ជីកដីក្រោមផ្ទះប្រទះឃើញផ្នូរ ៥ សុទ្ធតែឆ្អឹងមនុស្សជិត ២០០
- 2017-05-30 08:27:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីកដីក្រោមផ្ទះប្រទះឃើញផ្នូរ ៥ សុទ្ធតែឆ្អឹងមនុស្សជិត ២០០
ចន្លោះមិនឃើញ
បុរសជនជាតិវៀតណាមអាយុ ៤៦ឆ្នាំម្នាក់ បានប្រទះឃើញផ្នូរចំនួន ៥ មានឆ្អឹងមនុស្សប្រមាណជិត ២០០ នៅក្រោមផ្ទះរបស់ខ្លួន ពេលកំពុងជីកកកាយ។
ឆ្អឹងទាំងនោះមានសភាពរប៉ាត់រប៉ាយ និងពុកផុយ នៅក្រោមផ្ទះលោក Duong Van Phong ក្នុងភូមិ Tho Ngoa ឃុំ Quang Thua ស្រុក Ba Don ខេត្តក្វាងបិញ។ បុរសជាម្ចាស់ផ្ទះបញ្ជាក់ថា ខ្លួនបានកកាយរកឃើញដំបូងកាលពីមួយសប្ដាហ៍មុន ហើយពេលនេះកំពុងជីកកកាយរកមើលបន្ត។
ប្រភពដដែលបន្ថែមថា ឆ្អឹងទាំងនោះស្ថិតនៅក្នុងដីក្រោមផ្ទះជម្រៅប្រមាណ ២ម៉ែត្រ ហើយឆ្អឹងខ្លះត្រូវកប់ក្នុងក្រឡថ្មគួរឲ្យភ្ញាក់ផ្អើល។ បន្ទាប់ពីដំណឹងនេះត្រូវគេលេចឮ អាជ្ញាធរមូលដ្ឋានបានចុះទៅជួយប្រមូលឆ្អឹង ដើម្បីវិភាគរកមើលថាជាឆ្អឹងមនុស្សសម័យណា។
យោងតាមប្រភពអ្នកភូមិវ័យចំណាស់ៗប្រាប់ថា ផ្ទះរបស់លោក Phong បានសង់លើផ្នូរបុរាណដែលគេប្រើរាប់រយឆ្នាំមកហើយ។ ឯអ្នកខ្លះទៀតអះអាងថា ឆ្អឹងទាំងនោះប្រហែលជាឆ្អឹងទាហានវៀតណាមដែលបានប្រយុទ្ធជាមួយអាណានិគមបារាំងកាលពីចុងសតវត្សទី ១៩។
ទោះជាយ៉ាងណា មជ្ឈមណ្ឌលពិសោធន៍ឆ្អឹងនៅវិទ្យាស្ថានវិទ្យាសាស្ត្រឧក្រិដ្ឋកម្មរបស់ក្រសួងសន្តិសុខសាធារណៈប្រទេសវៀតណាមបានតេស្តសំណាកឆ្អឹង រួចដឹងថាឆ្អឹងទាំងនេះអាយុជាង ១៥០ឆ្នាំ តែមិនទាន់បញ្ជាក់ថាជាឆ្អឹងអ្នកណាឡើយ៕