មើលពីខាងក្រៅធម្មតា ប៉ុន្តែខាងក្នុងមុខរបរប្រពៃណីមួយ កំពុងមានរឿងក្ដៅគគុកនឹកស្មានមិនដល់
- 2017-06-01 07:10:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលពីខាងក្រៅធម្មតា ប៉ុន្តែខាងក្នុងមុខរបរប្រពៃណីមួយ កំពុងមានរឿងក្ដៅគគុកនឹកស្មានមិនដល់
ចន្លោះមិនឃើញ
ដំណឹងហុយៗ ត្រូវបានអ្នកនាង ខាត់ សុឃីម ទម្លាយចេញថ្មីៗនេះក្នុងចង្កោមសិល្បៈបុរាណយើងមួយប្រភេទខាងផ្នែកពិធីការ ដែលថាមានរឿងកាច់កុងគ្នា ប៉ែងជើងគ្នាបែកផ្សែងដែលអ្នកនាងផ្ទាល់ហួសចិត្ត មិននឹកស្មានថាជំងឺផលប្រយោជន៍បានរាលដល់មុខរបរប្រពៃណីនេះទៀតដូច្នេះ។
រឿងជម្លោះផលប្រយោជន៍ក្នុងចង្កោមមុខរបរសិល្បៈបុរាណនោះ គឺផ្ដើមចេញពីអាចារ្យការ(អាចារ្យដែលក្រុមភ្លេង ផ្នួង មេក្រូ ជាដើម) មួយមានគ្នាប្រមាណ ១០នាក់ ដែលអ្នកនាងសុំមិនបញ្ចេញអត្តសញ្ញាណ ជន់ជោរដោយភាពលោភលន់បានព្យាយាមកាង និងកាច់បំបាក់ក្រុមផ្សេងៗ ពិសេសក្រុមក្មេងៗ ក្នុងមហិច្ឆតាដណ្ដើមកាន់កាប់ទីផ្សារការងារផ្នែកមង្គលការ និងពិធីផ្សេងៗផ្ដាច់មុខ។
រូបភាពដែលក្រុមអាចារ្យខាងលើបាន និងកំពុងធ្វើ គឺប្រើនាទីជាអាចារ្យ ដាក់គំនាបដល់ក្រុមភ្លេងណា ដែលជាគូប្រជែងរបស់ខ្លួនឲ្យលេងមិនកើត ធ្វើយ៉ាងណាឲ្យមហាជន និងម្ចាស់ពិធីមើលថា ក្រុមភ្លេងនោះ អសមត្ថភាព ខុសពីក្រុម ឬដៃជើងរបស់ខ្លួន។
អ្នកនាង ខាត់ សុឃីម ថ្លែងថា “ខ្ញុំគ្រាន់តែព្យាយាមរកយុត្តិធម៌ឲ្យក្មេងៗខ្លះបង ព្រោះបងឯងដឹងទេ ពេលខ្លះអាចារ្យហ្នឹង គាត់ហៅក្មេងៗឲ្យលេងបទពីណាពីណី ក្មេងៗគ្នាទើបលេងថ្មីៗ ម៉េចនឹងចេះ ហើយគាត់ហៅតាមមេក្រូណាបង បងឯងគិតមើល...មិនមែនគាត់មកសួរថា អូន...បទនេះ អូនឯងលេងបានអត់ បទនោះលេងបានអត់ អត់អីចឹងទេ...ដល់គ្នាអត់ចេះ តាំងទៅប្រាប់ម្ចាស់ដើមការថា ឃើញទេ អត់យកក្រុមគាត់ អត់ចេះលេងអីចឹង...និយាយទៅ គឺកាច់បំបាក់គ្នាតែម្ដងណាបង!”។
ក្រៅពីនេះ អាចារ្យ ក៏ដូចជាក្រុមភ្លេងមួយនោះ ព្យាយាមរារាំងម្ចាស់ពិធី មិនអោយយកក្រុមណា ក្រៅពីក្រុមខ្លួនឡើយ ដោយប្រើពាក្យចាក់ដោតថា ក្រុមនេះ ក្រុមនោះ លេងមិនកើតទេ ហើយពួកគេតែងចង្អុលបង្ហាញម្ចាស់ពិធីទៅក្រុមដែលជាដៃជើងរបស់ខ្លួនវិញ។ បញ្ហានេះ អ្នកនាង ខាត់ សុឃីម បន្តទៀតថា វាធ្វើឲ្យប៉ះពាល់ខ្លាំងដល់ប្រពៃណី និងអាជីពនេះ ពិសេសក្រុមក្មេងៗទើបចេញលេង។
“ពេលខ្លះទៀត គាត់ឲ្យយើង(អ្នកភ្លេង)ទៅរាំហែមុខគេហែជំនូន ដែលធ្វើឲ្យពួកយើងពិបាក ហើយជួនកាលទៀត យកភ្លេងអារក្ខមកលេងក្នុងមង្គលការ ហើយអាណាដែលយកភ្លេងអារក្ខមកក្នុងមង្គលការ ភ្លេងអារក្ខគេសម្រាប់គេលេងខាបហៅព្រលឹងអីនោះទេ និយាយទៅ គាត់ធ្វើឲ្យច្របល់ពេញហ្នឹង គាត់អោយយើងលេង សម្លាប់យើងតែម្ដង!”។
អ្នកសិល្បៈពហុជំនាញរូបនេះ បញ្ជាក់ថា អ្នកនាងដឹងថា ក្នុងមុខរបររកទទួលទានគ្រប់ប្រភេទចៀសមិនផុតពីរឿងនេះ ប៉ុន្តែថា រឿងដែលបាន និងកំពុងកើតក្នុងមុខរបរប្រពៃណីនេះ គឺហួសហេតុពេក។ ដូច្នេះហើយ អ្នកនាងថា នឹងចេញវីដេអូនិយាយបន្ថែមទៀតពីរឿងនេះក្នុងពេលឆាប់ៗ ដើម្បីបងប្អូនច្បាស់ និងដឹងថាតើ ជម្លោះផលប្រយោជន៍មុខរបរសិល្បៈប្រពៃណីមានសភាពក្ដៅគគុកប៉ុណ្ណា៕
*អត្ថបទផ្សេងទៀតពី ខាត់ សុឃីម
*ភាពយន្តខ្មែរយើងមានទៅអន់ឯណា!
*មានបែបនេះ ជីជី ពិតជានៅសុខមិនបាន!