែល​ទាញ​យក​ប្រភព​ផ្សេង​ខុស​ពី​ Google Play Store
  • ក្រោយ​​មក​សូម​ធ្វើ​ការ​ទាញ​យក​កម្មវិធី​ ES File Explorer ពី​ Play Store សិន​ក៏​បាន​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​រក​ឯកសារ​ APK ក្នុង​ម៉ាស៊ីន​ទូរសព្ទ (ករណី​មាន​កម្មវិធី My File លើ​ស្មាតហ្វូន​ស្រាប់ មិន​បាច់​ដំឡើង​ក៏​បាន​)​​
  • ធ្វើ​ការ​ Copy ផ្ទេរ​រាល់​ឯកសារ APK ដែល​ទាញ​យក​បាន​នៅ​លើ​កុំព្យូទ័រ​​ មក​ដាក់​ស្មាតហ្វូន​តាម​រយៈ​ Drive របស់​ស្មាតហ្វូន​ Android អ្នក​ ដែល​លេចចេញ​ក្នុង​ My Computer
  • Copy ដាក់​ទីតាំង​ណា​មួយ​ក៏​បាន ក្រោយ​មក​បើក​កម្មវិធី​ ES File Explorer នៅ​លើ​ស្មាតហ្វូន​ ហើយ​រាល់​ឯកសារ​ APK ដែល​យើង​បាន​ផ្ទេរ​ចូល រួច​ចុច​ Install ធម្មតា ជា​ការ​ស្រេច​។​​​​​

+វិធី​ទាញ​យក​ឯកសារ​ APK តាម​រយៈ​ស្មាតហ្វូន​ផ្ទាល់​:

  • ចុច​បើក​កម្មវិធី​អ៊ីនធឺណិត​ឫ​ Browser ណា​មួយ
  • ចុច​ចូល​គេហទំព័រ​ APK Mirror ឫ​គេហទំព័រ​ផ្សេង​ក៏​បាន​ (ឱ្យ​តែ​មាន​ប្រភព​ជាក់​លាក់)
  • ស្វែង​រក​កម្មវិធី​ដែល​ចង់​បាន > Download
  • ចូល​មើល​កម្មវិធី My File > ត្រង់​ Folder (Downloads) > បើក​រក​មើល​កម្មវិធី​ដែល​អ្នក​បាន​ទាញ​យក​>ធ្វើ​ការ​ Install ជា​ធម្មតា​។​

តាម​ពិត​ទៅ​ការ​រ៉ាយរ៉ាប់​ខាង​លើ​នេះ Sabay ជឿ​ថា​វា​សាមញ្ញ​និង​ងាយ​ស្រួល​បំផុត ប៉ុន្តែ​វា​អាច​ផ្តល់​អត្ថប្រយោជន៍​ម្យ៉ាង​សម្រាប់​អ្នក​ទាំង​អស់​គ្នា ត្រង់​ថា​ករណី​បើ​អ្នក​ចង់​បាន​កម្មវិធី​ឫ​ហ្គេម​ណា​មួយ​ដែល​ដាក់​លក់​នៅ​លើ​ Play Store នោះ​អ្នក​ក៏​មាន​វិធី​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ​ តាម​រយៈ​ការ​ស្វែង​រក​និង​អនុវត្ត​ដំឡើង​ ជាមួយ​ការ​អនុវត្ត​ខាង​លើ​ជា​ការ​ស្រេច​។​

(*បញ្ជាក់​: ប្រភេទ​ហ្គេម​ទំហំ​ធំៗ ដូច​ជា​ GTA មាន​របៀប​ទាញ​យក​និង​​ដំឡើង​ផ្សេង​ទៀត​)​។

បន្ត​ចុច​អាន៖

ប្រភព៖ Androidpit   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម