៥ ចំណុច​គួរ​ឱ្យ​សោកស្ដាយ ដែល​ទូរសព្ទ​បច្ចុប្បន្ន​មិន​មាន​​ដូច​អតីតកាល

  • 2017-06-01 04:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​បាន​ប្រឡូក​ប្រើប្រាស់​នូវ​ទូរស័ព្ទ​ដៃ​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ហើយ​? កាល​ពី​ជាង ១០ ឆ្នាំ​មុន​យើង​ធ្លាប់​ទទួល​បាន​ទស្សនីយភាព​ប្លែកៗ​មួយ​ចំនួន​ នៅ​លើ​ពពួក​ទូរស័ព្ទ​ ហើយ​ក្រោយ​មក​ក៏​មាន​ការ​វិវត្ត​បន្តិច​ម្តង​ៗ​ ទាំង​ដែល​ការ​បន្ថែម​​លក្ខណៈ​សម្បត្តិ​ខ្លះ​ល្អ​ ហើយ​ការ​ដក​ចោល​ខ្លះ​ទៀត វា​ជា​រឿង​អាក្រក់ ដែល​គួរ​ឱ្យ​សោកស្ដាយ​ជា​ទី​បំផុត។

១.ការ​បិទ​សម្បក​មិន​ឱ្យ​ដោះ​ថ្ម​បាន

ទូរស័ព្ទ​ដែល​ដាក់​ឱ្យ​ប្រើប្រាស់​ដំបូងៗ​ក្នុង​លោក​ សុទ្ធ​សឹង​តែ​អាច​ដោះ​ថ្ម​ចេញ​ដោយ​ផ្ទាល់​ដៃ​ទាំង​អស់ ព្រោះ​វា​មាន​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ប្រើប្រាស់​ ករណី​បើ​ចង់​ផ្លាស់ប្ដូរ​ថ្ម ដោយ​មិន​ចង់​សាក​ គឺ​វា​លឿន​បំផុត​។ ក្រោយ​មក​អំឡុង​ពេល Apple ប្រកាស​បង្ហាញ iPhone ដែល​ពុំ​អាច​ដោះ​ថ្ម​បាន មាន​ក្រុមហ៊ុន​ជា​ច្រើន ក៏​ចាប់​ផ្ដើម​អនុវត្ត​វិធីសាស្ត្រ​នោះ​ត​រៀង​មក​។​ ទាំង​ម៉ូដែល​ Android មួយ​ចំនួន​សព្វ​ថ្ងៃ សុទ្ធ​តែ​ដោះ​ថ្ម​មិន​បាន​ទាំង​អស់​ ករណី​បើ​ចង់​ដោះ​ទល់​តែ​មូល​ខ្ចៅ​ចេញ​ពី​តួ​ម៉ាស៊ីន​​តែ​ម្ដង។

២.ក្ដារ​ចុច​ប្រភេទ​ QWERTY

យើង​ទទួល​ស្គាល់​ថា​ក្រុមហ៊ុន​ BlackBerry នៅ​បន្ត​បំពាក់​ក្តារចុច​ QWERTY លើ​ស្មាតហ្វូន​ខ្លួន ប៉ុន្តែ​វា​ពិបាក​ត្រង់​ថា​ បើ​រក​ស្មាតហ្វូន​ដែល​មាន​កម្លាំង​ម៉ាស៊ីន​ធន់​ធ្ងន់​ ហើយ​បំពាក់​នូវ​ក្តារ​ចុច​មក​ជាមួយ​គឺ​ពុំ​មាន​ឡើយ។​ មូលហេតុ​នេះ​ហើយ ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​ក៏​មាន​ការ​មិន​ពេញ​ចិត្ត​ដែរ ព្រោះ​អ្នក​ខ្លះ​មិន​ទម្លាប់​ក្នុង​ការ​វាយ​លើ​អេក្រង់ Touch Screen ហើយ​ត្រូវ​បង្ខំ​ដើរ​តាម​បច្ចេកវិទ្យា​ទាំង​ដែល​ខ្លួន​មិន​ចង់។

