អស្ចារ្យមែន! ខេត្តមួយ​នៅកាណាដា ចង់ឲ្យ​ពលរដ្ឋ​ជៀសផុត​ពីភាពក្រីក្រ ដោយ​ប្រើវិធីនេះ

  • 2017-05-31 07:29:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ Unicef៖ ក្មេង​ម្នាក់​ក្នុង​ចំណោម ៥ នាក់ រស់​នៅ​ក្នុង​ប្រទេស​កាណាដា ស្ថិត​ក្នុង​ភាព​ក្រីក្រ

ខេត្ត​មួយ​នៅ​ក្នុង​ប្រទេស​កាណាដា កំពុង​សាកល្បង​គម្រោង​ដ៏​អស្ចារ្យ​មួយ ក្នុង​គោលបំណង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប ទទួល​បាន​ប្រាក់​ចំណូល​ជា​មូលដ្ឋាន គឺ ១ ៣២០ ដុល្លារ​ក្នុង​មួយ​ខែ។

រដ្ឋាភិបាល​ខេត្ត Ontario បាន​បញ្ជាក់​ថា ពួកគេ​កំពុង​ពិគ្រោះ​យោបល់​ជា​សាធារណៈ ទៅ​លើ​គម្រោង​ទឹក​ប្រាក់​សរុប ចំនួន ២៥ លាន​ដុល្លារ ក្នុង​រយៈ​ពេល ២ ខែ​ខាង​មុខ ដែល​ជា​ការ​បង់​ប្រាក់​ជំនួយ​សង្គម សម្រាប់​ប្រជាជន​អាយុ​ចន្លោះ​ពី ១៨ ទៅ ៦៥ ឆ្នាំ។ ជា​មួយ​គ្នា​នេះ​ដែរ ជន​ពិការ​នឹង​ទទួល​បាន​ប្រាក់ ៥០០ ដុល្លារ​បន្ថែម ស្រប​ពេល​ដែល​បុគ្គល​មាន​ប្រាក់​ចំណូល​តិច​ជាង ២២ ០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ (បន្ទាប់​ពី​បង់​ពន្ធ​រួច) នឹង​ទទួល​បាន​ប្រាក់​បន្ថែម​ផង​ដែរ ដើម្បី​ឲ្យ​ឡើង​ដល់​កម្រិត។

គម្រោង​សាកល្បង​នេះ​ត្រូវ​បាន​ដាក់​ស្នើ​ដោយ អតីត​សមាជិក​ព្រឹទ្ធសភា​កាណាដា លោក Hugh Segal ដោយ​ស្នើ​ឲ្យ​ធ្វើ​ការ​សាកល្បង ទៅ​លើ​ស្រុក​ចំនួន ៣ ខុសគ្នា នៅ​ក្នុង​ភាគ​ខាងជើង ត្បូង និង សហគមន៍​ជនជាតិ​ដើម​ភាគតិច នៃ​ខេត្ត Ontario។ មិនតែប៉ុណ្ណោះ លោក Segal បាន​ផ្ដល់​អនុសាសន៍​ថា តំបន់​ដែល​មាន​កម្រិត​ភាព​ក្រីក្រ​ខ្ពស់ និង អាហារ​គ្មាន​សុវត្ថិភាព គួរតែ​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការ​សាកល្បង​គម្រោង​មួយ​នេះ។

គួរ​រំលឹក​ឲ្យ​ដឹង​ផង​ដែរ​ថា គម្រោង​ស្រដៀង​គ្នា​នេះ ធ្លាប់​ត្រូវ​បាន​គេ​ធ្វើ​ការ​សាកល្បង នៅ​ក្នុង​ទីក្រុង Dauphin ខេត្ត Manitoba ប្រទេស​កាណាដា នៅ​ចន្លោះ​ឆ្នាំ ១៩៧៤ និង ១៩៧៩ ដោយ​គ្រួសារ​ដែល​ស្ថិត​នៅ​ក្រោម​ខ្សែ​បន្ទាត់​ភាព​ក្រីក្រ ទទួល​បាន​ប្រាក់​រហូត​ដល់​ទៅ​ជាង ៣ ០០០ ដុល្លារ ក្នុង​មួយ​ខែ។ នៅ​ពេល​នោះ ប្រជាពលរដ្ឋ​ជាង ១ ០០០ នាក់ បាន​ទទួល​ផល​ប្រយោជន៍​ពី​គម្រោង​នោះ៕

ប្រភព៖ Independent   ប្រែ​សម្រួល៖ សេង ឡុង