​​​​​​​​៣.មិន​មាន​ប្រព័ន្ធ​វិទ្យុ FM

រលក​បញ្ជូន​សញ្ញា​នៃ​វិទ្យុ​ FM មិន​បាន​បំពាក់​ទៀត​ឡើយ​នៅ​លើ​ស្មាតហ្វូន​បច្ចុប្បន្ន​ ហើយ​បើ​កាល​ណា​ចង់​ស្ដាប់​គឺ​តម្រូវ​ទល់​តែ​ទាមទារ​ប្រព័ន្ធ​អ៊ីនធឺណិត​។ ការ​គិត​របស់​មនុស្ស​អាច​ថា​ខុស​គ្នា ព្រោះ​មនុស្ស​មួយ​ចំនួន​តូច គាត់​ចង់​រក្សា​ការ​ប្រើប្រាស់​នៅ​លើ​ស៊េរី​ Nokia ចាស់​ដូច​ជា X7 ជំនាន់​មុន​ដដែល ព្រោះ​វាយ​ស្រួល​ក្នុង​ការ​ស្ដាប់​វិទ្យុ​​។

៤.លេង​ហ្គេម​ដែល​មិន​ចំណាយ​លុយ​

ទន្ទឹម​នឹង​វិស័យ​កម្សាន្ត​ហ្គេម​បច្ចេកវិទ្យា​ឆ្ពោះ​ទៅ​មុខ ក្រុមហ៊ុន​មួយ​ចំនួន​ក៏​បង្កើត​គំនិត​ថ្មី តម្រូវ​ឱ្យ​អ្នក​លេង​បង់​លុយ​ទិញ​របស់របរ​ពី​ហ្គេម​ខ្លួន ដើម្បី​ការ​លេង​មាន​លក្ខណៈ​លេចធ្លោ​។ ងាក​ទៅ​មើល​កាល​ពី​ជាង ១០ ឆ្នាំ​មុន​ គឺ​វា​គ្មាន​នោះ​ទេ ប៉ុន្តែ​យើង​ទទួល​ស្គាល់​ថា​ហ្គេម​សម័យ​មុន វា​មិន​សប្បាយ​ដូច​បច្ចុប្បន្ន​ គ្រាន់​​ការ​វិវត្ត​បែប​នេះ ជា​ផល​មិន​ល្អ​មួយ ដែល​បញ្ចុះបញ្ចូល​ឱ្យ​អ្នក​លេង​ត្រូវ​ខាតបង់​ថវិកា​ផ្ទាល់​ខ្លួន​។

៥.គ្មាន​អង់តែន​មើល​ទូរទស្សន៍

ជឿ​ថា​ប្រិយមិត្ត​កំពុង​អាន​ អាច​មាន​ច្រើន​ធ្លាប់​ប្រើ​នៅ​ទូរសព្ទ​ដែល​មាន​ទាញ​អង់តែន​អាច​មើល​ទូរទស្សន៍​បាន នោះ​ហើយ​ជា​ចំណុច​ក្ដៅ​គគុក​ ដែល​បច្ចុប្បន្ន​ស្មាតហ្វូន​ទាំង​អស់​បាន​ដក​ចោល​។ មិន​ខុស​ពី​ចំណុច​ទី ៣ ការ​មើល​ទូរទស្សន៍​ក្ដី ការ​ស្ដាប់​វិទ្យុ​ក្ដី សុទ្ធ​សឹង​តែ​តម្រូវ​នៅ​ប្រព័ន្ធ​អ៊ីនធឺណិត​ ហើយ​វា​ក៏​បន្ថែម​លើ​ការ​ចំណាយ​មួយ​ដំណាក់កាល​ទៀត​ផង​ដែរ។

សរុប​មក​ចំណុច​ទាំង ៥ ខាង​លើ​ យើង​ចង់​ប្រៀបធៀប​ទៅ​នឹង​ស្មាតហ្វូន​បច្ចុប្បន្ន សូម​មិន​និយាយ​ប្រភេទ​ទូរស័ព្ទ​ធម្មតា​ដែល​មាន​តម្លៃ​ខ្ទង់ ២០ ទៅ ៣០ ដុល្លារ ព្រោះ​ទូរស័ព្ទ​ទាំង​នោះ​មួយ​ចំនួន​តូច​ ក៏​នៅ​បន្ត​រក្សា​មុខងារ​កាល​ពី​អតីត​ដែរ​ ប៉ុន្តែ​វា​មិន​មែន​​ជា​ទីផ្សារ​ទូទៅ​ ខុស​ពី​ស្មាតហ្វូន​ដែល​មនុស្ស​សព្វ​ថ្ងៃ​កាន់​សឹង​តែ​គ្រប់​គ្នា​។

ប្រភព៖ PhoneArena   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី